ភ្នំពេញៈ បុគ្គលិក​ ១០ ​នាក់​ នៃ​អង្គការ​ការពារ និង​អភិរក្ស​សត្វ ព្រៃឈើ ជលផល​កម្ពុជា​ត្រូវ​បាន​ឃាត់ខ្លួន​លើ​សំណុំរឿង​ដើរ​គំរាមកំហែង​ និង​ប្រើប្រាស់​ស្លាក​រថយន្ត ខ.ម របស់​ក្រសួង​ការពារជាតិ ហើយ​ជនសង្ស័យ​ទាំងនោះ​ត្រូវ​បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​កាលពី​ម្សិលមិញ​។

អាវុធហត្ថ​ស្រុក​ព្រៃនប់​នៃ​ខេត្ត​ព្រះសីហនុ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ ១០ ​នាក់​នោះ​​ កាលពី​ថ្ងៃ​ទី​ ១៨ កុម្ភៈ ព្រោះ​ពួកគេ​ប្រើ​ស្លាក​លេខ​រថយន្ត ខ.ម និង​ដើរ​គំរាមកំហែង​អ្នកភូមិ​។

លោក សេក សូនី នាយការិយាល័យ​ព្រហ្មទណ្ឌ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ជនសង្ស័យ​ទាំង​ ១០ ​នាក់ ​ត្រូវ​បាន​បញ្ជូន​ដល់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​​រួចរាល់​ហើយ​។

លោក សូនី ថ្លែងថា សមត្ថកិច្ច​របស់​លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ជា​បុគ្គលិក អង្គការ​អភិរក្ស​ជលផល បរិស្ថាន សត្វព្រៃ និង​ព្រៃឈើ ប្រទេស​កម្ពុជា​ចំនួន​ ១០ ​នាក់​ ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​នៅ​រសៀល​ថ្ងៃទី​ ២០ ​កុម្ភៈ​។

លោក សូនី ថ្លែង​ថា​៖ «​ព័ត៌មាន​លម្អិត​ស្តីពី​មូលហេតុ​នៃ​ការប្រព្រឹត្ត​ខុស​ច្បាប់​របស់​ពួកគេ​យ៉ាងណា​នោះ​ខ្ញុំ​មិនអាច​ផ្តល់ជូន​បានទេ​ ព្រោះ​មានតែ​ខាង​តុលាការ​ទេ​។ ពួកគាត់​ជា​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ហើយ​ពាក់ព័ន្ធ​បញ្ហា​នេះ​តុលាការ​នឹង​សាកសួរ​ពួកគាត់​លម្អិត​ទៀត​។ ចំណែក​ខាង​ខ្ញុំ​បាន​តែ​ត្រឹម​កសាង​សំណុំរឿង​ទេ​»​។

ជុំវិញ​ការឃាត់ខ្លួន​នេះដែរ​ពី​ម្សិលមិញ​លោក ឃាង ភារម្យ អ្នកនាំពាក្យ​នៃ​រដ្ឋបាលខេត្ត ព្រះសីហនុ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​កំពុង​ដំណើរការ​នីតិវិធី​ហើយ ហើយ​បុគ្គលិក​អង្គការ​ទាំងនោះ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។

លោក ភារម្យ ថ្លែងថា​៖ «​បញ្ហា​នេះ​កំពុង​ស្ថិត​នៅក្នុង​នីតិវិធី​របស់​តុលាការ​។ ដូច្នេះ​លោក​មិនអាច​បកស្រាយ​អ្វី​បានទេ​»​។ ​ចំពោះ​សំណួរ​សួរថា​អង្គការ​មួយ​នេះ​មាន​ការទទួលស្គាល់​ពី​ក្រសួងមហាផ្ទៃ​យ៉ាងណា​នោះ​លោក​ទុក​ឲ្យ​ខាង​តុលា​ការធ្វើការងារ​នេះ​សិន​។ ព្រោះ​អាជ្ញាធរខេត្ត​មិនមែន​ជា​អ្នក​សួរចម្លើយ​ទេ មាន​តែ​តុលាការ​ទេ​ដែលជា​អ្នក​សួរចម្លើយ​។ វា​នៅក្នុង​នីតិវិធី​នៃ​តុលាការ​កំពុង​ស៊ើបសួរ​អ៊ីចឹង​ទុក​ឲ្យ​តុលាការ​ធ្វើការ​សិន​»​។

