ភ្នំពេញៈ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្មកាលពីម្សិលមិញបានជួបជាមួយតំណាងក្រុមហ៊ុនផ្នែកភេសជ្ជៈ និងស្រាបៀរចំនួន ៦ ដែលត្រូវបានអញ្ជើញមកបំភ្លឺលើករណីផ្សាយពាណិជ្ជកម្មរបស់ពួកគេ និងពន្យល់អំពីច្បាប់ពាក់ព័ន្ធចំនួន ២។
ជំនួបរវាងអគ្គនាយកដ្ឋាន និងក្រុមហ៊ុនធ្វើឡើងដើម្បីផ្សព្វផ្សាយមាត្រាសំខាន់ៗនៃច្បាប់ពាក់ព័ន្ធចំនួន ២ គឺច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។ អគ្គនាយកដ្ឋានក៏បានស្ដាប់ការបំភ្លឺលើករណីផ្សាយពាណិជ្ជកម្មផលិតផលរបស់ក្រុមហ៊ុនទាំងនោះ។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់បញ្ជាក់ថា៖ «គោលបំណងនៃកិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ គឺដើម្បីពង្រឹងការយល់ដឹងអំពីការផ្សាយពាណិជ្ជកម្មត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមាន កាត់បន្ថយការផ្សាយពាណិជ្ជកម្មដែលអាចបង្កផលប៉ះពាល់អវិជ្ជមាន ចំពោះសុខភាព និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងជំរុញការប្រកួតប្រជែងដោយសុចរិតដោយផ្តោតសំខាន់លើកម្មវិធី និងគម្រោងនៃការផ្តល់រង្វាន់ច្បាស់លាស់ និងត្រឹមត្រូវ»។
លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប ប្រាប់ថា អគ្គនាយកដ្ឋានបានអញ្ជើញក្រុមហ៊ុនចំនួន ១១ ឱ្យមកបំភ្លឺអំពីការផ្សាយពាណិជ្ជកម្មរបស់ខ្លួន ប៉ុន្តែមានតែក្រុមហ៊ុនចំនួន ៦ ប៉ុណ្ណោះដែលបានចូលរួមកាលពីថ្ងៃទី ៤ មករា ខណៈដែលក្រុមហ៊ុនចំនួន ៥ ទៀតនឹងត្រូវចេញលិខិតអញ្ជើញលើកទី ២ ឱ្យមកប្រជុំនៅថ្ងៃ ២០ មករា។
ក្រុមហ៊ុនទាំងនេះមិនបានប្រព្រឹត្តអ្វីខុសទៅនឹងបទប្បញ្ញត្តិទេ ប៉ុន្តែលោកពន្យល់ថា តាមច្បាប់ ការផ្សាយពាណិជ្ជកម្មតម្រូវឱ្យក្រុមហ៊ុនបង្ហាញពីគម្រោងនៃការផ្ដល់រង្វាន់។ ប្រសិនបើក្រុមហ៊ុនអះអាងថា ខ្លួនពិតជាផ្ដល់រង្វាន់ពិតប្រាកដមែននោះ ក្រុមហ៊ុនត្រូវមានឯកសារយោងផ្សេងៗដូចដែលច្បាប់បានចែង។
លោកថ្លែងដូច្នេះថា៖ «ជាគោលការណ៍ យើងផ្សព្វផ្សាយប្រាប់គាត់ទុកពេលវេលាឱ្យគាត់បង្ហាញឯកសារ ដែលបញ្ជាក់ថា ការផ្ដល់រង្វាន់របស់គាត់ គឺជារឿងពិតប្រាកដមែនក្នុងរយៈពេលជាក់លាក់ណាមួយអាចថា ១ ឆ្នាំ ឬ ៦ ខែ ពេលដែលគាត់ផ្សាយពាណិជ្ជកម្ម គាត់ត្រូវបង្ហាញឯកសារពិតប្រាកដ»។
លោកបន្តថា ក្រុមការងារអគ្គនាយកដ្ឋានតែងតែតាមដានការផ្សាយពាណិជ្ជកម្មតាមវិធីផ្សេងៗដូចជាតាមទូរទស្សន៍ជាដើម ហើយតែងតែជួបជាមួយក្រុមហ៊ុនជាទៀងទាត់ ដោយតម្រូវឱ្យក្រុមហ៊ុនផ្ដល់ឯកសារអំពីការប្រកាសផ្ដល់រង្វាន់របស់ខ្លួនព្រមទាំងណែនាំលើការប្រើប្រាស់ពាក្យពេចន៍ដែលមានលក្ខណៈបំភ្លៃហួសហេតុ ឬក្នុងរូបភាពក្លែងបន្លំ ដែលប៉ះពាល់ផលប្រយោជន៍អ្នកប្រើប្រាស់។
ករណីដែលក្រុមហ៊ុនមិនធ្វើតាមការផ្សាយពាណិជ្ជកម្មរបស់ខ្លួន អគ្គនាយកដ្ឋាននឹងចាត់វិធានការទៅតាមនីតិវិធីនៃការពិន័យអន្តរការណ៍តាមលំដាប់លំដោយរហូតដល់មានការបញ្ជូនទៅតុលាការ។ ទោះយ៉ាងណាលោកសុំមិនបញ្ចេញឈ្មោះក្រុមហ៊ុនដែលត្រូវបានជួបប្រជុំពីម្សិលមិញទេ ដោយគ្រាន់តែបង្ហើបថា ក្រុមហ៊ុនទាំងនោះធ្វើជំនួញផ្នែកភេសជ្ជៈ និងស្រាបៀរ។
លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាថ្លែងថា មានផលិតផលជាច្រើនបានផ្សាយពាណិជ្ជកម្មផ្ដល់រង្វាន់ដល់អ្នកប្រើប្រាស់។ សម្រាប់ផលិតផលគ្រឿងស្រវឹង លោកយល់ថាការប្រកាសផ្ដល់រង្វាន់អាចទាក់ទាញឱ្យមានការប្រើប្រាស់គ្រឿងស្រវឹងកាន់តែច្រើនជាពិសេសរង្វាន់ដែលមិនមែនជារបស់ផ្សេងក្រៅពីផលិតផលគ្រឿងស្រវឹងដដែលនោះ។ «ឧទាហរណ៍គាត់ត្រូវទិញតែ ២ ដបផឹកទេតែត្រូវបាន ២ ដបទៀត គាត់ត្រូវយកទៅណាគឺគាត់ផឹកទៀត។ បើគាត់ផឹកទៀត តើអ្វីដែលនឹងកើតឡើងចំពោះគាត់។ គាត់ផឹកច្រើន គ្រោះថ្នាក់ច្រើន។ អ៊ីចឹងការផ្ដល់រង្វាន់គឺជាទម្រង់មួយនៃការផ្សាយពាណិជ្ជកម្មទាក់ទាញដូចគ្នាហើយដែលខ្ញុំគិតថា គួរតែត្រូវបានហាមឃាត់»៕
វីដេអូ៖