The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កង​រាជ​អាវុធហត្ថ​គ្រោង​ចល័ត​កម្លាំង ពីភ្នំពេញ​ទៅ​ស្វាយរៀង ដើម្បីប្រារព្ធខួប ២៥ ឆ្នាំ

កង​រាជ​អាវុធហត្ថ​គ្រោង​ចល័ត​កម្លាំង ពីភ្នំពេញ​ទៅ​ស្វាយរៀង ដើម្បីប្រារព្ធខួប ២៥ ឆ្នាំ

Content image - Phnom Penh Post
កងកម្លាំងប្រដាប់អាវុធនិងយោធបរិក្ខារក្នុងពេលទៅចូលរួមព្យុហយាត្រានៅបាត់ដំបង កាលពីខែមុខ ។ រូបថត ហ្វេសប៊ុក

កង​រាជ​អាវុធហត្ថ​គ្រោង​ចល័ត​កម្លាំង ពីភ្នំពេញ​ទៅ​ស្វាយរៀង ដើម្បីប្រារព្ធខួប ២៥ ឆ្នាំ

ភ្នំពេញៈសមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​កិច្ច​លើ​ផ្ទៃ​ប្រ​ទេស​គ្រោង​នឹង​ចល័ត​កម្លាំង​ពី​ភ្នំពេញ​ទៅ​ខេត្ត​ស្វាយ​រៀង​ដើម្បី​ប្រារព្ធ​ពិធី​អប​អរ​ខួប​អនុ​ស្សា​វរីយ៍​លើក​ទី​២៥​ដែល​នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៤​កក្កដា​ខណៈ​ការ​បោះ​ឆ្នោត​ខិត​ជិត​មក​ដល់​។​នេះ​បើ​តាម​សេច​ក្ដី​ប្រ​កាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​១០​ខែ​កក្កដា​ដែល​ជា​ការ​ជូន​ជ្រាប​ដល់​សា​ធារ​ណ​ជន​ ។

បើ​តាម​សេច​ក្ដី​ជូន​ដំណឹង​ពិធី​នេះ​នឹង​ប្រា​រព្ធ​ឡើង​ក្រោម​អធិ​បតី​ភាព​លោក​ឧប​នា​យក​រដ្ឋ​មន្ត្រី​ ទៀ​ បាញ់​រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ដោយ​ប្រើ​កម្លាំង​ចល័ត​ចំនួន​៨០០​នាក់​ចេញ​ដំណើរ​ពី​សា​លា​កង​រាជ​អាវុធ​ហត្ថ​កំបូល​និង​មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺន​ភ្នំ​ជុំ​រាយ​នៅ​យប់​ថ្ងៃ​១២​កក្កដា​សំដៅ​ទៅ​ខេត្ត​ស្វាយ​រៀង​ហើយ​ត្រូវ​ត្រ​ឡប់​មក​វិញ​នៅ​ថ្ងៃ​១៤​កក្កដា បន្ទាប់​ពី​ចប់​កម្ម​វិធី​។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​រដ្ឋា​ភិ​បាល​ចល័ត​កម្លាំង​ខណៈ​ការ​បោះ​ឆ្នោត​ខិត​ជិត​មក​ដល់ ប៉ុន្តែ​កាល​ពី​ចុង​ខែ​មុន​ក៏​មាន​ការ​ចល័ត​កង​កម្លាំង​និង​យោធ​បរិក្ខារ​ពី​ទី​បញ្ជា​ការ​ដ្ឋាន​កង​អង្គ​រក្ស​នៅ​ក្រុង​តា​ខ្មៅ​ខេ​ត្ត​កណ្ដាល​ទៅ​ខេត្ត​បាត់​ដំបង​ផងដែរ​ដើម្បី​ចូល​រួម​ព្យុហ​យា​ត្រា​ខួប​លើក​ទី​៣០​នៃ​ថ្ងៃ​កំ​ណើត​យោធ​ភូមិ​ភាគ​៥ ​ដែល​ប្រារព្ធ​ធ្វើ​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​មិថុនា​​កន្លង​ទៅ​។

លោក ​អេង ហ៊ី អ្នកនាំ​ពាក្យ​​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រ​ទេស​បាន​ថ្លែង​នៅ​ថ្ងៃទី​១១​កក្កដា​នេះ​ថា​ ការ​ចល័ត​កម្លាំង​​នេះ​នឹង​ធ្វើ​ឡើង​នៅ​ពេល​យប់​និងមិន​មាន​ប្រដាប់​អាវុធ​ជាប់​ខ្លួន​ទេហើយក៏​​មិន​មែន​ជា​ការ​បំភិតបំ​ភ័យ​និង​មិន​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​បារម្ភ​នោះ​ទេ​។​

​លោក​ថា​៖«​ក្នុង​លិខិត​របស់ខ្ញុំ​បាន​បញ្ជាក់​ច្បាស់​ហើយ​គឺថា​យើង​ចល័ត​ទៅ​ដើម្បីចូលរួម​ក្នុង​ពិធី​អបអរ​សាទរ​ខួប​អនុស្សា​វរីយ៍​លើក​២៥​ទិវា​កង​រាជ​អាវុធ​ហត្ថ​ហើយ​កម្លាំង​ទ័​ពនេះ​ក៏មា​នការ​អនុញ្ញាត​ពី​អគ្គ​បញ្ជាកា​រដ្ឋាន​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ដែរ​តាម​រយៈ​ការស្នើ​​សុំ​របស់​កងរាជ​អាវុធ​ហត្ថ​គឺ​ឲ្យ​កម្លាំង​ចល័ត​។​ការធ្វើ​ពិធី​នេះ​មិន​មែន​តែ​ឆ្នាំ​ហ្នឹង​ទេ​គឺ​យើង​បាន​ធ្វើជា​រៀង​រាល់​ឆ្នាំហើយ​កម្លាំង​ឆ្នាំ​ផ្សេងៗ​ទៀត​ច្រើន​ជាង​នេះ​ទៀត​»​។​

