ភ្នំពេញ: មួយថ្ងៃបន្ទាប់ពីមានការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាឲ្យកងកម្លាំងទាំងអស់ត្រៀមលក្ខណៈដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ និងទប់មិនឲ្យមានបដិវត្តន៍ពណ៌នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងទៅតាមសារមួយបង្ហោះលើទំព័រព័ត៌មានរបស់កងរាជអាវុធហត្ថដែលបានចុះផ្សាយកាលពីថ្ងៃពុធ។
នាថ្ងៃទី ៤ ខែកញ្ញានៅសាលប្រជុំសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកឧត្តមសេនីយ៍ឯក វង្ស ពិសេន បានបញ្ជាឲ្យកងកម្លាំងទាំងអស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តទាំង ២៥ ត្រូវគ្រប់គ្រងព័ត៌មានទាំងក្នុងប្រទេស និងព័ត៌មានក្រៅប្រទេសឱ្យបានច្បាស់លាស់ហើយរាយការណ៍ឱ្យបានទាន់ពេលវេលាមកមេបញ្ជាការគ្រប់ម៉ោង ហើយកម្លាំងអាវុធហត្ថទាំងអស់ត្រូវត្រៀមលក្ខណៈទាំងកម្លាំងទ័ព ប្រតិបត្តិការ ទាំងកម្លាំងសិក្ខាកាម មធ្យោបាយ សម្ភារ គ្រឿងបំពាក់ភ័ស្តុភារ បច្ចេកទេស វិទ្យុទាក់ទង រថយន្ត រថពាសដែកត្រៀមជាស្រេចនៅពេលមានការអ្វីគឺអាចយកមកប្រើប្រាស់បានទាន់ពេលវេលា។
លោកបានបន្តថាកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រូវទទួលខុសត្រូវនៅរាជធានីភ្នំពេញ ហើយកងរាជអាវុធហត្ថនៅតាមខេត្តគឺ សហការរួមគ្នាជាមួយនឹងបញ្ជាការឯកភាពរបស់ខេត្ត និងគ្រប់បណ្តាអង្គភាពអាវុធហត្ថទាំងអស់នៅពេលទទួលការអប់រំ និងការផ្សព្វផ្សាយរួចត្រូវយកការផ្សព្វផ្សាយទាំងនេះទៅពន្យល់ដល់អ្នកនៅក្រោមឱវាទឱ្យបានយល់ និងជ្រួតជ្រាបអំពីកិច្ចការងារដែលត្រូវទទួលខុសត្រូវទប់ស្កាត់មិនឲ្យមានបដិវត្តន៍ពណ៌នៅក្នុងប្រទេសកម្ពុជាឲ្យបានជាដាច់ខាត។
លោកបានថ្លែងថា៖ «គ្រប់បណ្តាអង្គភាពកងរាជអាវុធហត្ថទាំងអស់ត្រូវតែគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងការពារឱ្យបានរដ្ឋាភិបាលស្របច្បាប់ប្តេជ្ញាចិត្តមិនឱ្យបដិវត្តន៍ពណ៌មាននៅក្នុងប្រទេសកម្ពុជាជាដាច់ខាត»។
លោកបានណែនាំឲ្យមន្ត្រីនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់ត្រូវតែស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា និងមើលឱ្យឃើញនូវល្បិចកលអមិត្តដែលចង់ប្រើប្រាស់រូបភាពបដិវត្តន៍ពណ៌មកលើទឹកដីកម្ពុជា។
លោក ជាម ច័ន្ទនី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានថ្លែងថាការត្រៀមនេះជារឿងនយោបាយ។
លោក ច័ន្ទនី ថ្លែងថា៖ «យើងឃើញហើយថារយៈពេលប៉ុន្មានថ្ងៃនេះយើងបានដឹងទាំងអស់គ្នាហើយខ្ញុំគ្មានអ្វីនិយាយទេហើយខ្ញុំគ្រាន់សន្និដ្ឋានថាគ្រប់យ៉ាងទាំងអស់វាជារឿងដែលពាក់ព័ន្ធទៅរឿងនយោបាយ»។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសថ្លែងថានេះភារកិច្ចរបស់កម្លាំងកងរាជអាវុធហត្ថ ហើយធ្វើតាមតួនាទីរបស់កងរាជអាវុធហត្ថ។
លោក មាស នី អ្នកវិភាគសង្គមក្នុងអង្គការមិនមែនរដ្ឋាភិបាលថ្លែងថារឿងនេះមិនចម្លែកអីទេ។
លោកថ្លែងថា៖ «បើយើងពិនិត្យមើលលទ្ធផលនៃការបោះឆ្នោតក៏គេអាចមើលឃើញថាប្រហែលមានមនុស្សជាង ៣ លាននាក់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រឆាំង ដូច្នេះការចាប់មេដឹកនាំគណបក្សប្រឆាំងគឺគេមានការព្រួយបារមុ្ភខ្លាំងពីព្រោះអ្នកទាំង ៣ លាននាក់អាចធ្វើការបះបោរតវ៉ាហើយប្រសិនបើមានការបះបោរតវ៉ាគេនឹងយកកម្លាំងមកបង្ក្រាបតែម្តង កុំឲ្យបះបោរ។ ទីពីរប្រសិនបើការបះបោរអាចក្លាយទៅជាធ្ងន់ធ្ងរពេលនោះ រាជរដ្ឋាភិបាលអាចមានលទ្ធភាពស្របច្បាប់ក្នុងការប្រកាសដាក់ប្រទេសក្នុងភាពមានអាសន្នហើយវាអាចនឹងប៉ះពាល់ដល់ការបោះឆ្នោត។ វាអាចដូចរបបយោធាថៃ»៕