ទោះយ៉ាងណា​ពី​ម្សិលមិញ ភ្នំពេញ​ប៉ុស្តិ៍​បាន​ទូរស័ព្ទ​ទាក់ទង​ទៅ​បុរស​ម្នាក់​ដែល​គាត់​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​បាន​អះអាងថា​ជា​អតីត​បុគ្គលិក​របស់​អង្គការ​អភិរក្ស​ជលផល បរិស្ថាន សត្វព្រៃ និង​ព្រៃឈើ ប្រទេស​កម្ពុជា នោះបាន​ប្រាប់​ថា ប្រធាន​អង្គការ​អភិរក្ស​ជលផល បរិស្ថាន សត្វព្រៃ និង ព្រៃឈើ ប្រទេស​កម្ពុជា​នេះ​ឈ្មោះ​ ស៊ុន សាមាឃ និង​មានការ​ទទួលស្គាល់​ត្រឹមត្រូវ​ពី​ក្រសួង​មហាផ្ទៃ​ហើយ​អង្គការ​​ក៏​តែងតែ​ធ្វើ​របាយការណ៍​រាយការណ៍​ទៅ​ក្រសួង​មហាផ្ទៃ​ជាប្រចាំ​ឆ្នាំ​ដែរ​។ ប៉ុន្តែ​ទើបតែ​ចូល​ឆ្នាំ​ ២០២០ នេះ​ទេ​ទើប​អង្គ​ការឈប់​ធ្វើ​សកម្មភាព​ព្រោះ​បាត់​ប្រធាន​របស់​អង្គការ​មិនដឹង​ទៅណា ហើយ​បុគ្គលិក​ដែល​មាន​ប្រមាណ​ជា​ ១០ ​នាក់​នោះ​ ក៏​គ្មាន​អ្នកចេញ​កាត​សម្គាល់​ខ្លួន​ឲ្យ​ក៏​នាំគ្នា​រំសាយ​អស់​ទៅ​។

លោក​ប្រាប់ថា​៖ «​ខ្ញុំ​ជា​អ្នក​យក​របាយការណ៍​ឡើងទៅ​ក្រសួងមហាផ្ទៃ​ផ្ទាល់ តែ​ខ្ញុំ​មិនដឹង​ថា អង្គការ​ទទួល​ជំនួយ​ពី​ណា​ទេ​»​។

បុរស​រូបនោះ​បញ្ជាក់​ថា​អង្គការ​ខាងលើ​បាន​រំសាយ​ឈប់​តាំងពី​ខែ​មករា ឆ្នាំ​ ២០១៩ ​មក​។ ចំពោះ​ទីស្នាក់ការ​របស់​អង្គការ​មាន​នៅ​ខេត្ត ព្រះវិហារ ខេត្ត ក្រចេះ ខេត្ត រតនគិរី និង​នៅ​ខេត្តមណ្ឌលគិរី ក៏មានដែរ តែ​ចំពោះ​ខេត្ត​ព្រះសីហនុ​លោក​មិនដឹងថា មាន​ស្នាក់ការ​ឬ​អត់​ទេ​។

ជុំវិញ​ការឃាត់ខ្លួន​បុគ្គលិក​អង្គការ​អភិរក្ស​ជលផល បរិស្ថាន សត្វព្រៃ និង​ព្រៃឈើ ប្រទេស​កម្ពុជា​នេះ​ពី​ម្សិលមិញ​ភ្នំពេញ​ប៉ុស្តិ៍​បាន​ទូរស័ព្ទ​ទៅ​លោក ម៉ែន វណ្ណា មេបញ្ជាការរង កងកម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ព្រៃនប់ ដែលជា​អ្នកដឹកនាំ​ប្រតិបត្តិ​ការឃាត់ខ្លួន​មនុស្ស​ទាំង​ ១០ ​នាក់​នោះដែរ​តែ​លោក​ត្រឹម​ទទួល​ទូរស័ព្ទ​ហើយ​ឆ្លើយថា​កំពុង​ជាប់​ប្រជុំ​។

តែបើ​តាម​កំណត់ហេតុ​របស់​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់ថា ការឃាត់​ខ្លួន​មនុស្ស​ ១០ ​នាក់​នោះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​ ៤ និង​ ៥០ ​នាទី​រសៀល​ថ្ងៃទី​ ១៨ ខែ​ កុម្ភៈ ឆ្នាំ​ ២០២០ បន្ទាប់ពី​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ករណី​ប្រើប្រាស់​រថយន្ត​ផ្ទាល់ខ្លួន​ពាក់​ស្លាក​លេខ ខ.ម នឹង​ប្រើប្រាស់​តួនាទី​ជា​អង្គការ​អភិរក្ស​ជលផល បរិស្ថាន សត្វព្រៃ និង​ព្រៃឈើ ប្រទេស​កម្ពុជា​ធ្វើការ​គំរាមកំហែង​ប្រជាពលរដ្ឋ​នៅ​ចំណុច ភូមិ​ស្មាច់ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

ចំពោះ​វត្ថុតាង​ចាប់យក​រួមមាន រថយន្ត​ ១ ​គ្រឿង ​ពាក់​ស្លាក​លេខ ខ.ម 2-1973 ម៉ាក​ម៉ាស្តាពណ៌​ត្រេអ៊ី​៕