ភ្នំពេញៈ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​ (​ក.ប.ប) នៃ​ក្រសួងពាណិជ្ជកម្ម​ណែនាំ​មន្ដ្រី​របស់​​ខ្លួន​នៅ​រាជធានី-ខេត្ដ ឱ្យ​ផ្សព្វផ្សាយ​ពី​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​ (SOP) ​សម្រាប់​ត្រួតពិនិត្យ​ទំនិញ​តាម​ទីផ្សារ ពិសេស​ម្ហូបអាហារ​ចាំបាច់​ដែល​មាន​ប្រភពពី​ក្រៅ​ប្រទេស​ដែលមាន​ហានិភ័យ បង្ក​គ្រោះ​ដល់​សុខភាព​ពលរដ្ឋ​។

លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ ក.ប.ប កាលពី​ថ្ងៃទី​ ១៧ ខែ​​ឧសភា​ បាន​ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ​ (Zoom) ​ជាមួយ​នឹង​មន្ដ្រី ក.ប.ប រាជធានី-ខេត្ដ ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​ការពង្រឹង​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់ និង​បន្ត​ការអប់រំ​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការយល់ដឹង​ដល់​ពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់ និង​ធុរជន​ឱ្យបាន​យល់ដឹង​ពី​ខ្លឹមសារ​ច្បាប់​ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​។

លោក​បាន​ថ្លែងថា​៖ «​ក្នុង​កិច្ចប្រជុំ​យើង​បាន​ណែនាំ​ដល់​មន្ដ្រី​ «​ក.ប.ប» រាជធានី-ខេត្ដ អំពី​ដំណើរការ​នៃ​ការរៀបចំ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​ (SOP) ​សម្រាប់​ត្រួតពិនិត្យ​ទំនិញ​នៅលើ​ទីផ្សារ​ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​សម្រាប់​ត្រួតពិនិត្យ​ទំនិញ​ម្ហូបអាហារ​ចាំបាច់​មួយចំនួន​ដែលមាន​ប្រភព​នាំចូល​ពី​ក្រៅប្រទេស ដូចជា បន្លែ ត្រី សាច់ និង​គ្រឿង​ឧបភោគបរិភោគ​ដែលមាន​ហានិភ័យ​ក្នុង​ការបង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​»​។

បើតាម​លោក ផាន អូន ការរៀបចំ​នីតិវិធី​ស្ដង់ដា​នេះ​គឺ​ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​មន្ត្រី​នៅតាម​បណ្តា​សាខា ក.ប.ប រាជធានី-ខេត្ត ឃ្លាំ​ពិនិត្យ​នៅ​ទីផ្សារ​ជាប្រចាំ ការកំណត់​អត្តសញ្ញាណ​ស៊ើបអង្កេត​លើ​ទីផ្សារ ឃ្លាំង​ស្តុក តាម​មធ្យោបាយ​ដឹកជញ្ជូន និង​ការបន្ត​តាមដាន​ត្រឡប់ ដើម្បី​ស្វែងរក​ប្រភព​នៃ​ការនាំចូល​សម្រាប់​ចាត់ការ​​នីតិវិធី​បន្ត​លើ​ករណី​ដែលមាន​ការស្នើសុំ​កិច្ចសហការ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ជាយថាហេតុ​ណាមួយ​ក្នុងការ​ត្រួតពិនិត្យ​ទំនិញ​នាំចេញ នាំចូល​។

លោក​ថ្លែងថា​៖ «​យើង​បាន​ត្រៀម​រៀបចំ​នូវ​ផ្ទាំង​រូបភាព​ (Boucher Posters and Flyers) ​សម្រាប់​ការអប់រំ​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការយល់ដឹង​លើ​កម្មវិធី​សំខាន់ៗ​ចំនួន​ ៤ រួមមាន សុវត្ថិភាព​ម្ហូបអាហារ កិច្ចការ​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​កិច្ចការ​ហាឡាល​ (​អាហារ​សម្រាប់​សាសនិក​អ៊ិស្លាម​) ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់ និង​ធុរជន ស្វែងយល់​បន្ថែម​ពី​ខ្លឹមសារ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​អំពើ​បំពាន​ច្បាប់ និង​សិទ្ធិ​ដែល​ត្រូវបាន​ការពារ​ដោយ​ច្បាប់​»​។

