ភ្នំពេញៈ ក្រសួង​ការពារជាតិ​បាន​បញ្ជាក់ថា សភាពការណ៍ សន្ដិសុខ​សុវត្ថិភាព​នៅតាម​ព្រំដែន​ប្រទេស ​កម្ពុជា​ មិនមាន​ការប្រែប្រួល​នោះទេ គឺ​ស្ថិត​នៅក្នុង​ភាពម្ចាស់ការ​បាន​ល្អ​ជានិច្ច​ហើយ​កងទ័ព​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការទទួល​បទបញ្ជា​ពី​រាជរដ្ឋាភិបាល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ខណៈ​ដែល​ជំងឺ​នេះ​កំពុង​តែ​រីករាលដាល​នៅ​ទូទាំង​ពិភពលោក​។ នេះ​បើតាម​លោក ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ​។

លោក ​ឈុំ សុជាត ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​ក្រសួងការពារជាតិ​» ដែល​រៀបចំ​ឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​​កាលពី​ម្សិលមិញ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​ថា​៖ «​ខ្ញុំ​សូម​ជម្រាប​ជូន​ថា សភាពការណ៍​សន្ដិសុខ​នៅតាម​ព្រំដែន​មិនមាន​អ្វី​ប្រែប្រួល​ទេ គឺ​រក្សា​ភាពម្ចាស់ការ​បាន​ជានិច្ច​។

ចំណែក​ការហ្វឹកហ្វឺន ការប្រុងប្រៀប​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ គឺ​ក្រសួង​ការពារ​ជាតិ​មាន​ការប្រុងប្រៀប​ខ្ពស់​ណាស់​ទាំង​កងកម្លាំង ទាំង​សម្ភារ​ទាំង​បច្ចេកទេស​។ យើង​មានការ​ប្រុងប្រៀប​អស់​ហើយ​។ ដូច្នេះ​ការត្រៀម​លក្ខណៈ​ដើម្បី​ប្រើប្រាស់​កម្លាំង​អនុវត្ដ​ទៅតាម​បទបញ្ជា​រាជរដ្ឋាភិបាល​គឺ​យើង​បាន​ត្រៀម​រួចរាល់​អស់ហើយ​គឺថា​ឱ្យ​តែមាន​បទបញ្ជា​គឺ​ធ្វើ​ហើយ​ទាហាន​គឺ​ដាច់ខាត​បែបនេះ​តែម្ដង​»​។

លោក សុជាត បាន​ថ្លែង​ជំនួសមុខ​ឱ្យ​កងយោធពល​ខេមរភូមិន្ទ​ទាំងអស់​ថា កងទ័ព​របស់​កម្ពុជា​គឺ​ស្ថិតនៅ​ជាមួយ​ប្រជាពលរដ្ឋ​ជានិច្ច​។ កងទ័ព​គឺ​ត្រូវ​តែ​ជា​កម្លាំង​ឈានមុខ កម្លាំង​ឆ្អឹងខ្នង​ដើម្បី​ការពារ​ប្រជាពលរដ្ឋ​គ្រប់កន្លែង គ្រប់​កាលៈទេសៈ​ទាំងអស់​។

លោក​បញ្ជាក់ថា​៖ «​មិន​ថា សង្គ្រាម​ក្នុង​ស្រុក ក្រៅ​ស្រុក ឬ​សង្គ្រាម​ប្រយុទ្ធ​ជាមួយ​ជំងឺ​កូវីដ​១៩​នេះ​ក៏ដោយ គឺ​កងទ័ព​នៅ​ជួរមុខ​សម្រាប់​ប្រជាពលរដ្ឋ ការពារ​ពលរដ្ឋ​ទាំងអស់​គឺ​មិន​រត់ចោល​ប្រជាពលរដ្ឋ​ទេ​។ សាច់​ស្រស់ ឈាម​ស្រស់​របស់​យើង​គឺ​បូជាជីវិត​សម្រាប់​ការពារជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជា​ការពារ​សេច​ក្ដីសុខ​ក្សេមក្សាន្ត និង​ការពារ សន្ដិសុខ សន្ដិភាព​របស់​ប្រជាពលរដ្ឋ​»​។

