The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​កំពង់​ធំ បន្ត​សាក​សួរ​មនុស្ស ១១ នាក់​ ពាក់​ព័ន្ធ​ការ​លេង​ល្បែង​បញ្ជល់​មាន់​




កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​កំពង់​ធំ បន្ត​សាក​សួរ​មនុស្ស ១១ នាក់​ ពាក់​ព័ន្ធ​ការ​លេង​ល្បែង​បញ្ជល់​មាន់​

Content image - Phnom Penh Post
អ្នក​លេង​ល្បែង​បញ្ជល់​មាន់ ដែល​ត្រូវ​បាន​កង​រាជ​អាវុធហត្ថ​ឃាត់​ខ្លួន​នាំ​យក​ទៅ សាក​សួរ​កាលពី​ថ្ងៃ​ទី ១​ ខែ​ មិថុនា ឆ្នាំ ២០២០។ រូប​ថត នគរបាល

កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​កំពង់​ធំ បន្ត​សាក​សួរ​មនុស្ស ១១ នាក់​ ពាក់​ព័ន្ធ​ការ​លេង​ល្បែង​បញ្ជល់​មាន់​

កំពង់​ធំៈ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ​ កាល​ពីម្សិល​មិញ នៅ​កំពុង​បន្តសាកសួរ​បុរសចំនួន​ ១១ នាក់​ បន្ទាប់​ពី​​ត្រូវ​​បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​ ១​ ខែ​​មិថុនា​​​ ដោយ​​រឹបអូស​បាន​​ម៉ូតូ​ចំនួន​ ៥៩​ គ្រឿង​ និង​មាន់​ជល់​​ចំនួន​ ១១ ក្បាលនៅ​ពេល​ចុះ​បង្ក្រាប​ ខណៈ​ពួក​គេ​កំពុង​លេង​ល្បែង​បញ្ជល់​មាន់ ​​នៅ​ភូមិគ្រួស ​ឃុំដូង​​ ស្រុក​ប្រាសាទ​បល្ល័ង្ក។​

លោក​ ផុន​ សុផល​ នាយ​ការិយា​ល័យ​ព្រហ្មទណ្ឌ​ នៃ​បញ្ជាការ​ដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ខេត្តកំពង់ធំ​ ឲ្យ​ដឹង​ពី​ម្សិលមិ​ញ​ថា​ ខណៈ​ដែល​កំពុង​សាក​សួរបុរស​ទាំង​នោះ​ ​រូប​លោកក៏​កំពុងរង់ចាំ​​ការ​បង្គាប់​​ពី​ព្រះរាជ​អាជ្ញាសិនដែរ​​ ថា​តើ​ត្រូវ​បញ្ជូនពួក​គេ​​ទៅ​សាលាដំបូងខេត្តកំពង់ធំ​​ ឬ​គ្រាន់​តែ​ធ្វើ​ការ​អប់រំពួកគេ។​

លោក​បញ្ជាក់​ថា​៖«​ បើ​​អយ្យការ​ឲ្យ​បញ្ជូន​​ទៅ​តុលាការ​ យើង​ក៏​ធ្វើ​តាម​នោះ​ទៅ»​។​ លោក ​សុផល​ ថ្លែង​ថា​ ដោយ​អនុវត្តគោល​នយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ​និង​ដើម្បី​រក្សាការពារ​សន្តិសុខ​សង្គម​​ កង​រាជ​អាវុធ​ហត្ថ​ បាន​​ស៊ើបអង្កេត​ ដឹង​ថា ​នៅ​ក្នុង​ភូមិ​សាស្រ្ត​ខាងលើ​ មាន​ការលួចលេង​ល្បែង​ភ្នាល់​ជល់មាន់​ និងល្បែង​អាប៉ោង​ទើប​សមត្ថកិច្ច​បាន​​ចាត់​វិធាន​ការ​​ចុះ​បង្ក្រាប​។​

លោក​បន្ត​​ថា​ ការ​បង្ក្រាប​ទី​​តាំងល្បែង​ស៊ីសង​ខាងលើ​ បាន​ធ្វើ​ឡើង​ នៅរសៀល​ថ្ងៃ​ទី​ ១ ​​ខែ​មិថុនា​ ដែល​ប្រតិបត្តិការ​នេះ ​សមត្ថកិច្ច​​បាន​ឃាត់​​ខ្លួន​បុរស​​ចំនួន ​១១ នាក់ ​ក្នុង​នោះ​ក៏​មាន​អ្នក​លេង​ល្បែង​ចាក់អាប៉ោង​ផង​ដែរ​។​ ចំពោះ​វត្ថុតាង ​​ដែលសមត្ថកិច្ច​​ដកហូតបាន​​ មាន​ម៉ូតូ​ចំនួន​ ៥៩​ គ្រឿង​ ដែល​ម៉ូតូ​ទាំង​នោះ ​ម្ចាស់​បាន​រត់​ចោល​ពេល​សមត្ថកិច្ច​​ចុះ​​ទៅដ​ល់​។​

បើ​តាម​លោក ​សុផល​ ល្បែងបែបនេះ​គេ​គិត​ថា​ ជា​ល្បែង​តូចតាច​ហើយ​ជា​ល្បែង​កំសាន្ត​ ប៉ុន្តែ​វា​មាន​ផល​ប៉ះពាល់​ដល់​សុវត្ថិភាព​ សណ្តាប់​​ធ្នាប់​សាធារណៈ​​នៅក្នុង​ស្រុក​​ភូមិ​។​ ម៉្យាងវា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​គោល​នយោ​បាយ​ភូមិ​-​ឃុំ​ មាន​សុវត្ថិ​ភាព ​ទើប​សមត្ថកិច្ច​​​ចុះ​បង្ក្រាប។​

លោក​ពន្យល់ថា​ ធម្មតា​អ្នកញៀនល្បែង​ តែង​មាន​​ចិត្ត​លោភលន់​ ហើយ​បើ​​ពេល​ណា​លេង​​ចាញ់​ ក៏​រឹត​តែ​មាន​អារម្មណ៍​មួរម៉ៅ​ ជួនកាល​អាច​ឈាន​ដល់​អំពើ​ឃាតកម្ម​​ ឬ​​ប្រើ​អំពើហិង្សា​ធ្ងន់ធ្ងរទៀត​ផង​។​

លោក​បន្ថែមថា​៖ ​«កាលណា​គាត់​លេង​ល្បែង​ចាញ់​ហើយ ​បើ​​លួច​​ទ្រព្យអ្នកដទៃ​មិនបាន​ ក៏​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុង​ផ្ទះដែរ​ ដើម្បី​យក​លុយ​​ទៅ​លេង​ល្បែង​។ ជួន​កាល​ក៏​​កើត​មាន​ជា​អំពើហិង្សា​ក្នុង​គ្រួសារ​អ៊ី​ចឹង​ទៅ​»៕

អត្ថបទគួរចាប់អារម្មណ៍