The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កងទ័ព​ជើង​ទឹក​កម្ពុជា អាមេរិក ចាប់​ផ្តើម​ធ្វើ​សមយុទ្ធ​លើ​លម្ហ​សមុទ្រ

កងទ័ព​ជើង​ទឹក​កម្ពុជា អាមេរិក ចាប់​ផ្តើម​ធ្វើ​សមយុទ្ធ​លើ​លម្ហ​សមុទ្រ

សកម្មភាព​ធ្វើ​សមយុទ្ធ​លើ​នាវា​របស់​កងទ័ព​អាមេរិក​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ឆ្នាំ​មុន​។
សកម្មភាព​ធ្វើ​សមយុទ្ធ​លើ​នាវា​របស់​កងទ័ព​អាមេរិក​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ឆ្នាំ​មុន​។ រូបថត សហការី

កងទ័ព​ជើង​ទឹក​កម្ពុជា អាមេរិក ចាប់​ផ្តើម​ធ្វើ​សមយុទ្ធ​លើ​លម្ហ​សមុទ្រ

ព្រះសីហនុៈ កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក និង​កងទ័ព​ជើងទឹក​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ចាប់ផ្តើម​ធ្វើ​​លំហាត់​សមយុទ្ធ​ប្រចាំ​ឆ្នាំ​លើក​ទី ៦ ស្តី​ពី​ការ​ហ្វឹកហ្វឺន និង​ការ​សហប្រតិបត្តិការ​ត្រៀម​ជា​ស្រេច​លើ​ផ្ទៃ​ទី (CARAT) រយៈពេល ៥ ថ្ងៃ​លើ​មូលដ្ឋាន​ជើង​ទឹក​រាម​ក្នុង​ខេត្ត​ព្រះសីហនុ​ដែន​សមុទ្រ​កម្ពុជា​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​លំហ​សមុទ្រ​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​បាន​ឲ្យ​​ដឹងថា​នៅ​ក្នុង​ឆ្នាំ​ទី ៦ ជាប់​គ្នា​នៃ​លំហាត់​សមយុទ្ធ​​យោធា​ទ្វេភាគី CARAT នេះ​នៅ​តែ​ជា​មធ្យោបាយ​មួយ​សម្រាប់​បង្កើន​កិច្ចសហប្រតិបត្តិការ​សន្តិសុខ​លើ​លំហ​សមុទ្រ​រវាង​​អាមេរិក​ជាមួយ​នឹង​កងទ័ព​ជើងទឹក​កម្ពុជា។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ឧត្តមនាវី​ទោ Charlie Williams មេ​បញ្ជាការ​នៃ​ក្រុម​ការងារ​ពិសេស​លេខ ៧៣ របស់​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​​ដឹង​ថា៖ «CARAT ធ្វើ​ឲ្យ​យើង​អាច​ពង្រឹង​ទំនាក់ទំនង​រឹងមាំ​ជាមួយ​កងទ័ព​ជើងទឹក​កម្ពុជា​ដែល​ជា​ដៃគូ​របស់​យើង។ តាមរយៈ​ទំនាក់ទំនង និង​​វត្តមាន​ជា​បន្តបន្ទាប់​យើង​បន្ត​ធ្វើ​ឲ្យ​មាន​ភាព​ជឿនលឿន​ជា​លំដាប់​ក្នុង​ការ​បង្កើន​ភាព​ស្មុគស្មាញ​នៃ​ការ​ហ្វឹកហ្វឺន​របស់​យើង​ហើយ​លើក​​កម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ជើងទឹក​របស់​ប្រទេស​យើង​ទាំង​ពីរ​​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ក្រៅ​ពី​ការ​ហ្វឹកហ្វឺន​លើ​ផ្ទៃ​ទឹក​នៅលើ​គោក​បុគ្គលិក​យោធា​នឹង​ធ្វើ​ការ​ហ្វឹកហ្វឺន​ជាក់ស្តែង​ក្នុង​ការ​កាត់​បន្ថយ​ការ​ខូចខាត ​ការ​កំណត់​ផ្លូវ​នាវា ការ​ថែទាំ​អ្នក​ស្លាប់ និង​អ្នក​រងរបួស​ក្នុង​ការ​ប្រយុទ្ធ ទស្សនកិច្ច និង​ការ​ការពារ​កម្លាំង ការ​ឡើង​លើ​នាវា ការ​ឆែកឆេរ និង​បច្ចេកទេស​ចាប់​នាវា​ដោយ​មាន​ការ​ចូលរួម​ពី​កង​ទាហាន​ជើងទឹក​កម្ពុជា​ប្រហែល​ ៣០០ នាក់ និង​ពលទាហាន​ជើងទឹក​អាមេរិក​ប្រហែល ២០០ ​នាក់។

បន្ថែម​ពី​នេះ​នាវា​នៃ​​កងទ័ព​ជើង​ទឹក​អាមេរិក​ដែល​ចូល​រួម​មាន​នាវា​ប្រយុទ្ធ​ក្បែរ​តំបន់​ឆ្នេរ​ដែល​មាន​ឈ្មោះ​ថា USS Fort Worth (LCS 3) និង​នាវា USNS Safeguard​ (T-ARS 50) ផង​ដែរ​។

សមយុទ្ធ​យោធា CARAT បាន​​បង្កើត​ឡើង​រយៈពេល​ ២០ ​ឆ្នាំ​មក​ហើយ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​រវាង​អាមេរិក​ជាមួយ​បណ្តា​​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ និង​អាស៊ី​អាគ្នេយ៍​ដែល​ក្នុង​នោះ​កម្ពុជា​បាន​ចូលរួម​តាំង​ពី​ឆ្នាំ​ ២០១០ មក​ដោយ​អនុវត្ត​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​តំបន់ កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី កសាង​មិត្តភាព​ សមត្ថភាព ជំនាញ​អាជីព​ពី​កម្រិត​ទ្រង់ទ្រាយ​តូច និង​ឈាន​ទៅ​រក​ទម្រង់​ទ្រង់ទ្រាយ​កាន់​តែ​ទូលំ​ទូលាយ​ថែម​ទៀត​៕

អត្ថបទគួរចាប់អារម្មណ៍