ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​កងទ័ព​ជើងទឹក​កម្ពុជា និង​មន្ត្រីជាន់ខ្ពស់ កងទ័ពជើងទឹក​ថៃ បាន​ជួបប្រជុំ​គ្នា​ជាថ្មីទៀត​ដោយ​បាន​ពិភាក្សា​ពី​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ការទប់ស្កាត់​បទល្មើស​ផ្សេងៗ​នៅ​លើ​ផ្ទៃសមុទ្រ​។

លោក​ ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និង​ជា​មេបញ្ជាការ​ទីបញ្ជាការ​ជួរមុខ អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​ (​គ.ជ.ស.ស​) ​ផង​នោះបាន​ដឹកនាំ​គណៈប្រតិភូ​កងទ័ព​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​ស្តីពី​ការផ្លាស់ប្តូរ​ព័ត៌មាន​លើ​ផ្ទៃសមុទ្រ​លើក​ទី​ ១១ ​ជាមួយ​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​ ១ ​នៃ​កងទ័ពជើងទឹក​ភូមិន្ទ​ថៃ​នា​ថ្ងៃទី​ ១៨ ខែ​ ធ្នូ ឆ្នាំ​ ២០១៩​។

កិច្ចប្រជុំ​លើក​ទី​ ១១ ដែល​ធ្វើឡើង​នៅ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​ ១ នៃ​កងទ័ព​ជើងទឹក​ភូមិន្ទ​ថៃ​ក្នុង​ខេត្ត​ឈុនបុរី​នេះ​គឺ​បាន​ពិភាក្សា​ផ្តោត​លើ​ការផ្លាស់ប្តូរ​ព័ត៌មាន​លើ​ផ្ទៃសមុទ្រ​ការនាំ​ទំនិញ​ចេញ-ចូល​ខុស​ច្បាប់ ការជួញដូរ​គ្រឿងញៀន ការជួញដូរ​មនុស្ស និង​ការរុករក​ជួយសង្គ្រោះ​ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​។

លោក ទៀ សុខា បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា កិច្ចប្រជុំ​នេះ​គឺ​បាន​ផ្លាស់ប្តូរ​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ដែល​ភាគី​ទាំង​ ២ បាន​ឯកភាព​រួមគ្នា​កន្លងមក​ចំនួន ៤ ចំណុច​ក្នុងនោះ​រួមមាន ការផ្លាស់ប្តូរ​ព័ត៌មាន ការទប់ស្កាត់ និង​បង្ក្រាប​ការនាំ​ចូល នាំចេញ​ទំនិញ​ដែល​មិន​បាន​ឆ្លងកាត់​ការបំពេញ​បែបបទ ពន្ធគយ​ត្រឹមត្រូវ​។ ការទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន​ការទប់ស្កាត់ និង​បង្ក្រាប​ការជួញដូរ​មនុស្ស​ក្នុង​តំបន់​នៃ​ប្រទេស​នីមួយៗ និង​ការរុករក ជួយ​សង្គ្រោះ​ជនរងគ្រោះ​ក្នុង​តំបន់​នៃ​ប្រទេស​នីមួយៗ​។

លោក​បន្តថា ផ្អែក​តាម​ខ្លឹមសារ​ដែល​បាន​លើកឡើង​ប្រសិនបើ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​ ១ នៃ​កងទ័ព​ជើងទឹក​ភូមិន្ទ​ថៃ​ក្តាប់​បាន​នូវ​ព័ត៌មាន​អំពី​រាល់​បទល្មើស​ និង​ការជួញដូរ​ទំនិញ​នាំចេញ​នាំចូល​ខុសច្បាប់​នានា​ទីបញ្ជាការ​ជួរមុខ​កម្ពុជា​សំណូមពរ​ដល់​កងទ័ពជើងទឹក​ភូមិន្ទ​ថៃ​ផ្តល់​ព័ត៌មាន​មក​ឲ្យ​កម្ពុជា​ដើម្បី​ចាត់វិធានការ​បង្ក្រាប និង​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេលវេលា​។