លោក​បន្តថា តាមរយៈ​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ​នេះ គឺ​មាន​សង្ខេប​ខ្លីៗ​ងាយ​មើល និង​យល់ ដើម្បី​ឱ្យ​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន ក.ប.ប ប្រកប​ដោយ​ភាពទន់ភ្លន់ តែ​ម៉ឺងម៉ាត់​។

អគ្គនាយកដ្ឋាន​ ក.ប.ប បាន​ឱ្យដឹង​ដែរ​ថា កន្លងមក​មាន​ការបោះពុម្ព​ផ្ទាំង​រូបភាព​ស្វែងយល់​អំពី​ការជ្រើសរើស​ម្ហូបអាហារ​ដែល​មាន​សុវត្ថិភាព ខិត្តប័ណ្ណ​អំពី​ការយល់ដឹង​ករណី​ពុលស្រា និង​ផលប៉ះពាល់​សុខភាព​។

ការបោះពុម្ព​ផ្ទាំង​រូបភាព​គឺ​សម្រាប់​អប់រំ​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការយល់ដឹង​ជូន​ដល់​ពលរដ្ឋ​ជា​អ្នកប្រើប្រាស់​​ដើម្បី​ជា​មូលដ្ឋាន​ចំណេះដឹង​ក្នុង​ការសម្រេចចិត្ត​ជ្រើសរើស​ទំនិញ​ដែលមាន​សុវត្ថិភាព និង​គុណភាព​យកមក​ប្រើប្រាស់​ និង​បរិភាគ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការបង្ក​គ្រោះថ្នាក់​នានា​។

ក្នុងនោះ​មាន​ខិត្តប័ណ្ណ​ស្វែងយល់​អំពី​អំពើ​មិន​សុចរិត​ក្នុង​ធុរកិច្ច​ពាក់ព័ន្ធ​នឹង​ប្រេងឥន្ធនៈ​​ក៏​ត្រូវបាន​អគ្គនាយកដ្ឋាន ក.ប.ប ផ្សព្វផ្សាយ​ដល់​ម្ចាស់​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​នៅ​ទូទាំង​រាជធានី-ខេត្ត​ផងដែរ ដើម្បី​បាន​ស្វែងយល់​ច្បាស់​លើ​អំពើ​ល្មើស និង​ការពិន័យ​មុននឹង​មន្ត្រី​របស់​អគ្គនាយកដ្ឋាន ក.ប.ប ចាប់ផ្តើម​អនុវត្ត​វិធានការ​ច្បាប់​។

លោក ផាន អូន បានឱ្យដឹង​​ទៀតថា ក្រៅពីនេះ អគ្គនាយកដ្ឋាន ក.ប.ប ក៏បាន​ដាក់​ឱ្យប្រើប្រាស់​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​សម្រាប់​ត្រួតពិនិត្យ​ផលិតផល​ប្រេងឥន្ធនៈ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា សម្រាប់​ត្រួតពិនិត្យ​អំបិល​អ៊ីយ៉ូត ក្នុង​ស្ថានភាព​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ មិនទាន់​មានការ​ធូរស្បើយ​។

លោក​បន្តថា អគ្គនាយកដ្ឋាន ក.ប.ប បាន​ និង​ត្រៀម​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នីតិវិធី​ទាំង​ ២ ​ខាងលើ ដល់​មន្ត្រី​របស់​សាខា ក.ប.ប រាជធានី ខេត្ត តាម​ប្រព័ន្ធ Online Zoom ​នាពេល​ឆាប់ៗ​ខាងមុខនេះ សម្រាប់​ជា​មូលដ្ឋាន​ដល់​មន្ត្រី​ជំនាញ​ក្នុង​ការយក​ទៅ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធផល​។

លោក​បាន​បញ្ជាក់ថា​៖ «​មាន​មន្ត្រី​អនុវត្ត​ច្បាប់ និង​មាន​នីតិសម្បទា​ជា​មន្ត្រីនគរបាល​យុត្តិធម៌ ដូច្នេះ​ការពង្រឹង​សមត្ថភាព​របស់​មន្ត្រី​ក៏​ជា​កត្តាចាំបាច់​ដែល​ថ្នាក់ដឹកនាំ​របស់​អគ្គនាយកដ្ឋាន​តែងតែ​យកចិត្ត​ទុកដាក់​ផងដែរ​»៕