ភ្នំពេញៈ មន្ត្រី​ក្រសួង​ការពារជាតិ​ឲ្យ​ដឹងថា កងទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន​ ៤ ​រូប​ទៀត​ ដែល​ស្ថិតក្នុង​បេសកកម្ម​រក្សា​សន្ដិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​ម៉ាលី​បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩​។ ករណី​ឆ្លង​ថ្មី​នេះ​បាន​បង្កើន​ចំនួន​កងទ័ព​មួកខៀវ​កម្ពុជា​ទាំងអស់​កើនឡើង​ដល់​ ១០ ​នាក់​ហើយ ដែល​បាន​ឆ្លង​ជំងឺ​នេះ​។

លោកស្រី​ កុសល ម៉ាលីដា អគ្គនាយករង​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្ដិភាព បោសសម្អាត​មីន និង​កាកសំណល់ សង្គ្រាម ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ កាលពី​ថ្ងៃទី​ ២ ​មិថុនា​ ថា​កម្ពុជា​បាន​ទទួល​ដំណឹង​អំពី​កងទ័ព​មួកខៀវ​ទាំង​ ៤ ​នាក់ ​បាន​ឆ្លង​ជំងឺ​កូវីដ ​១៩ គឺ​នៅ​ថ្ងៃ​ជាមួយ​គ្នា​ដែល​ទទួល​ដំណឹង​អំពី​មរណភាព​កងទ័ព​មួក​ខៀវ​ម្នាក់​ដោយសារ​ជំងឺ​នេះ​នៅ​ប្រទេស​ម៉ាលី​កាលពី​ថ្ងៃទី​ ៣០ ​ឧសភា​។

លោកស្រី​បន្តថា មក​ដល់​ពេល​នេះ​កម្ពុជា​មានតែ​កងកម្លាំង​មួកខៀវ​ ១០ ​នាក់​ប៉ុណ្ណោះ​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ ១៩ និង​សុទ្ធតែ​ស្ថិត​ក្នុង​ប្រទេស​ម៉ាលី ហើយ​ក្នុងនោះ​ស្លាប់​ម្នាក់ ជាសះស្បើយ​ ២ ​នាក់ និង​ ៧ ​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល ប៉ុន្តែ​នៅមាន​សុខភាព​ និង​កម្លាំង​មាំមួន​នៅឡើយ​។

លោកស្រី​ថា​៖ «​បច្ចុប្បន្ន​ពួកគាត់​ទាំង​ ៧ ​នាក់​ហ្នឹង​គឺមាន​កាយសម្បទា​មាំមួន​ធម្មតា​។ ប៉ុន្តែ​ពួកគាត់​កំពុងស្ថិត​ក្រោម​ការធ្វើ​ចត្តាឡីស័ក និង​ស្ថិតក្រោម​ការព្យាបាល​ពី​គ្រូពេទ្យ​របស់​អង្គការ​សហប្រជាជាតិ​ដែល​ឈរ​នៅ​ទីនោះ​»​។

មន្ត្រី​រូបនេះ​បន្តថា កងកម្លាំង​មួកខៀវ​ទាំង​ ១០ ​នាក់ ​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ ១៩ គឺ​សុទ្ធតែ​ជា​កម្លាំង​ដែល​មិនអាច​ខ្វះ​បាន​ក្នុង​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ ដែល​ត្រូវ​ធ្វើដំណើរ​រយៈពេល​វែង​តម្រូវ​ឱ្យ​ស្នាក់នៅ​តាមផ្លូវ និង​ស្នាក់​នៅតាម​ស្នាក់ការ​របស់​អង្គការសហប្រជាជាតិ ស្របពេល​កំពុង​មាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​នៅ​អាហ្វ្រិក​។

កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក​ អាន់​តូនីញ៉ូ ហ្គុយតឺរេស​ (Antonio Guterres) បានប្រកាស​ថា ក្នុងចំណោម​កងកម្លាំង​រក្សា​សន្ដិភាព​របស់​អង្គការ​សហប្រជាជាតិ​ជាង​ ១៣០ ​នាក់ ​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩ ក្នុងនោះ​មាន​ ២ ​នាក់​ស្លាប់ ហើយ​ម្នាក់​មកពី​ប្រទេស​កម្ពុជា​ដែល​ស្លាប់​លើកដំបូង​ ដោយសារ​កូវីដ​ ១៩​។

លោក​ អាន់តូនីញ៉ូ បញ្ជាក់​ថា​បច្ចុប្បន្ន​អង្គការសហប្រជាជាតិ​មាន​កងកម្លាំង​រក្សា​សន្ដិភាព​ទាំង​បុរស និង​ស្ដ្រី​ជាង​ ៩៥ ​ម៉ឺន​នាក់​ ដែល​កំពុង​បម្រើការ​នៅក្នុង​បេសកកម្ម​ចំនួន​ ១៣ ​បេសកកម្ម​នៅ​ទូទាំង​ពិភពលោក​។

ក្រសួង​ការពារជាតិ​បញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា​មាន​កងកម្លាំង​មួកខៀវ​ជាង​ ៧៨០ ​នាក់ ​ដែល​បែងចែង​ជា​ ៥ ​កង​ធំៗ​។ ក្នុងនោះ នារី​ចំនួន​ ៧៦ ​នាក់​ ដែល​កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ នៅតាម​បណ្តា​ប្រទេស​ចំនួន​ ៦ រួមមាន ប្រទេស​លីបង់ ស៊ូដង់ ស៊ូដង់​ខាងត្បូង ម៉ាលី សាធារណរដ្ឋ​អាហ្រិក​កណ្តាល និង​ប្រទេស​យ៉េមែន​។

យោងតាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​អាហ្វ្រិក កាលពី​ថ្ងៃទី​ ២ ​មិថុនា​បង្ហាញ​ថា នៅ​ទ្វីប​អាហ្វ្រិក​បាន​រាយការណ៍​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​ប្រហែល​ ១៥ ​ម៉ឺន​ករណី​។ ក្នុងនោះ​ជាង​ ៦៣ ​ពាន់​នាក់​បាន​ជាសះស្បើយ និង​ស្លាប់​ប្រហែល​ ៤ ២០០ ​នាក់​។

កាលពី​ថ្ងៃទី​ ២ មិថុនា នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​របស់​ក្រសួង​សុខាភិបាល​បាន​រាយការណ៍ ថា​គ្មាន​ករណី​ថ្មី​នៃ​ជំងឺ​កូវីដ​១៩​នោះទេ ក្រោយពី​បាន​រកឃើញ​ករណី​ចុងក្រោយ​នៅ​ថ្ងៃទី​ ២២ ​ឧសភា​ ដែល​បានធ្វើឱ្យ​ចំនួន​អ្នកឆ្លង​សរុប​កើន​ដល់​ ១២៥ ​នាក់ ​ក្នុង​នោះ​ជាសះស្បើយ​ ១២៣ ​នាក់ និង​ ២ ​នាក់​កំពុង​បន្ត​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។

ក្រសួងការពារជាតិ​កម្ពុជា​កាលពី​ថ្ងៃទី​ ២ ខែ​មិថុនា ក៏​បាន​ទទួល​ជំនួយ​សម្ភារ​ប្រើប្រាស់​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩​ ចំនួន​ ១២ ​មុខ និង​ជា​ការផ្ដល់​ជំនួយ​លើក​ទី​ ៤ ​ពី​ក្រសួង​ការពារជាតិ​ប្រទេស​ចិន​៕