ភ្នំពេញ: អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព (​ក.ជ. អ.ច.) នៅ​ថ្ងៃ​សុក្រ​នេះ​នឹង​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​របាយការណ៍​ចំនួន​ ២ ​ជា​លើក​ដំបូង​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​វិនិយោគ​ក្នុង​វិស័យ​ថាមពល​កកើត​ឡើងវិញ​ដែល​អាច​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​វិស័យសេដ្ឋកិច្ច​កម្ពុជា ខណៈ​ដែល​កម្ពុជា​កំពុង​រងគ្រោះ​បំផុត​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​។

តាម​សេចក្ដី​ជូន​ដំណឹង​របស់ ក.ជ.អ.ច បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា របាយការណ៍​បាន​ធ្វើ​ឡើង​ដោយ​អគ្គលេខាធិការដ្ឋាន ក.ជ.អ.ច ​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងបរិស្ថាន និង​ក្រសួង​រ៉ែ និង​ថាមពល​ដោយ​មាន​ការគាំទ្រ​ពី​កម្មវិធី​សម្ព័ន្ធ​ភាពប្រែប្រួល​អាកាសធាតុ​កម្ពុជា ដំណាក់កាល​ទី​ ៣ (ccCA-3) និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ដែល​នឹង​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​នៅ​សណ្ឋាគារ សូហ្វីតែល ភូគីត្រា រាជធានី​ភ្នំពេញ​។

សេចក្ដី​ជូនដំណឹង​បន្តថា​របាយការណ៍​ទាំង​ ២ ​នេះ​រួមមាន ​ទី១- ដំណោះស្រាយ​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​លើ​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ កម្ពុជា និង​ទី​២- ការកាត់បន្ថយ​ហានិភ័យ​វិនិយោគ​ក្នុង​វិស័យ​ថាមពល​កកើត​ឡើងវិញ​នៅ​ប្រទេស​ កម្ពុជា​។

«​របាយការណ៍​ទាំង​ ២ ​នេះ​ធ្វើឡើង​ក្នុង​គោលដៅ​ចូលរួម​កាត់បន្ថយ​ហានិភ័យ និង​ជួយ​សម្របសម្រួល​នូវ​បរិយាកាស​អំណោយផល​សម្រាប់​វិនិយោគិន វិស័យ​ឯកជន ដែល​មានបំណង​វិនិយោគ​លើ​វិធានការ​ផ្សុំា​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ និង​លើ​ថាមពល​ពន្លឺព្រះអាទិត្យ​នៅ​កម្ពុជា​»​។

តាម​របាយការណ៍​សង្ខេប​នៃ​ដំណោះស្រាយ​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​លើ​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ដែល​គ្រោង​នឹង​ប្រកាស​នៅ​ថ្ងៃ​នេះ​លើកឡើង​ថា កម្ពុជា​បាន​ដើរតួនាទី​នាំមុខ​លើ​ឆាក​អន្តរជាតិ​ក្នុង​ការឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ ដោយសារ​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​បណ្តា​ប្រទេស​ដំបូង​ដែល​អនុវត្ត​កម្មវិធី​ត្រួតពិនិត្យ​ស្ថាប័ន និង​ចំណាយ​សាធារណៈ​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​ (CPEIR) រួម​នឹង​កម្មវិធី​ជាច្រើន​ទៀត​ដែល​ទាក់ទង​នឹង​ការទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​។

សេចក្តី​សង្ខេប​បញ្ជាក់ថា​៖ «​ការឆ្លើយតប​របស់​រដ្ឋាភិបាល​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​គឺជា​ផែនការ​យុទ្ធសាស្ត្រ​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​កម្ពុជា​ (CCCSP) និង​ផែនការ​សកម្មភាព​ប្រែប្រួល​អាកាសធាតុ (CCAP) តាម​វិស័យ​ដែល​ផែនការ​ទាំង​ ២ ​នេះ​ធ្វើឡើង​ក្នុង​ឆ្នាំ ២០១៣ និង​ការចូលរួម​ចំណែក​ថ្នាក់ជាតិ (NDC) ក្នុង​ការអនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​ក្នុង​ឆ្នាំ​ ២០១៥​។ ផែនការ​ទាំងនេះ​កំណត់​អាទិភាព​ជាច្រើន​ដែល​ផ្ដោត​លើ​វិស័យ​មួយ​ផ្នែកធំ​ដែល​ប៉ះពាល់​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​»​។

លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ពី​ម្សិលមិញ​ថា របាយការណ៍​ទាំង​ ២ ​នេះ​បាន​ដាក់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​នូវ​អនុសាសន៍​គោលនយោបាយ​សម្រាប់​គាំទ្រ​ការវិនិយោគ​លើ​ការផ្សុំា​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​ដែល​អាច​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​លើ​សេដ្ឋកិច្ច​កម្ពុជា​។

