ភ្នំពេញៈ ជន​បង្កគ្រោះ​ថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​និស្សិត​ស្រី​ម្នាក់​ស្លាប់​កាល​ពី​ខែ​មីនា ​ឈ្មោះ ​យិន ឃុន​ម៉ី ​ហៅ​ យិន ម៉ាណា ​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ​ក្រោយ​ពី​តុលាការ​រាជធានី​ភ្នំពេញ​ប្រកាស​សាល​ក្រម​កាល​ពី​ថ្ងៃ​ទី ១៧ ខែ​ ឧសភា​ ដោយ​សម្រេច​ឱ្យ​ជាប់ពន្ធនាគារ​ ១ ឆ្នាំ​។

បើទោះ​បីជា​ តុលាការ​សម្រេច​ឱ្យ​ជាប់​ពន្ធនាគារ​ ១ ឆ្នាំ ​ក៏ដោយ​ ប៉ុន្តែ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​តែ​ ២ ​ខែប៉ុណ្ណោះ។ យុវតី ​យិន ម៉ា​ណា ​ត្រូវ​បាន​តុលាការ​អនុវត្ត​ទោស​ឃុំខ្លួន​កាល​ថ្ងៃទី ២៩ ​ខែមីនា​មក។ ដូច្នេះ ​បើ​គិត​មក​ដល់​ថ្ងៃ​ពុធ ​ទី​ ២៩​ ខែ​ឧសភា​នេះ​ នាង​បាន​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ២ ខែ​ល្មម​ ប៉ុន្ដែ​នាង​ត្រូវ​បាន​ដោះ​លែង​ចេញ​ពីពន្ធនាគារ​តាំង​ពី​ថ្ងៃ​ចន្ទ។​

លោក​ នុត សវ​នា ​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនា​គារ ​មិនធ្វើ​អត្ថាធិប្បាយ​ច្រើនទេ ​ចំពោះ​ការដោះ​លែងនេះ ​ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ប្រាប់​ភ្នំពេញប៉ុស្ដិ៍ ​ពីម្សិល​មិញ​ថា​៖​ «កញ្ញា​ម៉ាណា​ត្រូវបាន​ដោះ​​លែង​ចេញ​ពី​ពន្ធ​នាគារ​យើង​ហើ​​យ​កាល​ពី​ល្ងាច​ថ្ងៃ​ទី ២៧»។

លោក​ សុខ អួង ​មេធាវី​ការពារ​​ក្ដី​ឱ្យ​ជន​រងគ្រោះ​ ឌុំ រីដា ​បានប្រាប់​ ឱ្យ​ដឹង​ដែរថា ​ក្នុង​នាម​លោក​ជាមេធាវី​ការពារ​ក្ដី​ឱ្យ​ជន​រងគ្រោះ​លោក​គោរព​តាម​ឆន្ទៈ​របស់​ ជន​រងគ្រោះ។

លោកបាន​​បញ្ជាក់ថា​៖ «ក្នុង​រឿង​នេះ​កូន​ក្ដី​ខ្ញុំ​បានដាក់​ពាក្យ​បណ្ដឹង​កាល​ពីថ្ងៃ​ទី ២៩ ខែ​ មីនា ​ហើយ​ យិន ម៉ាណា ​ក៏​ត្រូវ​បាន​តុលាការ​បញ្ជាឱ្យ​ឃុំ​ខ្លួន​ក្នុង​ថ្ងៃទី ២៩ ​ខែ​មីនា​ដែរ»។

លោក​បានបន្ថែមថា​៖ «​បន្ទាប់មក​មាន​ការ​ចរចាគ្នា​ កូន​ក្ដី​ខ្ញុំ​ក៏បាន​ទទួល​សំណង​រដ្ឋប្ប​វេណី​ហើយគាត់​ក៏បាន​ដក​ពាក្យ​បណ្ដឹង​នៅ​ថ្ងៃ​ទី ៣​ ខែ មេសា។ មាន​ន័យ​ថា​ គាត់​ឈប់​ទាម​ទារ​សំណង​រដ្ឋ​ប្បវេណី​ទៀត​ហើយ​។ ចំពោះ​បណ្ដឹង​អាជ្ញា​ គឺ​ស្ថា​ប័ន​តុលាការ​លោក​ជាអ្នក​សម្រេច»។

លោក​ សុខ អួង បាន​លើក​ឡើង​ទៀតថា ​រហូត​មក​ដល់​ថ្ងៃ​ទី ១៧ ខែ​ឧសភានេះ​ តុលាការ​បាន​សម្រេច​ប្រកាស​សាល​ក្រម​ផ្ដន្ទាទោស ​យិន​ ម៉ាណា ​១ ឆ្នាំ ​ព្យួរ​សាកល្បង ​៣ ឆ្នាំ ​អនុវត្ដ​ពន្ធនាគារ​ ២ ខែ ​និង​ហាម​ឃាត់​មិន​ឱ្យ​កាន់​ចង្កូត​យានយន្ដ។

ទោះយ៉ាងណា លោក សុខ អួង មិនបកស្រាយ​អំពីការ​ព្យួរសាកល្បង​ ៣ ឆ្នាំ​នោះ​ទេ ដោយលោក​រុញ​ឲ្យ​សួរ ទៅតុលាការ​ដែលជា​អ្នកសម្រេច​។ ប៉ុន្តែអ្នក​អ្នក​នាំ​ពាក្យសាលាដំបូងរាជ​ធានី​ភ្នំុពេញ លោក លី​ សុផានណា មិនអាចទាក់ទង​សុំការ​បញ្ជាក់​បាន​ទេ ពី​ម្សិលមិញ។

