ភ្នំពេញៈ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ (​ក.ជ.ក) រកឃើញ ថា​កុមារ​កម្ពុជា​មួយចំនួន​ដែល​កំពុង​ប្រើប្រាស់​ទូរស័ព្ទដៃ​វៃឆ្លាត​អាច​ក្លាយ​ជា​ជន​ងាយ​រងគ្រោះ​នៃ​ការរំលោភបំពាន និង​ការកេងប្រវ័ញ្ច​ផ្លូវភេទ​តាម​ប្រព័ន្ធ​អនឡាញ មាន​ដូចជា​គេហទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​កម្មវិធី​ទូរស័ព្ទដៃ​វៃឆ្លាត​នានា​។

លោកស្រី ញេប សុភាព អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន ក.ជ.ក. បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ Online child sexual exploitation (OCSE) គឺជា​បញ្ហា​សកល​ដែល​កើតឡើង​ក្នុង​ទម្រង់​ផ្សេងៗ​គ្នា និង​បាន​ក្លាយជា​ក្តីបារម្ភ​ថ្មី​មួយទៀត​ដែល​ទាមទារ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​សាធារណជន អាណាព្យាបាល​របស់​កុមារ អាជ្ញាធរ និង​សង្គម​ស៊ីវិល​ជាដើម ចាំបាច់​ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​ទប់ស្កាត់ និង ការពារ​កុមារ​ពី​ការរំលោភបំពាន​តាម​ប្រព័ន្ធ​អនឡាញ​នេះ​។

លោកស្រី​បន្ដថា កុមារ​រងគ្រោះ​ពី​ការកេងប្រវ័ញ្ច​ផ្លូវភេទ​បាន​បន្សល់​នូវ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ទាំង​ផ្លូវកាយ​ និង​ផ្លូវចិត្ត​។ កុមារ​រងគ្រោះ​ភាគច្រើន​មាន​អារម្មណ៍​ពិបាក​ក្នុង​ការទុកចិត្ត​អ្នកដទៃ អស់សង្ឃឹម បាក់ទឹកចិត្ត ឯកា ច្របូកច្របល់ ខកចិត្ត ស្តីបន្ទោស​ខ្លួនឯង និង​ឆាប់​ភ័យខ្លាច​ជាដើម​។

លោកស្រី​បញ្ជាក់ថា​៖ «​អំពើហិង្សា ការរំលោភបំពាន និង​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​គឺជា​ការព្រួយបារម្ភ​ថ្មី​មួយ​បាន​កើតឡើង​គ្រប់រូបភាព ដែល​យើង​មិន​អាច​មើល​ដឹង​ព្រោះតែ​ការវិវត្ត​ជឿនលឿន​នៃ​បច្ចេកវិទ្យា​»​។ លោកស្រី​ថ្លែងថា ក.ជ.ក. មាន​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​បញ្ហា​នេះ ដូច្នេះ ក.ជ.ក កំពុង​ជំរុញ និង​សម្របសម្រួល​ដល់​ក្រសួង ស្ថាប័ន អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​នានា ដើម្បី​ចូលរួម​ទាំងអស់​គ្នា​ក្នុង​ការលើកកម្ពស់​ការពារ និង​ទប់ស្កាត់ ការរំលោភបំពាន​លើ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​។

លោកស្រី សុភាព ឱ្យ​ដឹងថា កន្លងមក​កុមារ​កម្ពុជា​ក៏​ធ្លាប់​ជួបប្រទះ​ចំពោះ​អំពើហិង្សា​លើ​ប្រព័ន្ធ​អនឡាញ​នេះដែរ​ក្នុង​នោះ​ក្រសួង​មហាផ្ទៃ​មាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ជា​សេនាធិការ​កំពុង​បន្ត​ចាត់វិធានការ នានា​ក្នុង​ការទប់ស្កាត់​បញ្ហា​នេះ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​ស្ដីពី​កិច្ចពិភាក្សា​តុមូល​ក្រោម​ប្រធានបទ «​រួមគ្នា​លើកកម្ពស់ ការពារ និង​ទប់ស្កាត់ ការរំលោភបំពាន លើ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​» អំឡុង​ពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ របស់ ក.ជ.ក ចុះផ្សាយ​កាលពី​ថ្ងៃទី​ ១៥ ខែសីហា បង្ហាញ​ថា​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ តាម​ប្រព័ន្ធ​អនឡាញ​គឺជា​ទម្រង់​នៃ​ការកេងប្រវ័ញ្ច និង​ការរំលោភបំពាន​ផ្លូវភេទ​លើ​កុមារ ដែល​កំពុង​កើត​មាន​ឡើង​លើ​ប្រព័ន្ធ​អនឡាញ​ដោយ​ពួកគេ​ប្រើ​គេហទំព័រ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​កម្មវិធី​ទូរស័ព្ទដៃ​វៃឆ្លាត​នានា​។

