ភ្នំពេញៈ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​នៃ​កម្ពុជា និង​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន​វៀតណាម​បាន​ឯកភាព​គ្នា​ពង្រឹង​ចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​សកម្ម និង​រឹងមាំ​បន្ថែមទៀត​លើ​ការងារ​គ្រប់គ្រង ការពារ​ព្រំដែន ដោយ​ផ្អែក​លើ​យន្តការ​ក្របខ័ណ្ឌ​ច្បាប់​ជាតិ-អន្តរជាតិ និង​ការងារ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធាន​មនុស្ស​សម្រាប់​ទិសដៅ​ឆ្នាំ​ ២០១៩-២០២០ ​ខាង​មុខ​នេះ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​បាន​ឲ្យ​ដឹងថា​នៅក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​រដ្ឋធានី​ហាណូយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នា​ព្រឹក​ថ្ងៃទី​ ២៩ ខែ តុលា ឆ្នាំ​ ២០១៩ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃ​កងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើងគោក​បាន​ឯកភាព​ជាមួយ បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន-វៀតណាម ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​សកម្ម និង​រឹងមាំ​បន្ថែម​ទៀត​លើ​ការងារ​គ្រប់គ្រង និង​ការពារ​ព្រំដែន​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​សម្រាប់​ទិសដៅ​ឆ្នាំ​ ២០១៩-២០២០ ខាងមុខ ភាគី​ទាំង​ ២ បាន​ឯកភាព​គ្នា​ពង្រឹង​ចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​សកម្ម និង​រឹងមាំ​បន្ថែម​ទៀត​លើ​ការងារ​គ្រប់គ្រង និង​ការពារ​ព្រំដែន​ដោយ​ផ្អែកលើ​យន្តការ និង​ក្របខ័ណ្ឌ​ច្បាប់​ជាតិ និង​អន្តរជាតិ និង​ការងារ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធាន​មនុស្ស​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា ភាគី​ទាំង​ ២ បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​វិជ្ជមាន​នៃ​កិច្ចសហប្រតិបត្តិការ​កន្លងមក​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ ២ ដែល​បាន​ចូលរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការថែរក្សា​សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​នៅតាម​បណ្តោយ​ព្រំដែន​។ កិច្ចសហការ​នេះ​ជា​អំណោយផល​ដល់​ការជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ទៅវិញ​ទៅមក និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២ ធានាបាន​នូវ​ភាពសុខសាន្ត និង​ឱកាស​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ទាំងអស់​គ្នា​។

លោក​ ហ៊ុន ម៉ាណែត ក្នុងពេល​ចូលរួម​កិច្ចប្រជុំ​នៅ​វៀតណាម​កាលពី​ថ្ងៃទី​ ២៩ តុលា​។ រូបថត ហ្វេសប៊ុក Hun Manet

តាម​ការប្រកាស​ដដែល​លទ្ធផល​ទាំងនេះ​គឺជា​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ និង​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន​វៀតណាម ដោយ​ឈរលើ​ស្មារតី​មិត្តភាព ការ​យោគយល់​គ្នា និង​ការទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ដោយ​មាន​ការគាំទ្រ​របស់​ក្រសួង​ការពារ​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​ការពារជាតិ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ក៏ដូចជា​ការចូលរួម​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ថ្លែង​ថា​ការចុះហត្ថលេខា​ឯកភាព​រវាង​ភាគី​ទាំង​ ២ ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​វិស័យ​ការពារជាតិ​រវាង​ប្រទេស​ទាំង​ ២ ​ឲ្យ​កាន់តែ​ខ្លាំង​។

លោក​បញ្ជាក់ថា​៖ «​ទំនាក់ទំនង​រវាង​កម្ពុជា និង​វៀតណាម​គឺជា​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​បងប្អូន និង​ជា​អ្នក​ជិតខាង​ល្អ​ដោយ​ប្រទេស​យើង​ទាំង​ ២ ​បាន​ឆ្លងកាត់​របត់​នយោបាយ​សំខាន់ៗ​ជាច្រើន​ទាំង​ផ្អែមល្ហែម និង​ល្វីង​ជូរចត់​ក្នុង​ប្រវត្តិសាស្ត្រ​កន្លងទៅ​។ កម្ពុជា និង​វៀតណាម​បាន​ដើរ​ស្រប​គ្នា និង​រួមគ្នា​វាយ​សត្រូវ​ទាំង​បារាំង និង​អាមេរិក​។ យើង​បាន​ស្ថិត​ក្នុង​ស្ថានភាព​ដ៏លំបាកលំបិន​ក្នុង​សង្គ្រាមត្រជាក់ ហើយ​ពង្រឹង​ទំនាក់ទំនង​រវាង​កងទ័ព​រវាង​ប្រទេស​ទាំង​ ២ ​កាន់តែ​ល្អ​ហើយ​ជិតស្និទ្ធ​ថែមទៀត​»​។

អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ អ៊ូ ច័ន្ទរ័ត្ន ចាត់ទុក​ការឯកភាព​រវាង​ភាគី​កម្ពុជា និង​វៀតណាម​ នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២​។ វៀតណាម​តែងតែ​ផ្តល់ជំនួយ​ដល់​កម្ពុជា​ទាំង​ការហ្វឹកហ្វឺន បណ្តុះបណ្តាល​ធនធាន​មនុស្ស និង​សម្ភារ​លើ​វិស័យ​យោធា​ដែល​ធ្វើឲ្យ​ប្រទេស​ទាំង​ ២ ​កាន់តែ​ជិតស្និទ្ធ​នឹង​គ្នា​។

លោក​បន្ថែមថា​៖ «​វា​ជា​រឿង​ធម្មតា​ទេ​ដែល​ប្រទេស​ទាំង​ ២ ​ឯកភាព​គ្នា​ក្នុង​ការពង្រឹង​ការងារ​គ្រប់គ្រង និង​ការពារ​ព្រំដែន​ដោយ​ផ្អែកលើ​យន្តការ និង​ក្របខ័ណ្ឌ​ច្បាប់​ជាតិ និង​អន្តរជាតិ និង​ការងារ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ដោយសារ​តែ​ប្រទេស​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ ពិសេស​ពេល​ដែល​កម្ពុជា​កំពុង​មាន​បញ្ហា​»៕