ភ្នំពេញៈ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ (​ក.ជ.ក.) តាមរយៈ​ការគាំទ្រ​ពី​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា និង​អង្គការ​ឆាលហ្វាន់ បាន​ដាក់​ឲ្យ​ប្រើប្រាស់​ «​គោលនយោបាយ​ជាតិ​ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ​» ដើម្បី​ប្រមូលផ្តុំ​ការវិនិយោគ​ទៅលើ​កុមារ​ទាំង​ស្មារតី និង​ធនធាន​ឱ្យ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​គ្រប់​ជ្រុងជ្រោយ​ជាង​មុន ដែល​នឹង​ក្លាយ​ជា​ធនធាន​មនុស្ស​អាច​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ជាតិ​។

ការប្រារព្ធ​ដាក់​ឲ្យ​ប្រើប្រាស់​គោលនយោបាយ​នេះ​ធ្វើឡើង​ពី​ម្សិលមិញ​ក្រោម​អធិបតីភាព​លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន ក.ជ.ក. រួម​នឹង​មន្ដ្រី​មកពី​ក្រសួង អង្គការ ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ វិស័យ​ឯកជន​ និង​កុមារ​សរុប​ប្រមាណ ១៩០ ​នាក់ ​នៅ​ទីស្ដីការ​ក្រសួង​សង្គមកិច្ច​។

លោក​ វង សូត ថ្លែង​ក្នុង​ពិធី​នេះ​ថា គោលនយោបាយ​ជាតិ​ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ​ជា​យុទ្ធសាស្ត្រ​បង្ហាញ​អំពី​ការប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ធ្លាប់​អនុវត្ត​កន្លងមក និង​ចាំបាច់​ត្រូវ​ធ្វើការ​ពង្រឹង និង​ពង្រីក​បន្ថែមទៀត និង​ជា​គោលនយោបាយ​ជាតិ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ជា​លើក​ដំបូង​សម្រាប់​រយៈពេល​ ១០ ​ឆ្នាំ​ (២០១៩-២០២៨)​។

លោក​ថា​៖ «​គោលនយោបាយ​ជាតិ​នេះ​អាច​ប្រមូលផ្តុំ​ការវិនិយោគ​ទៅលើ​កុមារ​ទាំង​ស្មារតី និង​ធនធាន​ឱ្យ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​គ្រប់​ជ្រុងជ្រោយ​ជាង​មុន ដើម្បី​ឱ្យ​កុមារ​គ្រប់រូប​មាន​ឱកាស​ស្មើៗ​គ្នា និង​ក្លាយ​ជា​ធនធាន​មនុស្ស​ដែល​អាច​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ជាតិ​យើង​»​។

លោកស្រី ញ៉េប សុភាព អគ្គលេខាធិការ​នៃ​ ក.ជ.ក. ​លើក​ឡើង​ថា គោលនយោបាយ​ជាតិ​នេះ គឺជា​គោលនយោបាយ​មួយ​ដែល​បាន​បង្ហាញ​យ៉ាងច្បាស់​ពី​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការលើកកម្ពស់​សិទ្ធិ និង​ការការពារ​កុមារ​។

លោកស្រី​ថ្លែងថា​៖ «​គោលនយោបាយ​នេះ​បាន​បង្ហាញ​នូវ​ការដោះស្រាយ​បញ្ហា​កុមារ​នៅ​កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ ជាពិសេស​គោលនយោបាយ​នេះ​ជា​ស្នាដៃ​តាក់តែង​ចងក្រង​រួមគ្នា​ដោយ​ក្រុម​ការងារ​អន្តរក្រសួង​នៃ​គណៈកម្ម​ការការពារ​កុមារ​ថ្នាក់ជាតិ​»​។

សេចក្ដី​ប្រកាស​ពត៌មាន​រួម​ស្ដីពី​គោលនយោបាយ​ជាតិ​ស្តីពី​ប្រព័ន្ធ កិច្ចការពារ​កុមារ​នេះ​បាន​បង្ហាញថា ប្រព័ន្ធ​កិច្ចការពារ​កុមារ​គឺជា​ការប្តេជ្ញាចិត្ត​ខិតខំ​ជាក់ស្តែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទៅលើ​ការអនុវត្ត​កិច្ចការពារ​កុមារ ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​កម្ពុជា​។

សេចក្ដី​ប្រកាស​រួម​នេះ​ថា ប្រព័ន្ធ​កិច្ចការពារ​កុមារ គឺជា​បណ្តុំ​នៃ​វិធាន​បង្កើតឡើង​ក្នុង​គោលបំណង​ជំរុញ​ និង​លើកកម្ពស់​ការការពារ​កុមារ​ពី​ការរំលោភបំពាន និង​ការកេងប្រវ័ញ្ច​គ្រប់​រូបភាព​។ វិធាន​ទាំងនេះ​រួមមាន​១. ក្របខ័ណ្ឌ​ច្បាប់​ និង​គោលនយោបាយ ២. ការផ្តល់​ជំនួយ​ និង​សេវា ៣. ​ធនធាន​មនុស្ស និង​ហិរញ្ញវត្ថុ និង ៤. ​ការផ្លាស់ប្តូរ​ឥរិយាបថ​សង្គម​ក្នុង​ការប្រព្រឹត្ត​ទៅលើ​កុមារ​។ វិធាន​ទាំងនេះ​ត្រូវ​ឱ្យ​មាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​វិស័យ​សុខុមាលភាព​សង្គម អប់រំ​សុខភាព សន្តិសុខ និង​យុត្តិធម៌​ក្នុង​ការគាំទ្រ​ដល់​ការបង្ការ​ទប់ស្កាត់​ និង​ឆ្លើយតប ដើម្បី​ការពារ​កុមារ​ពី​ហានិភ័យ​ផ្សេងៗ​។

លោកស្រី Gwynneth Wong នាយិកា​ប្រចាំ​ប្រទេស​នៃ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា និង​លោក Prashant Verma នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ឆាលហ្វាន់ កម្ពុជា​បាន​ថ្លែងថា ដើម្បី​ឈាន​មក​ដល់​ថ្ងៃនេះ ដំណើរការ​នៃ​ការផ្តួចផ្តើម​គំនិត​ និង​ចងក្រង​គោលនយោបាយ​ជាតិ​ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ​នេះ​បាន​ចាប់ផ្តើម​តាំងពី​ ៣ ​ឆ្នាំ​មុន​ពោល​គឺ​ក្នុង​ឆ្នាំ​ ២០១៧​។

ក្នុង​សេចក្តី​ថ្លែងការណ៍​រួម នាយិកា​អង្គការ​ភ្លែន និង​នាយក​អង្គការ​ឆាលហ្វាន់​បាន​បញ្ជាក់​ថា​៖ «​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា អង្គការ​ឆាលហ្វាន់ និង​ដៃគូ​ទាំងអស់​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​ចូលរួម​គាំទ្រ​ក្នុង​ដំណើរការ​នៃ​ការចងក្រង​គោលនយោបាយ​ជាតិ​ដ៏មាន​សារៈសំខាន់​នេះ ក៏ដូចជា​បាន​ចូលរួម​ផ្សព្វផ្សាយ និង​ដាក់​ឱ្យ​ប្រើប្រាស់​ដើម្បី​ធានា​ឱ្យ​កុមារ​គ្រប់រូប​ទទួល​បាន​នូវ​សិទ្ធិ​ស្មើៗ​គ្នា​ដើម្បី​សមធម៌ និង​យុត្តិធម៌​សង្គម​»៕