លោក​បញ្ជាក់​ថា ​នៅពេល​ដែល​រាជរដ្ឋាភិបាល​ត្រូវការ គឺ​កងទ័ព​ត្រូវតែ​ឈានមុខ​គេ​តែម្ដង​គឺ​មិន​គិតពី​ការស្លាប់​រស់​នោះទេ​។ លោក​ថា កងទ័ព​ម្នាក់ៗ​ក្នុង​សម្លៀកបំពាក់​ជា​កងទ័ព​គឺ​មាន​ពលិកម្ម​រួចហើយ​គឺ​កងទ័ព​ត្រូវតែ​ពលិកម្ម​ដើម្បី​ទឹកដី​ដើម្បី​ប្រជាពលរដ្ឋ​នេះ​ជំហរ​ដាច់ខាត​របស់​កងទ័ព​។

តាមរយៈ​សន្និសីទ​សារព័ត៌មាន​នេះ​លោក​ ឈុំ សុជាត ​ក៏បាន​បង្ហាញ​របាយការណ៍​ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​ក្រសួង​ការពារជាតិ​» ក្នុង​ឆ្នាំ​ ២០១៩ ​កន្លងទៅ កងយោធពល​ខេមរភូមិន្ទ​បាន​អនុវត្ដ​ភារកិច្ច​របស់​ខ្លួន​តាម​កម្មវិធី​នយោបាយ យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤ របស់​រាជរដ្ឋាភិបាល ផែនការ​កែទម្រង់​កងយោធពល​ខេមរភូមិន្ទ​រយៈពេល ៥ ​ឆ្នាំ និង​កម្មវិធី​ការងារ​បាន​ល្អ​ប្រសើរ​។

របាយការណ៍​បង្ហាញថា ទិសដៅ​បន្ត​របស់​ក្រសួង​ការពារជាតិ​គឺ​បន្ដ​អនុវត្ដ​កម្មវិធី​នយោបាយ យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី ៤ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​ ៦ នៃ​រដ្ឋសភា ដើម្បី​ទប់ទល់​សភាពការណ៍​អសន្ដិសុខ​ដែល​អាច​កើតឡើង​ដោយ​យថាហេតុ និង​វាយបំបាក់​នូវ​រាល់​ឧបាយកល​ញុះញង់​បំបែកបំបាក់​របស់​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ដែល​ប៉ុនប៉ង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។ តាម​របាយការណ៍​នេះ​បានឱ្យ​ដឹង​ថា លទ្ធផល​នៃ​ការកែទម្រង់​កងយោធពល​ខេមរភូមិន្ទ​ក្នុង​ឆ្នាំ​ ២០១៩ ​កន្លង​ទៅ​ក្រសួង​ការពារជាតិ​បាន​ចាត់តាំង លំហាត់​ហ្វឹកហ្វឺន​រួមគ្នា​រវាង​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះ​ប្រជាជន​ចិន​ «​នាគ​មាស​ឆ្នាំ​ ២០១៩»​។

លំហាត់​ហ្វឹកហ្វឺន «​មហា​រំអិល​ ២០១៩» ក្រោម​ប្រធានបទ «​ប្រឆាំងនឹង​ការប្លន់​នាវា​ដឹក​ប្រេង​»​។ លំហាត់​ហ្វឹកហ្វឺន «​ហនុមាន​មាស​ ២០១៩» និង​លំហាត់​ហ្វឹកហ្វឺន «​សង្គ្រោះ​គ្រោះ​មហន្តរាយ​ព្រំដែន​កម្ពុជា-វៀតណាម​» ផងដែរ​។ ដោយឡែក​ក្នុង​ឆ្នាំ​ ២០២០ ​នេះ​ក្រសួង​ការពារ​ជាតិ​ក៏បាន​ធ្វើ​សមយុទ្ធ​នាគ​មាស​លើក​ទី ៤ រវាង​កងទ័ព​កម្ពុជា-ចិន ​ដែល​បាន​ធ្វើឡើង​រយៈពេល ១៥ ថ្ងៃ​ ចាប់ផ្តើម​ពី​ថ្ងៃ​ទី ១៥-៣០ ខែ មីនា​ នៅ​ខេត្តកំពត​។ ការធ្វើ​សមយុទ្ធ​នេះ ​គឺ​ដើម្បី​លើកកម្ពស់​ចំណង​សាមគ្គីភាព មិត្តភាព និង​ការបណ្ដុះបណ្ដាល​ចំណេះដឹង​ការផ្លាស់ប្ដូរ​បទពិសោធ​នៃ​កងទ័ព​ប្រទេស​ទាំង​ ២៕