ភ្នំពេញៈ កងនាវិក​ថ្មី​ចំនួន​ ៣០០ ​នាក់ ​បានចាប់ផ្ដើម​ទទួល​បណ្ដុះបណ្ដាល​កាលពី​ម្សិលមិញ​ពី​របៀប​អប់រំ​ចិត្តសាស្ត្រ​អប់រំ​សុខាភិបាល ភ័ស្តុភារ​ហិរញ្ញវត្ថុ កាយសិក្សា​យោធា​បច្ចេកទេស​ប្រើប្រាស់​អាវុធ​ថ្មើរជើង យុទ្ធវិធី​ប្រយុទ្ធ​ថ្នាក់​បុគ្គល​ និង​បាញ់ស៊ីប​នៅ​សាលា​ទ័ពជើង​ទឹក​មូលដ្ឋាន​សមុទ្រ​រាម​ក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បន្ទាប់ពី​វគ្គ​ចាស់​បាន​បញ្ចប់​។

លោក ព្រាប សាម៉ន នាយករង​សាលា​ទ័ពជើងទឹក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ការបណ្ដុះបណ្ដាល​នេះ​ធ្វើ​ឡើង​ក្រោយពី​បញ្ចប់​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​នាវិក​ថ្មី​ឆ្នាំ​ ២០១៩ កាលពី​ថ្ងៃ​អង្គារ​ទី​ ១៩ ខែ​ឧសភា ក្រោម​អធិបតី​លោក ទៀ វិញ អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើងទឹក និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ និង​លោក គួច ចំរើន អភិបាល ខេត្ត​ព្រះសីហនុ​។

លោក​ថ្លែងថា​ការចាប់ផ្តើម​បណ្ដុះបណ្ដាល​ថ្មី​នេះ​មាន​សិក្ខាកាម​ចូលរួម​ ៣០០ ​នាក់​ ក្នុង​នោះ​គ្រូបង្វឹក​ ១១ ​នាក់ ខណៈ​កាលពី​ឆ្នាំ​មុន​មាន​សិក្ខាកាម​ ២៣៩ ​នាក់​ ហើយ​ទទួលបាន​​លទ្ធផល​ល្អ​។ ​វគ្គ​បណ្ដុះបណ្ដាល​ថ្មី​នេះ​គឺ​យើង​ធ្វើ​ដូចគ្នា​ទៅ​នឹង​វគ្គ​ចាស់​ដែរ ហើយ​ក៏​ជា​ការបំពេញ​ក្របខ័ណ្ឌ​ដល់​កង​នាវិក​ថ្មី និង​ត្រៀមលក្ខណៈ​ដើម្បី​ទទួល​នាវា​របស់​កងនាវិក​ចិន​។

លោក​បាន​បញ្ជាក់ថា​៖ «​ជា​លទ្ធផល​ក្នុង​វគ្គ​ហ្វឹកហ្វឺន​ឆ្នាំ​ ២០១៩ ក្នុង​ចំណោម​សិក្ខាកាម​ចូលរួម​ ២៣៩ ​នាក់ សិក្ខាកាម​ទទួលបាន​និទ្ទេស​ល្អ​ ៩៩ ​នាក់​ ស្មើ​ ៤១,៤២ ​ភាគរយ ល្អ​បង្គួរ​ ១០២ ​នាក់​ស្មើនឹង​ ៤២,៦៨ ​ភាគរយ និង​មធ្យម​ ៣៨ ​នាក់​ស្មើនឹង ១៥,៩០ ​ភាគរយ​»​។

ថ្លែង​នៅក្នុង​ឱកាស​បើក​វគ្គថ្មី​នេះ​លោក ទៀ វិញ បាន​លើកយក​ប្រសាសន៍​របស់លោក​​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ដែល​ផ្ដាំផ្ញើ​ទៅកាន់​នាយ​នាវីពលនាវី​ថា​៖ «​ក្រោម​ការដឹកនាំ​​របស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​យកចិត្ត​ទុកដាក់​​វិស័យ​អប់រំ​បណ្តុះបណ្តាល​បង្កើន​ធនធាន​មនុស្ស​ឲ្យ​ក្លាយ​ជា​កម្លាំង​ស្នូល និង​ជា​មូលដ្ឋានគ្រឹះ​រឹងមាំ​តាម​ជំនាញ​ឯកទេស​​ថែម​មួយ​កម្រិត​ទៀត​»​។

លោក​ ទៀ បាញ់ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការហ្វឹកហាត់​ថា នេះ​គឺជា​ការផ្ទេរ​ចំណេះដឹង​ដល់​នាវិក​ថ្មី​ក្នុង​ការរួម​ចំណែក​អភិវឌ្ឍ​ធនធាន​មនុស្ស​ដើម្បី​បម្រើ​ជាតិ សាសនា ព្រះមហាក្សត្រ ពិសេស​បម្រើ និង​ការពារ​រាជរដ្ឋាភិបាល​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ចាំបាច់​របស់​កងយោធពល​ខេមរភូមិន្ទ​ក្នុង​​វិស័យ​ទ័ពជើងទឹក ទាំង​ពេល​​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត​ក្នុង​ការដឹកនាំ​គ្រប់គ្រង​បញ្ជា​លើ​គ្រប់​ស្ថានភាព ទាំង​គ្រឿង​បំពាក់​សម្ភារ​បច្ចេកទេស ទាំង​​អាវុធយុទ្ធភណ្ឌ​គ្រប់​ប្រភេទ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