ភ្នំពេញ៖ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (ក.ប.ប) នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​ចុះ​បង្រ្កាប​ទីតាំង​ស្តុក​ទុក​អាល់កុល​ក្លែងក្លាយ ឬ​មេតាណុល​ប្រមាណ​ជាង ១២ តោន នៅ​រាជធានី​ភ្នំពេញ ហើយ​ស្ថាប័ន​នេះ​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​មុន​ទិញ​អាល់​កុល​ប្រើប្រាស់។

អគ្គនាយកដ្ឋាន ក.ប.ប បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ការ​ចុះ​បង្ក្រាប​ទីតាំង​អាល់កុល​ក្លែងក្លាយ គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃទី ១៣ ខែ​ឧសភា បន្ទាប់​ពី​មន្រ្តី​ជំនាញ​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់។

ក.ប.ប បន្ត​ថា៖ «បន្ទាប់​ពី​បាន​ស្រាវជ្រាវ ស៊ើប​អង្កេត​រក​ទីតាំង​ភូមិសាស្ត្រ​ដែល​កំពុង​ចរាចរ និង​ស្តុក​ទុក​អាល់កុល​ក្លែងក្លាយ​បាន​ច្បាស់លាស់​នៅ​ល្ងាច​ថ្ងៃទី ១៣ ខែ​ឧសភា​នេះ មន្រ្តី​អគ្គនាយកដ្ឋាន ក.ប.ប ដោយ​មាន​ការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួត​ពិនិត្យ និង​ឃាត់​ទុក​បណ្តោះអាសន្ន​អាល់កុល​ក្លែងក្លាយ ឬ​មេតាណុល​ចំនួន ១២ ៣៦០ លីត្រ»។

ទីតាំង​ស្តុក​ទុក​អាល់កុល​ក្លែងក្លាយ​នេះ ស្ថិតនៅ​ក្នុង​ភូមិសាស្រ្ត​ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ។

ទន្ទឹម​នេះ​ដែរ អគ្គនាយកដ្ឋាន ក.ប.ប អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​មាន​ការ​ប្រុងប្រយ័ត្ន​ក៏​ដូច​ជា អាជីវករ​លក់​ដុំ លក់​រាយ ម្ចាស់​ឱសថ​ស្ថាន ម្ចាស់​ផ្សារ​ទំនើប និង​អ្នក​នាំចូល​ផលិតផល​អាល់កុល​ទាំង​អស់ សូម​កុំ​យក​សារធាតុ​មេតាណុល​បន្លំ​ជា​អាល់កុល​លក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ចាត់​ទុក​ថា សកម្មភាព​នេះ​មិន​ត្រឹមតែ​មិន​អាច​ទប់ស្កាត់​ការ​ចម្លង​មេរោគ ឬ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប្រឈម​ចំពោះ​មុខ​ច្បាប់​ដល់​ខ្លួន​ថែម​ទៀត​ផង។

ក.ប.ប បញ្ជាក់​ថា៖ «សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រើប្រាស់​ទាំង​អស់​ប្រុងប្រយ័ត្ន​មុន​ទិញ​អាល់កុល​ ឬ​ជែល យក​មក​ប្រើប្រាស់​ក្នុង​គោល​បំណង​សម្លាប់​មេរោគ សូម​ពិនិត្យ និង​ជ្រើសរើស​ផលិតផល​ដែល​មាន​ស្លាក​សញ្ញា និង​ប្រភព​ត្រឹមត្រូវ​ច្បាស់​លាស់»។

សូម​ជម្រាប​ថា កាល​ពី​ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២១ មន្ត្រី​អគ្គនាយកដ្ឋាន ក.ប.ប បាន​នាំ​យក​អាល់កុល​ក្លែងក្លាយ ឬ​មេតាណុល​ប្រមាណ​ជិត ១២ តោន ទៅ​បំផ្លាញ​ចោល​នៅ​ទីលាន​ចាក់​សំរាម​ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

អគ្គនាយកដ្ឋាន ក.ប.ប បាន​ពន្យល់​ថា មេតាណុល គឺ​សារធាតុ​គីមី ដែល​គេ​ច្រើន​ប្រើ​ធ្វើ​ជា​សារធាតុ​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម ឬ​សំណង់។

សារធាតុ​មេតាណុល​មិនមាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្លាប់​មេរោគ​កូវីដ ១៩ នោះ​ទេ មិន​តែ​ប៉ុណ្ណោះ​ការ​ប្រើ​មេតាណុល​សម្រាប់​លាងដៃ​សម្រាប់​សម្លាប់​មេរោគ​កូវីដ ១៩ អាច​នឹង​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ប្រើ ដូចជា​បណ្តាល​ឱ្យ​រលាក​ស្បែក រលាក​ភ្នែក ឈឺ​ក្បាល វិលមុខ ស្រវាំង​ភ្នែក ងងុយ​ដេក បាត់បង់​ស្មារតី ក្អួត​ចង្អោរ រំខាន​ដល់​ការ​រំលាយ​អាហារ ឬ​អាច​បណ្តាល​ឱ្យ​ស្លាប់​បាន​ប្រសិន​បើ​យក​ទៅ​លាយ​ជាមួយ​ស្រា​ហើយ​បរិភោគ​លើស​កម្រិត។

ម្យ៉ាង​ទៀត​ប្រសិន​បើ​មាន​ករណី​សង្ស័យ​ជា​យថាហេតុ​ពាក់ព័ន្ធ​នឹង​គុណភាព​អាល់កុល ឬ​មានព័ត៌​មាន​ពី​ការ​ស្តុក​ទុក​ការ​ចរាចរ ​ឬ​ចែកចាយ​អាល់កុល​ក្លែងក្លាយ​សូម​ផ្តល់ព័ត៌​មាន​មក​អគ្គនាយកដ្ឋាន ក.ប.ប តាមរយៈ​លេខ​ទូរស័ព្ទ 023 231 856/092 830 856 ផេក​ហ្វេសប៊ុក​ផ្លូវការ​របស់​អគ្គនាយកដ្ឋាន ក.ប.ប www.facebook.com/ccfkh/ ឬ​តាមរយៈ​គេហទំព័រ www.ccfdg.gov.kh/៕