ភ្នំពេញៈ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្មបើកយុទ្ធនាការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការធ្វើធុរកិច្ចប្រេងឥន្ធនៈដល់ម្ចាស់ស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈទូទាំង ២៥ រាជធានី-ខេត្ដ ដើម្បីផ្តល់ជាព័ត៌មាន និងចំណេះដឹងពីលិខិតបទដ្ឋាននានាមុននឹងចាប់ផ្ដើមអនុវត្តច្បាប់ពិន័យអន្តរកាល។
លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ពីម្សិលមិញថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងជំរុញឱ្យការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានានៅកម្ពុជាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ផ្តល់នូវទំនុកចិត្ត និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ ជំរុញឱ្យការធ្វើពាណិជ្ជកម្មប្រព្រឹត្តទៅប្រកបដោយសុចរិតភាពទទួលបានភាពយុត្តិធម៌ក្នុងការប្រកួតប្រជែង។
លោកថ្លែងថា៖ «យើងធ្វើយុទ្ធនាការនេះ នៅទូទាំង ២៥ រាជធានី-ខេត្ដដោយអញ្ជើញប្រជាពលរដ្ឋ ដែលមានធុរកិច្ចក្នុងវិស័យប្រេងឥន្ធនៈទាំងអស់ចូលរួម។ យើងបានចាប់ផ្ដើមយុទ្ធនាការនេះ កាលពីចុងខែកញ្ញា និងគ្រោងបិទបញ្ចប់នៅពាក់កណ្ដាលខែធ្នូឆ្នាំនេះ»។
លោក ផាន អូន បន្ថែមថា៖ «ក្រោយបញ្ចប់យុទ្ធនាការនេះ យើងនឹងចាប់ផ្ដើមអនុវត្ដវិធានការពិន័យអន្តរកាលទៅលើអ្នកប្រព្រឹត្ដល្មើសក្នុងវិស័យធុរកិច្ចប្រេងឥន្ធនៈនេះ»។
បើតាមមន្ត្រីរូបនេះគឺតាមរយៈយុទ្ធនាការនេះ មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. នឹងផ្សព្វផ្សាយខ្លឹមសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងប្រេងឥន្ធនៈដល់ភាគីពាក់ព័ន្ធ ដើម្បីឱ្យទទួលបាននូវព័ត៌មាន និងចំណេះដឹងពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដល់ម្ចាស់ស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈទាំងអស់នៅទូទាំងប្រទេស។
លោកបញ្ជាក់ថា៖ «កន្លងមកយើងរកឃើញភាពមិនអនុលោមតាមច្បាប់កំណត់ យើងក៏បានធ្វើកិច្ចសន្យាជាមួយម្ចាស់ស្ថានីយប្រេងឥន្ធនៈមួយចំនួនរួចហើយដែរ។ ដូច្នេះតាមរយៈយុទ្ធនាការនេះ យើងបានផ្សព្វផ្សាយដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈម្ដងទៀតមុនពេលដែលយើងអនុវត្ដវិធានការពិន័យអន្តរកាល»។
បើតាមលោក ផាន អូន ប្រធានបទសំខាន់ៗមួយចំនួនដូចជា យន្តការនៃការត្រួតពិនិត្យផលិតផលប្រេងឥន្ធនៈនៅកម្ពុជាអំពើមិនសុចរិតក្នុងធុរកិច្ចពាក់ព័ន្ធនឹងអាជីវកម្មលក់រាយប្រេងឥន្ធនៈ និងទោសប្បញ្ញត្តិពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើមិនសុចរិតក្នុងអាជីវកម្មលក់រាយប្រេងឥន្ធនៈទាំងអស់ដែលមានការបន្លំជាបរិមាណ គុណភាពជាដើមនឹងត្រូវលើកឡើងមកផ្សព្វផ្សាយនៅក្នុងយុទ្ធនាការនេះផងដែរ។
អគ្គនាយកដ្ឋាន ក.ប.ប. បានឱ្យដឹងថា កន្លងមកបានផ្សព្វផ្សាយនូវខ្សែវីដេអូអប់រំអំពីសុវត្ថិភាពម្ហូបអាហារ ខ្សែវីដេអូអប់រំការយល់ដឹងអំពីការទិញទំនិញតាមប្រព័ន្ធ Online ផ្ទាំងរូបភាពអប់រំអំពីសុវត្ថិភាពម្ហូបអាហារ និងខិត្តប័ណ្ណអប់រំអំពីអំពើមិនសុចរិតក្នុងធុរកិច្ចពាក់ព័ន្ធនឹងប្រេងឥន្ធនៈ។
កាលពីថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២០ អគ្គនាយកដ្ឋាន ក.ប.ប. បានជួបពិភាក្សាការងារ និងផ្សព្វផ្សាយការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យប្រេងឥន្ធនៈដល់បណ្តាក្រុមហ៊ុនប្រេងឥន្ធនៈធំៗចំនួន ១០ រួចមកហើយដែរ។
ប្រជាពលរដ្ឋបានសាទរចំពោះការបើកយុទ្ធនាការនេះ ព្រោះកន្លងមកពួកគាត់បានជួបបញ្ហា ការកេងបន្លំរបស់ម្ចាស់ធុរកិច្ចក្នុងវិស័យនេះ។ ពលរដ្ឋម្នាក់ឈ្មោះ សុភា នីតា បានស្នើដល់ក្រុមការងារធ្វើយុទ្ធនាការនេះកុំឱ្យមានអំពើពុករលួយនៅក្នុងអង្គភាពការងារ។ ចំណែកពលរដ្ឋម្នាក់ទៀតឈ្មោះ មួង អង្គារ៉ា លើកឡើងថា៖ «ខ្ញុំគាំទ្រ ព្រោះរឿងប្រេងឥន្ធនៈនេះពិតជាជួបនូវបញ្ហាលួចបន្លំច្រើនណាស់ ទាំងគុណភាព និងបរិមាណ»៕