The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កងទ័ពអាកាស​កំពុង​ស្រាវជ្រាវ​រក​ប្រភព​​យន្តហោះ​ដ្រូន ​ដែល​ធ្លាក់​នៅ​កោះកុង

កងទ័ពអាកាស​កំពុង​ស្រាវជ្រាវ​រក​ប្រភព​​យន្តហោះ​ដ្រូន ​ដែល​ធ្លាក់​នៅ​កោះកុង

Content image - Phnom Penh Post
យន្តហោះ​ដ្រូន​ដែល​ធ្លាក់​នៅ​ខេត្តកោះកុង​។ រូបថត សហការី

កងទ័ពអាកាស​កំពុង​ស្រាវជ្រាវ​រក​ប្រភព​​យន្តហោះ​ដ្រូន ​ដែល​ធ្លាក់​នៅ​កោះកុង

កោះកុងៈ អ្នកនាំពាក្យ​កងទ័ព​ជើង​អាកាស​លោក​ឧត្តមសេនីយ៍ទោ ប្រាក់ សុខា បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​សមត្ថកិច្ច​កងទ័ព​ជើង​អាកាស​បាននិង​កំពុង​ស្រាវជ្រាវ​រក​ប្រភព​យន្តហោះ​ដ្រូន ១ ​គ្រឿង​ បន្ទាប់ពី​អ្នកភូមិ​បាន​ប្រទះឃើញ​ធ្លាក់​នៅក្នុង​ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង ខណៈ​បំណែក​នៃ​យន្តហោះ​នោះ​ត្រូវ​បាន​ដឹក​មក​ភ្នំពេញ​។

ការអះអាង​របស់​លោក ប្រាក់ សុខា នេះ បានធ្វើ​ឡើង​ ៣ ​ថ្ងៃ ​បន្ទាប់ពី​ពលរដ្ឋ​រស់នៅ​ឃុំ​កោះស្តេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង​បាន​ប្រទះឃើញ​យន្តហោះ​ដែល​មាន​សរសេរ​អក្សរ​ចិន​បាន​​ធ្លាក់​នៅ​វាលស្មៅ​ក្បែរ​ផ្ទះ​គាត់​កាលពី​វេលា​ម៉ោង​ ៦ ​ល្ងាច​ថ្ងៃទី​ ១៦ ខែ មករា ឆ្នាំ​ ២០២០​។

លោក​ឧត្តមសេនីយ៍ទោ ប្រាក់ សុខា បាន​ថ្លែងថា គណៈកម្មការ​ជំនាញ​របស់​កងទ័ព​ជើង​អាកាស​​បាន​ចុះទៅ​ត្រួតពិនិត្យ​ករណី​នេះ​ដល់​ទីតាំង​ធ្លាក់​នោះ ក្រោយពី​ទទួល​បាន​ព័ត៌មាន​នេះ ប៉ុន្តែ​មិនទាន់​អាច​សន្និដ្ឋាន​បាន​នៅឡើយ​ទេ ខណៈ​បំណែក​នៃ​យន្តហោះ​នោះ​ត្រូវ​បាន​ដោះ​យក​មក​រាជធានី​ភ្នំពេញ​។

លោក​បាន​បញ្ជាក់ថា​៖ «​ដ្រូន​ហ្នឹង​ម្សិលមិញ​ (​ថ្ងៃ​សៅរ៍​) ​ក្រុម​បច្ចេកទេស​យើង​បាន​ដោះយក​​មក​ភ្នំពេញ ហើយ​ឥឡូវ​ហ្នឹង​វា​កំពុង​តែ​នៅក្នុង​ពោធិ៍ចិនតុង​។

យើង​មិនដឹង​ទេ​ (​មាន​ប្រភព​មកពី​ណា​ទេ​) ​បើ​តាម​ប្រធាន​បច្ចេកទេស​គាត់​វាយតម្លៃ គាត់​ថា អាហ្នឹង​ហោះ​បាន​ ៦ ទៅ​ ៨ ​ម៉ោង ប៉ុន្តែ​ឃើញ​មាន​អក្សរ​ចិន​នៅលើ​ហ្នឹង គាត់​សន្និដ្ឋាន​ថា​វា​អាច​ហោះ​មកពី​ទី​ឆ្ងាយ​...»​។

Content image - Phnom Penh Post
សមត្ថកិច្ច​ពេល​ពិនិត្យ ដ្រូន​ដែល​ធ្លាក់​នៅ​កោះកុង​។ រូបថត សហការី

