ភ្នំពេញ: កណ្តុរ​ហិត​មីន​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) ​និង​អង្គការ APOPO នៃ​ប្រទេស​បែលហ្ស៊ិក​ឈ្មោះ​ ម៉ាហ្គាវ៉ា ​(Magawa) ​បាន​ទទួល​មេដាយមាស​ពី​អង្គការ​សប្បុរសធម៌​សត្វព្រៃ​ (PDSA) ​នៃ​ប្រទេស​អង់គ្លេស បន្ទាប់ពី​បាន​សាង​ស្នាដៃ​រុករក​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​សរុប ៦៧ ​គ្រាប់​នៅ​ខេត្តសៀមរាប និង​ព្រះវិហារ​។

លោក ហេង រតនា អគ្គនាយក​ CMAC ពី​ម្សិលមិញ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ ប៉ុន្ដែ​លោក​បង្ហោះ​លើ​ហ្វេសប៊ុក​ថា ម៉ាហ្គាវ៉ា មាន​ស្នាដៃ​រុក​រកឃើញ​គ្រាប់មីន​ចំនួន​ ៣៩ គ្រាប់ និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​ ២៨ គ្រាប់​នៅ​ទិស​ខេត្ត​សៀមរាប និង​ខេត្តព្រះវិហារ​។ នេះ​ជា​មេដាយមាស​លើកដំបូង​ដែល​គេ​ផ្តល់ឱ្យ​សត្វ​ដែល​លះបង់​ខ្ពស់​ដើម្បី​ភារកិច្ច​។

លោក រតនា បញ្ជាក់​ថា​៖ «​សូមជម្រាប​ថា កម្ពុជា​មិនមែន​ត្រឹមតែ​ល្បីល្បាញ​ក្នុងការ​ប្រើប្រាស់​សត្វ​កណ្តុរ​សម្រាប់​វិស័យ​ដោះមីន​ទេ សត្វ​សុនខ (​ឆ្កែ​) ហិត​មីន ក៏​កម្ពុជា​ជា​ប្រទេស​ឈានមុខ​គេ​លើ​ពិភពលោក​ផងដែរ​»​។

លោក Michael Heiman នាយក​គ្រប់គ្រង​កម្មវិធី​នៃ​អង្គការ APOPO ប្រចាំ​កម្ពុជា​ថ្លែង​ពី​ម្សិលមិញ​ថា ម៉ាហ្គាវ៉ា គឺជា​កណ្ដុរ​មួយ​ក្នុង​ចំណោម​កណ្តុរ​ហិត​រាវ​មីន​ទាំង​ ៤៣ ​ក្បាល​របស់ APOPO ក្នុងប្រទេស​កម្ពុជា​ដោយ​ស្វែងរក​គ្រាប់មីន​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ CMAC​។

ម៉ាហ្គាវ៉ា ​បាន​មកដល់​កម្ពុជា​កាល​ពី​ឆ្នាំ​ ២០១៦ ​មកពី​ប្រទេស​តង់ហ្សានី ហើយ​ចាប់តាំងពី​ពេលនោះ​មកវា​បាន​ធ្វើការ​នៅ​ខេត្ត​សៀមរាប ឧត្តរមានជ័យ និង​ព្រះវិហារ​។ វា​នឹង​មាន​អាយុ ៦ ឆ្នាំ​បើ​គិត​ត្រឹម​ខែវិច្ឆិកា​។ វា​ជា​សត្វ​ឧស្សាហ៍​ព្យាយាម​ និង​ជា​សត្វ​កណ្តុរ​ដែលមាន​ការប្តេជ្ញា​ចិត្ត​ខ្ពស់​។

ម៉ាហ្គាវ៉ា គឺជា​សត្វ​កណ្តុរ​យក្ស​អាហ្វ្រិក​ដែល​ចាប់កំណើត​នៅ​រដ្ឋ​តង់ហ្សានី​ (Tanzania) ​ក្នុង​ខែវិច្ឆិកា​ឆ្នាំ ២០១៤ ហើយ​វា​ត្រូវបាន​ក្រុម​អ្នកជំនាញ​បណ្តុះបណ្តាល​សត្វ​កណ្តុរ APOPO នៅ​តង់ហ្សានី បង្រៀន​ពី​របៀប​ហិត​រក​ក្លិន​នៃ​គ្រឿងផ្ទុះ​ដោយ​ប្រើ​ច្រមុះ​របស់​វា​។

លោក Jonh Smith នាយក​អង្គការ PDSA បាន​ថ្លែង​ក្នុង​វីដេអូ​ខ្លី​មួយ​ថា រហូត​មក​ដល់​ពេល​នេះ ម៉ាហ្គាវ៉ា បាន​រកឃើញ​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន ៦៧ ​គ្រាប់​ដែល​ធ្វើឱ្យ​វា​ក្លាយជា HeroRAT ដែល​ទទួលបាន​ជោគជ័យ​បំផុត​ក្នុង​កម្មវិធី​សប្បុរសធម៌ និង​ជា​បេក្ខជន​ដែល​ស័ក្តិសម​ជាងគេ​សម្រាប់​មេដាយមាស​របស់ PDSA​។

លោក​ថា ក្នុងអំឡុងពេល​អាជីព​របស់​វា ម៉ាហ្គាវ៉ា បាន​ជួយ​បោសសម្អាត​ដី​ជាង​ ១៤១ ០០០ ​ម៉ែត្រការ៉េ​ (​ស្មើនឹង​ទីលាន​បាល់ទាត់​ចំនួន​ ២០ ​ហិកតា​) ដែលជា​ផ្នែក​មួយ​ធ្វើឱ្យ​មាន​សុវត្ថិភាព​ដល់​ប្រជាជន​ក្នុង​តំបន់​៕

វីដេអូ៖