លោក​បាន​បន្ថែមថា​៖«​ដោយ​សារ​ខ្លាច​ការ​លើក​ឡើង​នេះ​ហើយ​បា​នជា​ក​ងរាជ​អាវុធ​ហត្ថ​បានធ្វើ​ការប្រ​កាស​​ព័ត៌មាន​ដើម្បី​ឲ្យ​ប្រជា​ជន​ជ្រាប​…ហើយ​ការ​ចល័ត​កម្លាំង​នេះ​មិន​មាន​អាវុធ​ជាប់​នឹង​ខ្លួនទេ​គឺ​មានតែ​មនុស្ស​ទេ​ហើយ​យើង​ចល័ត​នៅ​ពេល​យប់​ដែរ​មិន​ឲ្យ​ប្រជាជ​នមាន​ការ​ភ្ញាក់ផ្អើល​ទេ​។​គ្មាន​​អ្វីដែល​ត្រូវ​ប​ញ្ជេ​ញ​កម្លាំង​ទៅ​កំរាម​កំ​ហែង​(​ប្រជា​ជន​)​នោះ​ទេ​​»​។

​យ៉ាង​ណា​ក្ដី លោក សំ គ​ន្ធា​មី នាយ​ក​ប្រតិប​ត្តិ​គណៈ​កម្មា​ធិការ​អ​ព្យា​ក្រឹត និង​យុត្តិ​ធម៌ ដើម្បី​ការបោះ​ឆ្នោត​ដោយ​សេរីនិង​ត្រឹម​ត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និក​ហ្វិ​ច យល់​ថា៖«​យើង​មិនគួរ​មាន​ការ​ចល័ត​កម្លាំង​ប្រដា​ប់​អាវុធ​ដោយ​សារ​បរិ​យាស​បោះ​ឆ្នោត​។​សា​ធារណ​ជន​និង​សហ​គមន៍​អន្តរ​ជាតិ​មើល​ឃើញ​ការ​ចល័តកង​ទ័​ពមិនល្អ​ទេ​។​វា​នឹងធ្វើ​ឲ្យ​ពលរដ្ឋ​និង​អ្នក​បោះ​ឆ្នោត​មាន​ការ​បារម្ភ​និង​ភ័យ​ខ្លាច​ទោះបីជា​រដ្ឋាភិ​បាល​ចល័ត​ក្នុង​បំណង​ល្អ​ក៏​ដោយ​»។​

ទន្ទឹមនឹង​នេះ​កាល​ពី​ថ្ងៃទី​១០​ខែ​កក្កដា​គេហទំ​ព័រ​អគ្គ​ស្នងការ​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹង​ថា​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ស្ទឹង​ត្រែង​បាន​បើក​វគ្គ​បណ្តុះប​ណ្តាល​មេ​រៀន​របៀប​យុទ្ធ​វិធី​ការពារ ទប់​ស្កាត់ កូដកម្ម បាតុកម្ម កុប​កម្ម​កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨​។​លោក​ឧ​ត្ត​ម​សេនី​យ៍​ទោ ម៉ៅ តារា ស្នង​ការ​នគរ​បាល​ខេត្ត​បាន​បាន​​ក្រើន​រំឭក​បន្ថែម​លើ​ការងារការ​ប្រមូល​ផ្ដុំ​កម្លាំង​កម្លាំង​ប្រចាំ​ការ​,​កម្លាំង​ប្រចាំ​បញ្ជា​,​កម្លាំង​អន្តរា​គមន៍​«ត្រូវ​មាន​ជា​ប្រចាំ​២៤​ម៉ោង​លើ ២៤​ម៉ោង សម្រាប់ ការ​ចេញ​ល្បាត​ត្រួត​ពិនិត្យ ដើម្បី​ថែ​រក្សា សន្តិ​សុខ សុវត្ថិ​ភាព សណ្តាប់​ធ្នាប់​សាធារ​ណៈ​ទូទាំង​ខេត្ត ​ដើម្បី​ថែរ​ក្សា​បានទ្រព្យ​សម្បត្តិ និង​ផ្ដល់​ភាព​កក់​ក្ដៅ ដល់​ពល​រដ្ឋ។​
ដោយឡែក នៅ​ខេត្ត​កំ​ពត​កាលពី​ថ្ងៃទី​៩​ខែ​កក្កដា លោក​ឧ​ត្ត​ម សេ​នីយ៍​ត្រី ​អ៊ីង សុ​ខុន ស្នង​ការ​រង​ទទួល​ផែន​សេនា​ធិការ​បាន​បើក​វគ្គ​បណ្តុះប​ណ្តាល​ដល់​កងក​ម្លាំ​ង​អន្តរាគមន៍​តាម​ផែន​ទាំង​១០និង​អធិកា​រដ្ឋាន​នគរ​បាល​ក្រុង​-​ស្រុក​ទាំង​៨​សម្រាប់​ទប់​ទល់​បាតុ​កម្ម​ដែល​មាន​សិក្ខា​កាម​សរុប​​១២០​នាក់​ស្រី​ចំនួន​៨​នាក់​៕​

អត្ថបទគួរចាប់អារម្មណ៍