សីហនុៈ កងទ័ព​ជើងទឹក​នៃ​មូលដ្ឋាន​សមុទ្រ​កំពុង​ធ្វើ​ប្រតិបត្ដិការ​តាម​រក​មន្ត្រី​យោធា​នៃ​អង្គភាព​សន្តិសុខ​លម្ហ​សមុទ្រ​ ២ ​នាក់ ​ដែល​បាន​បាត់​ខ្លួន​ដោយសារ​ករណី​ផ្ទុះ​អូប័រ​ពេល​កំពុង​ដឹក​ស្បៀង​នៅ​ចំណុច​ខាងត្បូង​កោះ​សំពោច ក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ខណៈ​មន្ដ្រី​ ៤ ​នាក់​ទៀត​រងរបួស​ក្នុង​នោះ​មាន​ម្នាក់​របួសធ្ងន់​។ នេះ​បើតាម​លោក ទៀ វិញ មេបញ្ជាការ​កងទ័ព​ជើងទឹក​។

លោក ទៀ វិញ បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា​៖ «​ឥឡូវ​យើង​កំពុង​ធ្វើ​ប្រតិបត្ដិការ​តាម​រក​ពួកគាត់​ដែល​បាត់​ខ្លួន​ទាំង​ ២ ​នាក់​នៅឡើយ​។ ​យើង​រក​មិនទាន់​ឃើញ​ទេ​។ ​ចំណែក​មន្ដ្រី​យោធា​ ៤ ​នាក់​ទៀត​ ដែល​រងរបួស​​ក្នុងនោះ​របួសស្រាល​​ ៣ ​នាក់ រហូស​ធ្ងន់​តែ​ម្នាក់​។ ​ពួកគាត់​គ្រាន់​​តែ​រងរបួស​រលាត់ស្បែក​»​។

លោក​បានឱ្យ​ដឹងថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​អំឡុង​ប្រហែល​ម៉ោង​ ១៣ ​និង​ ៣០ ​នាទី​ថ្ងៃទី​ ៥ ខែមេសា ឆ្នាំ​ ២០២១ ​នេះ​នៅ​ចំណុច Lat: 10°28‘00″N Long:103°40‘00″E ខាងត្បូង​កោះ​សំពោច មុខ​ឆ្នេរ​ព្រែកចាក រយៈ​ចម្ងាយ ៣ គីឡូម៉ែត្រ​ពី​ឆ្នេរ​ព្រែកចាក​ស្ថិត​ក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

លោក​បាន​ថ្លែងថា ករណី​ផ្ទុះ​អូប័រ​នេះ​កើតឡើង​នៅពេល​មន្ដ្រី​យោធា​ទាំង​ ៦ ​នាក់​ កំពុង​​បំពេញ​បេសកកម្ម​ដឹក​ស្បៀង​យកទៅឱ្យ​កងកម្លាំង​ដែល​កំពុង​ប្រចាំការ​នៅ​កោះសេះ​។

ពេល​កំពុង​ធ្វើ​ដំណើរ​ស្រាប់តែ​​មាន​ករណី​ឆ្លង​ចរន្ត​អគ្គិសនី​រហូត​​ផ្ទុះ​អូប័រ​បណ្ដាល​ឱ្យ​មន្ត្រី​យោធា​ ២ ​នាក់​ធ្លាក់ចូល​សមុទ្រ​បាត់​ខ្លួន និង​ ៤ ​នាក់​ទៀត​រងរបួស​ក្នុង​នោះ​មាន​ម្នាក់​រងរបួស​ធ្ងន់​។

លោក ទៀ វិញ បាន​បញ្ជាក់ថា​៖ «​ឥឡូវ​យើង​កំពុង​បន្ត​រុករក​មន្ដ្រី​​ដែល​បាត់​ខ្លួន​ទាំង​ ២ ​នាក់​ ហើយ​​ក៏បាន​ទាក់ទង​នៅ​ខាង​វៀតណាម​ដែរ​ឱ្យជួយ​ពិនិត្យមើល ក្រែង​អណ្ដែត​ទៅដល់​ទីនោះ​។ ឥឡូវនេះ​នៅលើ​សមុទ្រ​មាន​ខ្យល់​ខ្លាំងពេក វា​មាន​ផល​លំបាក​សម្រាប់​ទូក​ក្នុង​ការរុករក​»​។

បើតាម​របាយការណ៍​របស់​លោក អ៊ុក សីហា មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ​រាម​បានឱ្យ​ដឹងថា មន្ដ្រី​យោធា​ ២ ​នាក់​ ដែល​បាត់​ខ្លួន​នេះ​មាន​ឈ្មោះ​លោក វរនាវីឯក សុខ រស្មី និង​ម្នាក់ទៀត​ឈ្មោះ ភ័ក្ត្រ​៕