ភ្នំពេញ៖ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ «ក.ប.ប.» នៃ​ក្រសួង​ពាណិជ្ជកម្ម​អំពាវនាវ​ដល់​អាជីវករ ពាណិជ្ជករ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បញ្ឈប់​ជា​បន្ទាន់​ការ​ចរាចរ ចែកចាយ លក់​សារធាតុ​មេតាណុល​ក្លែង​បន្លំ​ជា អេតាណុល (អាល់កុល​ក្លែងក្លាយ) សម្រាប់​សម្លាប់​មេរោគ​កូវីដ ១៩។

លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន «ក.ប.ប.» នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍​ថា ដោយ​យោង​លើ​សភាពការណ៍​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ «សហគមន៍ ២០ កុម្ភៈ» នៅ​មិន​ទាន់​ធូរស្បើយ នាំ​ឱ្យ​តម្រូវការ​នៃ​ការ​ប្រើប្រាស់​អាល់កុល និង​ជែល​សម្លាប់​មេរោគ មាន​ការ​កើន​ឡើង​ខ្ពស់ ជា​ហេតុ​នាំឱ្យ​មាន​បុគ្គល​ឆ្លៀត​ឱកាស​មួយ​ចំនួន​តូច បាន​យក​សារធាតុ​មេតាណុល (Methanol) មក​ក្លែងបន្លំ​ជា​អេតាណុល (Ethanol) សម្រាប់​សម្លាប់​មេរោគ ឬ​ធ្វើ​ជា​សារធាតុ​ផ្សំ​សម្រាប់​ផលិត​ជែល​សម្លាប់​មេរោគ។

លោក​បាន​ថ្លែង​ថា កន្លង​មក​អគ្គនាយកដ្ឋាន ក.ប.ប. បាន​ដាក់​ចេញ​នូវ​គោលការណ៍​ណែនាំ​ដល់​បណ្តា​សាខា ក.ប.ប. រាជធានី ខេត្ត ឱ្យ​អនុវត្ត​សកម្មភាព​ឃ្លាំ​ពិនិត្យ​ជា​ប្រចាំ​នៅ​តាម​បណ្តា​គោលដៅ​រួម​មាន ឱសថស្ថាន ផ្សារ​ទំនើប ឃ្លាំង​ស្តុក និង​មធ្យោបាយ​ដឹក​ជញ្ជូន​ដែល​សង្ស័យ​មាន​លក់ ស្តុក​ទុក ឬ​ដឹក​ជញ្ជូន សារធាតុ​មេតាណុល​ក្នុង​ចេតនា​ធ្វើ​អាជីវកម្ម​ទុច្ចរិត។

លោក​បន្ត​ថា៖ «ជា​លទ្ធផល ត្រឹមតែ​រយៈពេល ៣ ថ្ងៃ ដើម​ខែ​មេសា​ ឆ្នាំ ២០២១ កន្លង​ទៅ​នេះ មន្រ្តី​ជំនាញ​អគ្គនាយកដ្ឋាន ក.ប.ប. បាន​ស្រាវជ្រាវ​រក​ឃើញ​ការ​ចរាចរ​លក់​សារធាតុ​មេតាណុល បន្លំ​ជា​អេតាណុល (អាល់កុល) ចំនួន ៣ ករណី ដែល​មាន​នៅ​ខេត្ត​រតនគិរី រឹប​អូស​បាន​មេតាណុល​ចំនួន ៥៥៦ លីត្រ ខេត្ត​បាត់ដំបង រឹប​អូស​បាន​មេតាណុល​ចំនួន ៨៤៦ លីត្រ និង​នៅ​រាជធានី​ភ្នំពេញ រឹប​អូស​បាន​មេតាណុល​ចំនួន ៨ ២៩០ លីត្រ ដោយ​បាន​និង​កំពុង​អនុវត្ត​នីតិវិធី​បន្ត ក្រោម​កិច្ច​សម្រប​សម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី-ខេត្ត​ផង​ដែរ»។

លោក ផាន អូន បញ្ជាក់​ថា៖ «អគ្គនាយកដ្ឋាន ក.ប.ប. នឹង​បន្ត​អនុវត្ត​ការងារ​នេះ​ដូច​ភ្លៀង​រលឹម ដើម្បី​ការពារ​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រើប្រាស់»។

