ភ្នំពេញៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេសជាង ៦០០នាក់ នៅថ្ងៃព្រហស្បតិ៍នេះ នឹងត្រូវបានបញ្ជូនទៅចូលរួមសហការជាមួយ សមត្ថកិច្ច នគរបាលជាតិ កម្លាំងយោធា មន្រ្តីតុលាការ និងមន្រ្តីក្រសួងរ៉ែ និងថាមពល ដើម្បីពង្រឹងកិច្ចការពារ និងការអនុវត្តច្បាប់ លុបបំបាត់ការជីករ៉ែអនាធិបតេយ្យគ្រប់ប្រភេទ នៅទូទាំងប្រទេសកម្ពុជា។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញនេះថា កងរាជអាវុធហត្ថប្រដាប់ដោយអាវុធ ចំនួន ៦១២នាក់ នឹងចូលរួមក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសជីករ៉ែអនាធិបតេយ្យនេះ តាមរយៈការស្នើរបស់ក្រសួងធនធានរ៉ែ និងថាមពល ក្នុងគោលដៅការពារផលប្រយោជន៍ជាតិ និងពលរដ្ឋ ពីសំណាក់ឈ្នួលទុច្ចរិត។
លោកថា៖ «យើងត្រូវការពារ ក្នុងករណីធ្ងន់ធ្ងរ គឺយើងនឹងបង្ក្រាបតែម្តង។ យើងត្រៀមកម្លាំងរួចអស់ហើយ នឹងចាប់ផ្តើមពីស្អែក (ថ្ងៃ ព្រហស្បតិ៍)នេះ មិនបានកំណត់ពេលថា បញ្ចប់ពេលណាទេ អាស្រ័យលើការងារ… កន្លែងធ្វើអាជីវកម្មនោះ គឺក្នុងព្រៃចឹង យើងមានប្រដាប់អាវុធគ្រប់ដៃ»។
លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងធនធានរ៉ែ និងថាមពល ដែលកំពុងបំពញបេសកកម្មអធិការកិច្ចនៅខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការស្នើកិច្ចសហការពីខាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើឡើងកាលពីខែ កុម្ភៈ តាមរយៈប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីសម្រួលដល់អធិការកិច្ចរបស់មន្រ្តីជំនាញក្រសួងនេះ ក្នុងកិច្ចចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសរុករករ៉ែ អនាធិបតេយ្យនានា ទូទាំង ២៥ រាជធានីខេត្ត ដែលកំពុងកើតមាន ជាពិសេសនៅតំបន់ព្រៃភ្នំ។
លោកថា៖ «ពេលចុះមកហ្នឹង មានស្ថានភាពស្មុគស្មាញ មានការចូលព្រៃជ្រៅ មានការគំរាមហែងមកលើមន្រ្តីរបស់យើង ទីតាំងរ៉ែនៅក្នុងព្រៃជ្រៅៗ អ្នកធ្វើអាជីវកម្មខុសច្បាប់នេះ គឺគាត់ប្រថុយជីវិត គាត់មិនពេញចិត្តដែលយើងចុះទៅបង្ក្រាបទេ ចឹងហើយយើងប្រឈមនឹងគ្រោះថ្នាក់ដែរ ពេលខ្លះ យើងឃាត់ទៅ គាត់តដៃមកទៀតសុទ្ធតែជាប្រជាពលរដ្ឋយើង ចឹងបើមានរឿងគឺពិបាកណាស់»។
លោក ម៉េង សក្តិធារ៉ា បានឲ្យដឹងថា អធិការកិច្ចលើបទល្មើសជីករ៉ែអនាធិបតេយ្យនេះ ត្រូវបានបែកចែកជា៣ក្រុម និងបានចាប់ផ្តើមតាំងពីដើមឆ្នាំ២០១៥នេះមកម្ល៉េះ ដោយបានបញ្ចប់ប្រមាណ ១០ ខេត្តមកហើយ និងមានបទល្មើសច្រើន ដែលត្រូវបានរកឃើញផងដែរ។
លោកថា៖ «ខាងក្រសួងក៏បានកំពុងនឹងរៀបចំបង្កើតក្រុមការងារ ដើម្បីសិក្សាផ្នែកច្បាប់ ហើយដំណើរការនីតិវិធីតុលាការ ដើម្បីផ្តន្ទាទោសជនល្មើសក្នុងអាជីវកម្មរ៉ែនេះផងដែរ»៕