ភ្នំពេញៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រមានចាត់វិធានការចំពោះមុខច្បាប់ទៅដល់មន្ត្រីប្រដាប់អាវុធទាំងឡាយណាដែលបង្កការលំបាកដល់មន្ត្រីដែលចុះត្រួតពិនិត្យយានយន្តគ្រប់ប្រភេទប្រើស្លាកលេខ ខ.ម ដែលគ្រោងធ្វើនៅថ្ងៃទី ២៦ ខែតុលាខាងមុខនេះ។
យោងទៅតាមលិខិតណែនាំរបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៥ ឲ្យដឹងថាចាប់ពីថ្ងៃទី ២៦ ខែតុលាកម្លាំងកងរាជអាវុធហត្ថនឹងចាប់ផ្តើមត្រួតពិនិត្យយានយន្តគ្រប់ប្រភេទដែលប្រើស្លាកលេខ ខ.ម ខុសច្បាប់។ ចំពោះមុខអង្គភាពកងរាជអាវុធហត្ថត្រូវពិនិត្យកងរាជអាវុធហត្ថជាជំហានដំបូង។
នៅក្នុងលិខិតនោះឲ្យដឹងទៀតថា៖ «នាយទាហាន-នាយទាហានរងកងរាជអាវុធហត្ថណាដែលរឹងទទឹងត្រូវធ្វើការឃាត់ខ្លួន និងឃាត់ទុកមធ្យោបាយ។ ចំពោះបុគ្គលណាដែលអប់រំហើយមិនព្រមអនុវត្តតាមត្រូវមានវិធានការចំពោះមុខច្បាប់»។
សេចក្តីណែនាំឲ្យដឹងទៀតថាវិធានការនោះក៏នឹងតម្រូវឲ្យរថយន្តបិទស្កុតខ្មៅត្រូវបកចេញ និងត្រួតពិនិត្យលើមន្ត្រីកងកម្លាំងទាំងឡាយណាដែលបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពផងដែរ។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងថាលិខិតណែនាំនេះបានផ្សព្វផ្សាយទៅដល់ ២៥ រាជធានី-ខេត្ត-ក្រុង ឲ្យបញ្ឈប់ការប្រើស្លាកលេខ ខ.ម មិនស្របច្បាប់ប្រសិនបើមានហើយបើសិនជានៅរឹងទទឺងគឺលើកដំបូងអប់រំបើនៅតែមិនស្តាប់ទៀតនោះគឺត្រូវចាត់វិធានការទៅតាមច្បាប់។
លោកថា៖ «យើងត្រូវតែឆែកមើលថាតើការប្រើប្រាស់នោះស្របតាមច្បាប់ដែរឬអត់?»។
កាលពីថ្ងៃទី ២៩ ខែកញ្ញាកន្លងមកក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសស្តីពីការពង្រឹងយានយន្តគ្រប់ប្រភេទដែលនៅតែបន្តប្រើប្រាស់ស្លាកលេខនគរបាលជាតិ ឬ ន.ប និង ខ.ម ដែលចុះហត្ថលេខាដោយលោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់ចេញនូវគោលការណ៍ចំនួន ៤ ចំណុចគឺម្ចាស់យានយន្តគ្រប់ប្រភេទដែលប្រើប្រាស់ស្លាកលេខនគរបាលជាតិត្រូវបំពេញកាតព្វកិច្ចបង់ពន្ធនាំចូល និងពន្ធផ្លូវតាមការកំណត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវឃាត់យានយន្តដកហូតប័ណ្ណសម្គាល់ស្លាកលេខ និងព្រមានដល់ម្ចាស់រថយន្តចំពោះយានយន្តនគរបាលជាតិណាដែលអនុញ្ញាតឲ្យពុំមែនជានគរបាលប្រើប្រាស់ និងប្រើប្រាស់យានយន្តនគរបាលជាតិដើម្បីធ្វើអាជីវកម្ម ឬផលប្រយោជន៍ឯកជនត្រូវឃាត់រថយន្ត និងម្ចាស់ ឬអ្នកបើកបរដើម្បីអនុវត្តតាមនីតិវិធីច្បាប់ដែលប្រើប្រាស់ស្លាកលេខរថយន្តនគរបាលជាតិមិនត្រឹមត្រូវ ឬក្លែងក្លាយ និងអគ្គស្នងការនគរបាលជាតិត្រូវត្រួតពិនិត្យនៅតាមអង្គភាព ឬតាមដងផ្លូវ។
លោក សន ជ័យ តំណាងសម្ព័ន្ធភាពគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកថ្លែងថាដើម្បីត្រួតពិនិត្យរថយន្តពាក់ស្លាកលេខ ន.ប និង ខ.ម ឲ្យមានប្រសិទ្ធភាពគឺត្រូវធ្វើការចុះបញ្ជីឡើងវិញនៅក្រសួងសាធារណការថាតើរថយន្តប្រភេទណាខ្លះដែលត្រូវពាក់ស្លាកលេខ ន.ប និង ខ.ម បានកន្លងមកមានរថយន្តអត់ពន្ធច្រើនណាស់ជ្រកក្រោមស្លាកលេខ ន.ប និង ខ.ម ដែលធ្វើឲ្យរដ្ឋខាតបង់ចំណូលចូលជាតិច្រើន។
លោកថា៖ «យើងត្រូវកំណត់ថាតើមន្ត្រីស័ក្តិប៉ុនណាទើបអាចពាក់ស្លាកលេខ ខ.ម បាន»។
គួររំឭកផងដែរថាកន្លងមកប្រតិភូរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក គង់ វិបុល ឲ្យដឹងតាមរយៈការចុះផ្សាយតាមបណ្ដាញសង្គមដោយទទូចឲ្យម្ចាស់រថយន្តដែលប្រើស្លាកលេខនគរបាលជាតិ ឬខេមរភូមិន្ទជាលក្ខណៈឯកជនចាំបាច់ត្រូវបង់ពន្ធលើកលែងរថយន្ត ខ.ម ឬ ន.ប ដែលមានការបញ្ជាក់ និងទទួលស្គាល់ពីអង្គភាពពន្ធដាររដ្ឋទើបអាចរួចផុតពីការបង់ពន្ធ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថាចំនួនទោចក្រយានយន្តនៅកម្ពុជាសព្វថ្ងៃមានប្រមាណ ១ លានគ្រឿង៕