បើ​តាម​លោក ផាន អូន សារធាតុ​មេតាណុល គឺ​ជា​អាល់កុលពុល គ្មានពណ៌ ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​ខ្លាំង​ទៅ​នឹង​អាល់កុល​ធម្មតា (អេតាណុល​អេទីលអាល់កុល) ហើយ​ភាគ​ច្រើន​គេ​ប្រើ​មេតាណុល សម្រាប់​ធ្វើ​ជា​សារធាតុ​រំលាយ។

លោក​បន្ត​ថា យោង​តាម​សេចក្តី​ណែនាំ​របស់​អង្គការ​សុខភាព​ពិភព​លោក សារធាតុ​មេតាណុល​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជា​សារធាតុ​ផ្សំ​សកម្ម​នៅ​ក្នុង​ការ​ផលិត​សារធាតុ​លាង​សម្អាត​ដៃ​ឡើយ ដោយសារ​ធាតុ​នេះ គឺ​ជា​សារធាតុពុល និង​មិន​មាន​សមត្ថភាព​សម្លាប់​មេរោគ​កូវីដ ១៩ នោះ​ទេ។

ការ​ប្រើប្រាស់​សារធាតុ​មេតាណុល​ធ្វើ​ជា​សារធាតុ​សម្លាប់​មេរោគ មិន​ត្រឹមតែ​មិន​មាន​ប្រសិទ្ធ​ភាព​ប៉ុណ្ណោះ​ទេ​ តែ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព រួម​មាន​រលាក​ស្បែក រលាក​ភ្នែក ឈឺ​ក្បាល វិល​មុខ ងងុយ​ដេក ច្របូកច្របល់ បាត់បង់​ស្មារតី ក្អួត រំខាន​ដល់​ការ​រំលាយ​អាហារ ស្រវាំង​ភ្នែក និង​អាច​បណ្តាល​​ឱ្យ​ស្លាប់​បាន​ប្រសិន​បើ​យក​ទៅ​លាយ​ជាមួយ​ស្រា ហើយ​បរិភោគ​លើស​កម្រិត។

លោក​បាន​ថ្លែង​ថា៖ «ជា​ថ្មី​ម្តង​ទៀត អគ្គនាយកដ្ឋាន ក.ប.ប. សូម​អំពាវនាវ​ដល់​សាធារណជន​ទាំង​អស់ មុន​នឹង​សម្រេច​ចិត្ត​ជាវ​អាល់កុល ឬ​ជែល យក​មក​ប្រើប្រាស់​ក្នុង​គោល​បំណង​សម្លាប់​មេរោគ សូម​ពិនិត្យ និង​ជ្រើសរើស​ផលិតផល​ដែល​មាន​ស្លាកសញ្ញា និង​ប្រភព​ត្រឹមត្រូវ​ច្បាស់លាស់។ ជាមួយ​នោះ​ផង​ដែរ សូម​អំពាវនាវ​ដល់​អាជីវករ​លក់ដុំ លក់រាយ ម្ចាស់​ឱសថស្ថាន ម្ចាស់​ផ្សារ​ទំនើប និង​អ្នក​នាំចូល​ផលិតផល​អាល់កុល​ទាំង​អស់ សូម​ប្រកប​របរ​អាជីវកម្ម​ប្រកប​ដោយ​សុចរិត និង​មាន​ការ​ទទួល​ខុស​ត្រូវ និង​សូម​គិត​ពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ខ្ពស់​ជាង​ផល​ចំណេញ​របស់​ខ្លួន»។

លោក​បញ្ជាក់​ថា អគ្គនាយកដ្ឋាន ក.ប.ប. នឹង​បន្ត​អនុវត្ត​នីតិវិធី​ចុះ​ស៊ើបអង្កេត ត្រួត​ពិនិត្យ និង​បង្ក្រាប​រាល់​សកម្មភាព​ក្លែងបន្លំ​ខាង​លើ ដោយ​អនុវត្ត​វិធានការណ៍​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូវីដ ១៩ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ៕