ស្របពេល​ជាមួយ​គ្នា​នេះ​លោក​បន្តថា របាយការណ៍ DREI បាន​បង្ហាញ​ពី​បណ្តា​វិធានការ​ដែល​មាន​ប្រសិទ្ធភាព​ចំណាយ​សម្រាប់​ជំរុញ​ឱកាស​វិនិយោគ ក្នុង​អនុវិស័យ​ថាមពល​ពន្លឺព្រះអាទិត្យ​ទាំង​ ៤ ​រួមមាន ទី១- ថាមពល​ពន្លឺព្រះអាទិត្យ​ខ្នាត​ធំ ទី​២- ថាមពល​ពន្លឺព្រះអាទិត្យ​បំពាក់​នៅលើ​ដំបូល ទី​៣- ​ប្រព័ន្ធ​បណ្តាញ​ខ្នាតតូច​ថាមពល​ពន្លឺព្រះអាទិត្យ និង​អាគុយ និង​ទី​​៤- ​ប្រព័ន្ធ​ពន្លឺព្រះអាទិត្យ​ដែល​បំពាក់​តាម​ផ្ទះ​។

លោក​បញ្ជាក់ថា​៖ «​របាយការណ៍​នេះ​ក៏​បាន​រកឃើញ​ផងដែរ​ថា​ការវិនិយោគ​លើ​ថាមពល​ពន្លឺព្រះអាទិត្យ​ត្រឹម​តែ​ជាង ៧០០ MW អាច​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក​ប្រមាណ​ ៨,៧ ​លាន​តោន ដោយ​ផ្ទាល់​ត្រឹម​ឆ្នាំ​ ២០៤៥»​។

របាយការណ៍​សង្ខេប​នៃ​ដំណោះស្រាយ​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​លើ​កំណើន​សេដ្ឋកិច្ច​ក្នុងប្រទេស​កម្ពុជា​នេះ​ក៏​បាន​លើកឡើង​ដែរ​ថា ការកើនឡើង​កម្តៅ​សីតុណ្ហភាព​នៅ​លើ​ពិភពលោក​នឹង​កាត់បន្ថយ​ផលិតភាព​លើ​វិស័យ​កសិកម្ម ជលផល និង​រុក្ខាប្រមាញ់ ព្រមទាំង​កាត់បន្ថយ​ផលិតភាព​កម្លាំង​ពលកម្ម​លើ​វិស័យ​ជាច្រើន​ថែម​ទៀត​។

បន្ថែម​ពីនេះ​សេចក្តី​សង្ខេប​ដដែល​បន្ត​ថា ការប្រែប្រួល​របត់ និង​កម្ពស់​ទឹកភ្លៀង​នឹង​បណ្តាល​ឲ្យ​កើតមាន​គ្រោះ​ទឹកជំនន់ គ្រោះរាំងស្ងួត និង​ខ្យល់ព្យុះ​កាន់តែ​ច្រើន​ដែល​នឹង​កាត់បន្ថយ​នូវ​ផលិតភាព​ធនធាន ជាពិសេស​លើ​វិស័យ​កសិកម្ម និង​ជលផល​ហើយ​នឹង​បង្កើន​ការខូចខាត​ដោយសារ​តែ​ព្រឹត្តិការណ៍​អាកាសធាតុ​ធ្ងន់ធ្ងរ​ដែល​ប៉ះពាល់​ដល់​ផ្លូវថ្នល់​ប្រភព​ផ្គត់ផ្គង់​ទឹក និង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃ​ផ្សេងទៀត​។

ប្រសិន​បើ​គ្មាន​ការប្រែប្រួល​អាកាសធាតុ ម៉ូដែល CEGIM ព្យាករ​ថា GDP ពិត​នឹង​កើនឡើង​ក្នុង​អត្រា​ជា​មធ្យម ៦,៩ ភាគរយ​ ក្នុង​ ១ ​ឆ្នាំ ​ពី​ឆ្នាំ​ ២០១៧ ដល់ ២០៥០ ដែល​ធ្វើ​ឲ្យ​កម្ពុជា​សម្រេច​បាន​ឋានៈ​ជា​ប្រទេស​ចំណូល​មធ្យម​ខាងលើ (UMIC) នៅ​ឆ្នាំ​ ២០៣៥ ប៉ុន្តែ​ការប្រែប្រួល​អាកាសធាតុ​នឹង​កាត់បន្ថយ​អត្រាកំណើន GDP របស់​កម្ពុជា​បើ​គ្មាន​វិធានការ​ទប់ស្កាត់​៕