កណ្តាលៈ កង​បោសសំអាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្រោម​ទឹក នឹង​ចាប់ផ្តើម​ស្រង់​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចេញពី​នាវា​ដែល​ត្រូវបាន​លិច​កាលពី​សម័យ​សង្គ្រាមស៊ីវិល ​ក្នុង​ទសវត្ស​ត៍ ឆ្នាំ ៧០ នៅក្នុង​ទន្លេ​មេគង្គ​ ស្ថិតនៅ​ចំណុច​ឃុំ​បឹង​គ្រំ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល នៅ​សប្តាហ៍​ក្រោយ ។

លោក ម៉ី សុភា មេបញ្ជា​ការ​នៃ​ទីបញ្ជា​ការដ្ឋាន ​កង​បោសសំអាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្រោម​ទឹកប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ១៩ ខែឧសភា នេះ​ថា ដោយ​សារបញ្ហា​សម្ភារ​បច្ចេក​ទេស​មាន​ស្ថា​ន​ភាព​ខូចខាត និង​ត្រូវ​ជួស​ជុល បានធ្វើ​ឱ្យមាន​ភាពយឺត​យ៉ាវ​បន្តិច។ ប៉ុន្តែ​បច្ចុប្បន្ននេះ បានរៀបចំ​រួចរាល់​ហើយ​អាច​ថា នៅ​សប្តាហ៍​ក្រោយនឹង​ចូល​ទៅ​ដល់​នាវា ដើម្បី​​ស្រង់យក​​គ្រាប់​ឡើង​មក​លើ​គោក។

តាម​ផែនការ គឺ​ពុំមាន​អ្វី​ជា​ឧបសគ្គ​ខ្លាំង​នោះទេ សម្រាប់​ប្រតិបត្តិ​ករ ក្នុង​ការយក​គ្រាប់​ចេញពី​នាវា ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ រដូវវស្សា​ចូលមក​លឿន​ជាង​ឆ្នាំមុន ដែល​សម្បូរ​ព្យុះ និង​ភ្លៀង​ច្រើន ​ដែល​ធ្វើឱ្យមាន​ការរាំងស្ទះ​បន្តិចបន្តួច ក្នុង​បញ្ហា​គ្រោះធម្មជាតិ និង​មួយ​ទៀត ដោយ​សារមាន​ការបិទ​ខ្ទប់នាពេល​កន្លងមក​នេះ ​ក៏​ធ្វើឱ្យមាន​បញ្ហា​បន្តិច​ផងដែរ។

បើតាម លោក ម៉ី សុភា សម្រាប់​កម្លាំង​ជំនាញ ដែល​បាន​និង​កំពុង​ឈរ​​ជើង​នៅក្នុង​ការដ្ឋាន​បឹង​គ្រុំ​ នៃ​ស្រុក​ល្វាឯម​នេះមានចំនួន ៣៥ នាក់ មកពី​គ្រប់​សមាសភាព​ជំនាញ​ទាំង​អស់ ។

ដោយ​ឡែក សម្រាប់​តាម​ផែនការ​មួយឆ្នាំ នឹង​ធ្វើឱ្យ​រួចរាល់ ក្នុង ៤ ការដ្ឋាន ឱ្យ​ចប់​សព្វគ្រប់​រួមមាន កា​រដ្ឋា​នៅ​ស្រុក​ល្វាឯម ការដ្ឋាន​នៅ​ស្រុក​មុខកំពូល ការដ្ឋាន​នៅ​ស្រុក​ពាម​រ​ក៍ និង​ការ​ដ្ឋា​ន​នៅ​ស្រុក​ពាម​ជរ ខេត្ត​ព្រៃ​វែង ។

លោក ម៉ី សុភា ថ្លែង​ថា៖ «សម្រាប់​សម្ភារ​ប្រើ​ប្រាស់ និង​កម្លាំង​ជំនាញ គឺ​មិនមាន​ការខ្វះខាត​នោះទេ ហើយ​បច្ចុប្បន្ន​នេះ កម្លាំង​ជំនាញ​កំពុង​យក​នៅ បឹង​គ្រុំ ស្រុក​ល្វាឯម​មួយ​ការដ្ឋាន ក៏​ត្រៀម​បើក​រដ្ឋា​ន​ថ្មី​មួយទៀត​ដែរ គឺ​នៅ​ស្រុក​មុខកំពូល​ទៀត ។ យើង​កំពុង​មាន​ប្រតិ​បត្តិការ​លើ​ពីរ​ការដ្ឋាន​ទន្ទឹមគ្នា។ ដូច្នេះ យើង​នៅ​សល់តែ ២ ការ​ដ្ឋាន​ទៀតទេ នឹងត្រូវ​បាន​បញ្ចប់តាម​ផែន​ការ​ក្នុង​រយៈ​ពេល​ ១ ឆ្នាំ»។

លោក ​ម៉ី សុភា បញ្ជាក់​ទៀត​ថា សម្រាប់​ការ​បោសសំអាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ ក្នុង​នាវាចម្បាំង​លិច​ក្នុង​ទន្លេមេគង្គ​ស្ថិតនៅ​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម​ ត្រូវបាន​បញ្ចប់ ប្រកប​ដោយ​ជោគជ័យ​កាលពី​ពេលថ្មីៗ​នេះ ដោយ​ស្រង់​គ្រាប់​យុទ្ធភណ្ឌ​បាន​ជាង ១៦​ តោន រួមទាំង​សម្ភារ​សឹក បំណែក​ឆ្អឹង​សព និង​ស្រង់​នាវា​ឡើងមក​លើគោក​ជា​ស្ថាពរ ក្នុង​កិច្ចប្រតិ​បត្តិការ​រយៈពេល ៦​ ខែ។

បើតាម​លោក ម៉ី សុភា សម្រាប់​ការដ្ឋាន​ទី២ នៅ​ឃុំ​បឹង​គ្រំ ស្រុក​ល្វាឯម ខេត្តកណ្ដាល​នា​ពេល​នេះ ក្រុមការ​ងារ​បាន​ស្រាវ​ជ្រាវ និង​ទទួលបាន​លទ្ធផល​ថា នាវា​ចម្បាំង​ដែល​បាន​លិច​កាលពី​សម័យ​សង្គ្រាម​នោះ គឺជា​ប្រភេទ​នាវា​សឹក​របស់​កងទ័ព លន់ នល់​ ដែល​មាន​ចំណុះ​ប្រមាណ​ ៨០០ ​តោន ហើយ​ដែល​អ្នកស្រុក​ហៅ​ថា ប្លង់​តុង៕