ទាក់ទង​ជុំវិញ​ការ​ហាម​ឃាត់​មិន​ឱ្យ​កាន់​ចង្កូត​យាន​យន្ដនេះ​លោកបាន​បញ្ជាក់ថា​ ការ​ហាម​ឃាត់​នេះ​មិន​មាន​រយៈ​ពេល​ទេ ក្នុង​សាល​ក្រម​បាន​ប្រកាស​ហាម​ឃាត់​តែម្ដង។

ជុំ​វិញ​សាល​ក្រម​សម្រេច ​ក៏ដូច​ជា​ការ​ដោះលែង​ជន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​រហូត​ដល់​បាត់​បង់​ជីវិត​នេះ ​លោក ​ស៊ឹង សែន​ករុណា ​អ្នកនាំពាក្យ​សមាគម​ការពារសិទ្ធិ​មនុស្ស​អាដហុកបាន​លើក​ឡើងថា ​នៅ​ក្នុង​នីតិ​វិធី​ផ្លូវ​ច្បាប់​ចៅ​ក្រម​គឺ​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ទោស​ក្នុង​រឿង​នេះ។

លោក​បន្ដថា​៖ «រឿង​នេះ​វា​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម ​ប៉ុន្ដែ​អ្វី​ដែលជាបញ្ហា​ដែល​គេ​មើល​ឃើញ​មកថា​ កម្ពុជាការ​អនុវត្ដ​ទៅ​លើ​អ្នក​ដែល​មាន​ទឹក​ប្រាក់​ មាន​ឥទ្ធិពល ​អំណាច ​ជាដើម​នេះ ​អាច​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​បាន។ ដោយ​គេ​មើល​ឃើញថា​ បើសិន​អ្នក​ទាំង​អស់​នោះ​ ជាជន​ក្រីក្រ​ពិបាក​គេច​ផុត​ពី​ការ​អនុវត្ដ​ច្បាប់​ក្នុង​ករណី​បែប​នេះ​ណាស់»។

ដោយ​ចង់ឲ្យ​មានភាព​ស្មើគ្នា​នៅចំពោះ​មុខ​ច្បាប់ ​លោក ​ស៊ឹង សែន​ករុណា ​ចង់​បាន​ការអនុវត្ដ​ច្បាប់​នៅ​ប្រទេស​កម្ពុជា ប្រកប​ដោយ​តម្លាភាព​ទាំង​អ្នកមាន​ និង​អ្នក​ក្រ ​ចៀស​វាង​ការ​លម្អៀង​នាំ​ឱ្យ​អ្នក​មាន​អំណាច ​មាន​ប្រាក់​មិន​គោរព​ច្បាប់ ​នៅតែ​ប្រព្រឹត្ដ​ល្មើស​ផ្សេងៗ​ជាដើម។

នៅពេលសួរថា តើ​សមាគម ​(អាដហុក) មានឯក​សារ​អ្វី​ដែល​​ប​ង្ហាញថា ការអនុវត្ត​ច្បាប់​នៅ​កម្ពុជាមិន​តមា្លភាព ឬ​មិន​ស្មើ​ភាពគ្នានោះ លោក ស៊ឹង សែនករុណា ប្រា​ប់​ថា មេធាវី​ប្រចាំ​សមាគម អាដហុក មានឯកសារដែល​បង្ហាញពីការអនុវត្ត​ច្បាប់​មិន​មាន​លក្ខណៈ​ស្មើភាព​នេះ។ ប៉ុន្តែលោកមិនអាចផ្តល់​ឲ្យនូវ​ឯក​សារទាំង​នោះ​បានទេ ដោយ​សារ​ពេលវេលាយប់​ ម្យ៉ាង​លោក​កំពុង​ជាប់​បំពេញ​បេសកកម្ម​នៅ​ខេត្ត។

លោក ​លី​ សុផាន់ណា​ អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បដិសេធ​ធ្វើ​ការ​បក​ស្រាយ​ចំពោះ​ការ​ដោះលែង​នេះ ​ដោយ​បញ្ជាក់ថា​ ជាប់​ប្រជុំ ​ដោយ​ឲ្យផ្ញើ​សំណួរ​តាម​បណ្ដាញ​សារឆ្លើយឆ្លង​វិញ។ ប៉ុន្ដែ​រហូត​ដល់​ល្ងាច​ថ្ងៃ​អង្គារម្សិល​មិញ ​ភ្នំពេញ​ប៉ុស្ដិ៍​នៅមិន​ទាន់​ទទួល​បាន​សារ​ឆ្លើយតប​នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ថា​ កាល​ពីថ្ងៃ​ទី​ ២៦​ មីនា​ ឆ្នាំ ២០១៩​ កញ្ញា យិន ម៉ា​ណា ​បាន​បើក​រថ​យន្ត​ម៉ាក Rang​ Rover ស្លាក​លេខ​ភ្នំពេញ ​2AF-7777 យ៉ាង​លឿន ទៅ​បុក​និស្សិតស្រី​ឈ្មោះ​ ឌុំ រីដា នៅ​លើ​ផ្លូវ​លេខ​ ៣១៧ កែង​នឹង​ផ្លូវ​លេខ​ ៥២៨ ក្នុង​សង្កាត់​បឹង​កក់​ទី ១​ ខណ្ឌ​ទួល​គោក ខណៈ​ជន​រងគ្រោះ​​កំពុង​ជិះ​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ៕