ភ្នំពេញៈ ​ទេស​កម្ពុជាបា​ន​សម្រេច​បញ្ជូន​កង​យោធ​ពល​ខេមរ​ភូ​មិន្ទ​ប្រ​មាណជាង ​៤០០​ នាក់​ ទៅ​កាន់​ប្រ​ទេស ​ម៉ាលី​ និង ​ស៊ូ​ដង់​ខាង​ត្បូង ជា​មួយ​នឹង​ការ​ប្ដេជ្ញា​ចិត្ត​មិន​រាយ​ថយ​បើ​ទោះ​ជា​មាន​អ្នក​រង​គ្រោះ​ដល់​ជីវិត​ក៏​ដោយ​ ។

ថ្លែង​ក្នុង​ពិធី​បញ្ជូន​នៅ​មូល​ដ្ឋាន​ទ័ព​អា​កាស​ពោធិ៍​ចិន​តុង​ នៅ​ព្រឹក​ថ្ងៃ​ទី​ ៣ ​ខែ​មេសា​នេះ ​នាយ​ឧត្តម​សេ​នីយ៍​ ប៉ុល​ សា​រឿន​ អគ្គ​មេ​បញ្ជា​ការ​នៃ​កង​យោធ​ពល​ខេម​រភូមិន្ទ​បាន​លើក​ឡើង​ថា​ ប្រ​ទេស​កម្ពុជា​មិន​រា​ថយ​ឡើយ ​ប៉ុន្តែ​បាន​ប្តេជ្ញាប​ង្កើន​កម្លាំង​បន្ថែម​ បើ​ទោះ​បី​កង​ទ័ព​កម្ពុជា​ត្រូវ​បាន​រង​ការ​វាយ​ប្រហារ​ពី​ក្រុម​ឧទាម​នៅ​ប្រទេស​ ម៉ាលី​ ក៏​ដោយ​។

នាយ​ឧត្តម​សេនី​យ៍​ ប៉ុល សារឿន​ បាន​បញ្ជាក់​​ថា​៖ «នា​ពេល​ថ្មីៗ​នេះ​…ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​អង្គ​សហ​ប្រជាជាតិ​ កម្ពុជា​ នៅ​តែ​ប្តេជ្ញា​ចិត្ត​ខ្ពស់​បន្ត​សកម្ម​ភាព​ជា​អាទិ​ភាព​ក្នុង​ការ​ថែ​រក្សា​និង​ពង្រឹង​សន្តិភាព​ ស្ថិរភាព​ ក្នុង​ប្រទេស​ក៏ដូច​ជា​ការ​បន្ត​សកម្មភាព​មនុស្ស​ធម៌​តាម​រយៈ​ការ​ចូលរួម​បេសកកម្ម​ថែ​រក្សា​សន្តិភាព​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​…ទោះ​បី​កង​ទ័ព​កម្ពុជា​ត្រូវ​បាន​រង​វាយ​ប្រហារ​ពី​ក្រុម​ឧទ្ទាម​នៅ​ប្រទេស​ម៉ាលី​ក្ដី ប៉ុន្តែ​កម្ពុជា​មិន​រាថយ​ កម្ពុជា​នៅ​តែ​តស៊ូ​ប្តូរ​ផ្តាច់​ លះ​បង់​សាច់​ស្រស់​ ឈាម​ស្រស់​ ហើយ​ កម្ពុជា​ បាន​ប្តេជ្ញា​បង្កើត​កម្លាំង​បន្ថែម​ទៀត​ដើម្បី​ចូលរួម​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​ ក្នុង​ក្រប​ខ័ណ្ឌ​អង្គការ​សហ​ប្រជា​ជាតិ​ »។

កង​កម្លាំង​ដែល​ចេញ​ទៅ​បំពេញ​បេ​សក​កម្ម​​លើក​នេះ​ រួម​មាន​៖ កង​វិស្វកម្ម​ព្រ​លាន​យន្ត​ហោះ​លេខ ​១៩៨​ ចំនួន​ ១៦៥ ​នាក់​ នារី​១៣ ​នាក់​, កង​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​ លេខ​ ១២៣​ ចំនួន​ ១៤៤​ នាក់​ នារី​ ១១​ នាក់​ និង​ កង​អាវុធ​ហត្ថ​លេខ​ ១៨១​ ចំនួន​ ១១៩​ នាក់​។

កាល​ពី​ខែ​ឧស​ភា​ឆ្នាំ​មុន​ កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​ ៤ ​រូប​ ​បាន​បូជា​ជីវិត ​ក្នុង​អំឡុង​ពេល​បំពេញ​ បេសក​កម្ម​នៅ​សា​ធារ​ណ​រដ្ឋ​អាហ្វ្រិក​កណ្តាល​និង​មានការ​ចូលរួម​រំលែក​ទុក្ខ​គ្រួ​សារ​សព​ពី​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​ព្រម​ទាំង​មាន​សំណង​ពី​អង្គ​ការ​សហ​ប្រជា​ជាតិ​ផង​ដែ​រ៕