លោក ទៀ សុខា បញ្ជាក់ថា​៖ «​អតីតកាល​ក៏​ដូចជា​បច្ចុប្បន្ន បញ្ហា​សន្តិសុខ​លម្ហ​សមុទ្រ​នៅតែ​ជា​កង្វល់​ដ៏ធំ​សម្រាប់​ពិភពលោក​ទាំងមូល និង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហេតុដូច្នេះ​កិច្ចសហការ​ជាមួយ​បណ្តា​ស្ថាប័ន ជាតិ​អន្តរជាតិ ជាពិសេស​ជាមួយ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី ១ នៃ​កងទ័ព​ជើងទឹក​ភូមិន្ទ​ថៃ នាពេល​នេះ​គឺ ពិតជា​មាន​សារៈសំខាន់​ណាស់ និង​ជា​តម្រូវ​ការចាំបាច់ មិន​អាច​ខ្វះ​បាន​សម្រាប់​កងយោធពល ខេមរភូមិន្ទ ក៏​ដូច គ.ជ.ស.ស​.»​។

លោក​បន្តថា​៖ «​កិច្ចសហការ​នេះ​គឺ​ដើម្បី​បង្កើន​សន្តិសុខ​ស្ថិរភាព​ និង​សុវត្ថិភាព​ក្នុង​ការធានា​ដល់​ការធ្វើ​ចរាចរ​នាវា​លើ​ផ្ទៃសមុទ្រ​រក្សា​ផលប្រយោជន៍​សេដ្ឋកិច្ច ធនធាន​ធម្មជាតិ បរិស្ថាន ជួយ​សង្គ្រោះ គ្រោះមហន្តរាយ ទប់ស្កាត់​ការឆ្លង​ដែន​ខុសច្បាប់ ការនេសាទ​ខុសច្បាប់​ការរត់​ពន្ធ​ខុសច្បាប់​ការជួញដូរ​គ្រឿងញៀន​ការជួញដូរ​អាវុធ​ការជួញដូរ​មនុស្ស ចោរ​សមុទ្រ ប្រឆាំង​អំពើ​ភេរវកម្ម និង​បទល្មើស​ផ្សេងៗ​ដែល​កើតមាន​ឡើង​លើ​ផ្ទៃសមុទ្រ​នៃ​ប្រទេស​ទាំង​ ២»​។ លោក ទៀ សុខា បញ្ជាក់​ទៀត​ថា​ក្រៅពី​នេះ​កងទ័ព​ជើងទឹក​ប្រទេស​ទាំង​ ២ ក៏​បាន​ព្រមព្រៀង​ក្នុង​ការតាមដាន​រុករក​ស្រាវជ្រាវ​ព័ត៌មាន​ផ្តល់​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ផងដែរ​។

លោក ទៀ សុខា ក៏​សង្ឃឹម​យ៉ាង​មុតមាំ​ថា សម្ព័ន្ធភាព​ទាំង​ ២ ​ភាគី​នឹង​កាន់តែ​ជិតស្និទ្ធ​នឹង​មាន​ការអភិវឌ្ឍ​សម្ព័ន្ធភាព​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែម​ទៀត ខណៈ​ដែល​កន្លងមក​មាន​ការសហការ​គ្នា​ល្អ​ក្នុង​ការថែរក្សា​សន្តិសុខ​លម្ហ​សមុទ្រ​។

លោក ឃាង ភារម្យ ​អ្នក​នាំពាក្យ​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ​បាន​ស្វាគមន៍ ការប្តេជ្ញាចិត្ត​របស់​កងទ័ព​ជើងទឹក​កម្ពុជា និង​កងទ័ព​ជើងទឹក​ថៃ​ដែល​បាន​រួមគ្នា​ទប់ស្កាត់​បទល្មើស​លើ​ផ្ទៃសមុទ្រ​។ លោក​បញ្ជាក់​ថា​៖ «​យើង​គាំទ្រ​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការលើក​កម្ពស់​ទំនាក់ទំនង ហើយ​យើង​ស្វាគមន៍​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​យោធា​រវាង​ប្រទេស​ទាំង​ ២ ក្នុង​ការដែល​រក្សា​បាន​នូវ​សន្តិសុខ​ និង​ការទប់ស្កាត់​បទល្មើស​លើ​ផ្ទៃសមុទ្រ​»៕