លោក​បាន​បន្ថែមថា ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​កោះ​ស្តេច​ស្រុក​គិរីសាគរ​បាន​ ប្រទះឃើញ​​យន្តហោះ​ដ្រូន ១ ​គ្រឿង​នោះ ធ្លាក់​​ហើយ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ពិនិត្យ​បន្ទាន់ ហើយ​ថា យន្តហោះ​ដ្រូន​នោះ​មាន​ពណ៌​ទឹកប្រាក់​មាន​លេខ​សម្គាល់ 1701002 ដែល​មាន​បណ្តោយ​ប្រវែង​ប្រមាណ​ ៥ ​ម៉ែត្រ និង​ទទឹង​ស្លាប​ទាំង​សងខាង​ប្រវែង​ប្រមាណ​ ៩ ​ម៉ែត្រ ​តែ​ពុំ​ឃើញ​មាន​បំពាក់អាវុធ ឬ​គ្រាប់​អ្វី​នោះទេ​។

លោក សុខ ចេង មេឃុំ​កោះស្ដេច​បាន​បញ្ជាក់​ប្រាប់​កាលពី​ម្សិលមិញ​ដែរ​ថា ទីតាំង​ធ្លាក់​​​ដ្រូន ១ ​គ្រឿង​នោះ​មាន​ចម្ងាយ​ប្រមាណ​ ៧ ​គីឡូម៉ែត្រ​ពី​តំបន់​​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ញូញៀន​យូឌីជី​។ ​លោក​ថា បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​នេះ​កាលពី​ថ្ងៃទី​ ១៧ ខែ​មករា សមត្ថកិច្ច​បាន​ហ៊ុមព័ទ្ធ និង​យាមកាម​នៅ​កន្លែង​នោះ​ដោយ​មិន​ទាន់​មាន​អ្នកណា​ទៅ​ប៉ះពាល់​នោះឡើយ​គឺ​រង់ចាំ​ឲ្យ​ខាង​សមត្ថកិច្ច​ក្រសួង​ការពារជាតិ​ចុះ​មក​ពិនិត្យ​សិន​។

លោក​មេឃុំ​បាន​បញ្ជាក់ថា ការធ្លាក់​យន្តហោះ​ដ្រូន​នេះ ពុំ​​មាន​ការប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ទេ ដោយសារ​ធ្លាក់​នៅ​លើ​ដី​វាល ប៉ុន្តែ​លោក​ថា ​ដ្រូន​នេះ​ធំ​ណាស់​។

លោក​បាន​បញ្ជាក់ថា​៖ «​នេះ​គឺជា​លើក​ទី​ ១ ​ហើយ​ដែល​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ ដ្រូន​នេះ​ធ្លាក់ ហើយ​វា​មិនបាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ទេ វា​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការភ្ញាក់ផ្អើល តែ​ពួកគាត់​ពុំមាន​ការព្រួយបារម្ភ​នោះទេ​»​។

លោក​ ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​កំចាត់មីន​កម្ពុជា​ (CMAC) ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ដែរ​ថា កាលពី​ថ្ងៃទី​ ១៧ ​មករា មន្ត្រី CMAC បាន​ចុះទៅ​អង្កេត​នៅនឹង​កន្លែង​ជាក់ស្តែង​ក្រែង​មាន​សារធាតុ​ផ្ទុះ តែ​រក​ពុំ​ឃើញ​មាន​បំពាក់អាវុធ ឬ​គ្រាប់​អ្វី​នៅ​លើ​ដ្រូន​នោះទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខាង​ជំនាញ​ខ្ញុំ​ធ្វើការ​ស្រាវជ្រាវ​ជាតិ​ផ្ទុះ​ហើយ យើង​រក​ទៅ​មិនមាន​ជាតិ​ផ្ទុះ​នោះទេ​។ កម្លាំង​យើង​បានបញ្ចប់ និង​ដកថយ​នៅពេល​ដែល​យើង​រក​មិនឃើញ​មាន​គ្រឿងផ្ទុះ​»​។

មន្ត្រី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​មិនអាច​សុំ​អត្ថាធិប្បាយ​ពី​ករណី​​ធ្លាក់​យន្តហោះ​ដ្រូន​នេះ​បានទេ​ ​ដោយសារ​មិនមាន​អ្នក​ទទួល​​ទូរស័ព្ទ​កាលពី​ម្សិលមិញ​៕

អត្ថបទគួរចាប់អារម្មណ៍