សេចក្ដី​ប្រកាស​នេះ​បន្ថែមថា នៅ​កម្ពុជា ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​កើត​មាន​ឡើង​គួរឱ្យ​ព្រួយបារម្ភ និង​ទាមទារ​ឱ្យមាន​ការដោះស្រាយ​ជាបន្ទាន់ មុនពេល​វា​កើតឡើង​បន្ថែមទៀត​។ «​ស្រប​ពេលដែល​បច្ចេកវិទ្យា​កាន់តែ​មាន​ភាពរីកចម្រើន និង​ការប្រើប្រាស់​ទូរស័ព្ទដៃ​វៃឆ្លាត​មាន​ការពេញនិយម​នោះ​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​បាន​ក្លាយជា​ក្តីបារម្ភ​ថ្មី​មួយទៀត ដែល​ទាមទារ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ចាំបាច់​ត្រូវ​ធ្វើការ​រួម​គ្នា​ដើម្បី​ទប់ស្កាត់ និង​ការពារ​ការរំលោភបំពាន​នេះ​។ កុមារ​កម្ពុជា​មួយចំនួន​កំពុង​ប្រើប្រាស់​ទូរស័ព្ទដៃ​វៃឆ្លាត​អាច​ក្លាយ​ជា​ជនងាយ​រងគ្រោះ​នៃ​ការរំលោភបំពាន​តាម​ប្រព័ន្ធ​អនឡាញ​នេះ​»​។

លោកស្រី ម៉ែន វណ្ណាវី មន្ដ្រី​សម្របសម្រួល​គម្រោង​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ​ដែនដី​មនុស្ស​ហូឡង់ (Terre des Hommes-NL) បាន​ថ្លែងថា តាមរយៈ​ការវិភាគ​ស្ថានភាព​ដំបូង​ដែល​ជា​ចំណុច​ចាប់ផ្តើម​នៃ​ដំណើរការ​ដើម្បី​រៀបចំ​ផែនការ​សកម្មភាព​ជាតិ​លើ​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ តាម​ប្រព័ន្ធ​អនឡាញ​កុមារ ៨០% ​ក្នុងចំណោម​កុមារ​ប្រឈម​បញ្ហា​ជិត​ ១ ០០០ ​នាក់​បាន​រាយការណ៍​ថា ពួកគេ​មិនមាន​អារម្មណ៍​សុវត្ថិភាព​ទាំងស្រុង​នៅលើ​ប្រព័ន្ធ​អនឡាញ​ឡើយ​។ «​អង្គការ​ដែនដី​មនុស្ស​ហូឡង់​មាន​មោទនភាព​ក្នុង​ការជួយ​គាំទ្រ​ដល់​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ក្នុង​ការវិភាគ​ស្ថានភាព​ដំបូង​នៃ​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា​នេះ​»​។

លោកស្រី​ឱ្យដឹងថា ក.ជ.ក បាននិង​កំពុង​រៀបចំ​សេចក្តីព្រាង​ផែនការ​សកម្មភាព​ឆ្លើយតប​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា និង​ការផ្សព្វផ្សាយ​នៅ​គ្រប់​កម្រិត​ក្នុង​ឆ្នាំ​ ២០២០​។ «​កិច្ចខិតខំ​ប្រឹងប្រែង ដែល​សម្រេច​បាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​គឺ​ទទួល​បាន​ផ្លែផ្កា​ល្អ​ដែល​វា​ចាំបាច់​ត្រូវមាន​និរន្តរភាព​ដើម្បី​ការពារ និង​ឆ្លើយតប​ទៅនឹង​ការរីក​រាលដាល​នៃ​បញ្ហា​នេះ​»៕