ភ្នំពេញៈ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្មប្រាប់ឱ្យម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ និងអាជីវករផ្ដល់ព័ត៌មាន បើសង្ស័យករណីមានជនខិលខូចបន្លំខ្លួនជាមន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប ទៅដើរជំរិតទារប្រាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប ថ្លែងកាលពីថ្ងៃម្សិលមិញថា ក្នុងរយៈពេលថ្មីៗនេះ មានជនខិលខូចមួយចំនួនបានបន្លំខ្លួនជាមន្ត្រីអតីតកាំកុងត្រូល ឬជាមន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប យកតួនាទី និងភារកិច្ចថ្មីនេះ ដើរជំរិតទារប្រាក់ពីម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ និងអាជីវករ ដោយធានាជួយដោះស្រាយបញ្ហា ឬសម្របសម្រួលលើបាតុភាពណាមួយ ឬជាថ្នូរនឹងការមិនចុះត្រួតពិនិត្យពីមន្ដ្រីជំនាញជាដើម។
លោកថ្លែងថា៖ «យើងបានដកកាំកុងត្រូល ចេញអស់ហើយតាំងពីឆ្នាំ ២០១៩ គឺមិនអនុញ្ញាតឱ្យយកលុយគេទេ។ ឥឡូវមន្ដ្រីយើង មានលទ្ធភាពតែក្នុងការអនុវត្ដច្បាប់ ការផ្សព្វផ្សាយច្បាប់ និងការតាក់តែងឯកសារច្បាប់មួយចំនួន ទាក់ទងនឹងកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំក្នុងការត្រៀមលក្ខណៈដើម្បីអនុវត្ដបន្ត»។
លោក ផាន អូន បញ្ជាក់ថា បើសិនជាពាណិជ្ជករ អាជីវករ ឃើញមានករណីការទាមទារប្រាក់ណាមួយដែលកើតឡើងត្រូវកំណត់អត្ដសញ្ញាណបុគ្គលនោះឱ្យបានរួចផ្ដល់អត្តសញ្ញាណមកកាន់អគ្គនាយកដ្ឋាន ក.ប.ប។ អគ្គនាយកដ្ឋាន ក.ប.ប នឹងចេញការពិន័យអន្តរការណ៍មួយទៀតដែលត្រូវពិន័យចំពោះអ្នកដែលប្រកបអាជីវកម្ម មិនសុចរិត។
លោកបានថ្លែងថា៖ «ឥឡូវយើងកំពុងតែពិភាក្សាជាមួយអន្តរក្រសួងមានក្រសួងយុត្ដិធម៌ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម។ បើសិនជាជនខិលខូច ដែលជំរិតទារប្រាក់នោះជាមន្ដ្រី យើងនឹងអនុវត្ដទោសតាមច្បាប់មន្ដ្រីរាជការ និងក្រមព្រហ្មទណ្ឌនៃប្រទេសកម្ពុជា»។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋាន ក.ប.ប កាលពីថ្ងៃទី ២៥ ខែកុម្ភៈបញ្ជាក់ថា ដើម្បីទប់ស្កាត់នូវរាល់សកម្មភាពឆបោកខាងលើ និងដើម្បីវែកមុខជនខិលខូចឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើម្ចាស់អាជីវកម្ម អាជីវករ និងសាធារណជនមានការសង្ស័យជាយថាហេតុណាមួយ សូមផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប តាមរយៈ ហ្វេសប៊ុក «អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (CCF)» ឬលេខទូរស័ព្ទ ០២៣ ២៣១ ៨៥៦/០១២ ៥២៦ ៦៦០/០១២ ៩២៥ ៣១៧/០១២ ៨២៨ ២៣២/០៩២ ៨៣០ ៨៥៦។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែលនៅរៀងរាល់ពេលចេញប្រតិបត្តិការការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន មន្ត្រីជំនាញរបស់ ក.ប.ប ប្រើប្រាស់ឯកសណ្ឋានការងារ សញ្ញាសម្គាល់ សញ្ញាស័ក្ដិ ដោយមានភ្ជាប់ស្លាកឈ្មោះ និងលេខសម្គាល់ខ្លួន និងមានលិខិតបញ្ជាបេសកកម្មត្រឹមត្រូវក្នុងករណីប្រតិបត្តិការការងារក្រៅដែនសមត្ថកិច្ច។
បច្ចុប្បន្ន អគ្គនាយកដ្ឋាន ក.ប.ប ត្រូវបានផ្តល់អាណត្តិដោយច្បាប់ចំនួន ២ គឺច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិជាធរមានមួយចំនួនទៀត ដើម្បីអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលសំដៅជំរុញឱ្យការធ្វើធុរកិច្ចនៅកម្ពុជាប្រកបដោយសុចរិត ការប្រកួតប្រជែងដោយស្មើភាព ទប់ស្កាត់ និងបង្ក្រាបការក្លែងបន្លំ ពាណិជ្ជកម្មធានាគុណភាពសុវត្ថិភាព និងអនុលោមភាពនៃផលិតផលទំនិញ និងសេវា ការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់។
លោក តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងលោកស្រី កែវ មុំ តំណាងសមាគមឧស្សាហកម្ម ធុនតូច និងមធ្យមភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងសុំអត្ថាធិប្បាយលើបញ្ហានេះបានទេកាលពីម្សិលមិញ ព្រោះទូរស័ព្ទគ្មានអ្នកទទួល៕
វីដេអូ៖