ភ្នំពេញៈ ក្រោយ​កិច្ចប្រជុំ​ជាមួយ​មាតាបិតា​ទារក​រងគ្រោះ និង​តំណាង​ក្រុមហ៊ុន​នាំចូល​ផលិតផល​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt កាលពី​ថ្ងៃទី ៥-៦ ខែតុលា អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ (​ក.ប.ប) នៃ​ក្រសួងពាណិជ្ជកម្ម​បាន​ទុក​រយៈពេល ១ ​ខែ​ឱ្យ​ភាគី​ទាំង​ ២ ដោះស្រាយ​គ្នា​តាមផ្លូវ​រដ្ឋប្បវេណី ហើយ​បើ​គ្មាន​លទ្ធផល​នឹង​បន្តទៅ​តាមផ្លូវ​តុលាការ​។

លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ៦ ​ខែតុលា​ក្រោយ​កិច្ចប្រជុំ​មាតាបិតា​ទារក​រងគ្រោះ​ពី​ការប្រើប្រាស់​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt និង​ភាគី​ក្រុមហ៊ុន​ថា​អគ្គនាយកដ្ឋាន ក.ប.ប នឹង​បន្ត​ទុកពេល ១ ​ខែ​ដល់​ភាគី​ទាំង​ ២ ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ និង​ផ្តល់​សំណង​ដល់​ជនរងគ្រោះ​តាមផ្លូវ​រដ្ឋប្បវេណី​។ ស្រប​ពេលនេះ​ចំនួន​មាតាបិតា​ទារក​រងគ្រោះ​បានមក​ដាក់​បណ្ដឹង​កើនឡើង​ពី​ ១៦ ​គ្រួសារ​មកដល់​ ២៤ គ្រួសារ​ហើយ​។

លោក​ថ្លែងថា​៖ «​យើង​ទុកពេល​ឱ្យ​ពួកគាត់​ដោះស្រាយ​តាមផ្លូវ​រដ្ឋប្បវេណី​សិន​។ ចំពោះ​ដំណោះស្រាយ​តាមផ្លូវ​ព្រះរាជអាជ្ញា​គឺ​ធ្វើ​នៅតាម​ក្រោយ​។ យើង​ទុក​រយៈពេល ១ ខែ ដើម្បីឱ្យ​ពួកគាត់​ [​ក្រុមហ៊ុន​] ធ្វើ​របាយការណ៍ ពិនិត្យ​មើលថា​តើ​ការដោះស្រាយ​សំណង​នោះ​យ៉ាងម៉េច​ទៅដល់​ភាគី​មាតាបិតា​ទារក​រងគ្រោះ​គឺ​ទុកឱ្យ​គាត់​ដោះស្រាយ​តាម​នោះ​ទៅ​»​។

ក្រុម​មាតាបិតា​ទារក​រងគ្រោះ ក្រោយពី​បាន​ប្រើប្រាស់​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt លើ​លេខ Batch ចំនួន ៦ ​ប្រភេទ (B/N: 487, 488, 536, 537, 538, 539) បាន​បង្ក​ឱ្យ​កូន [​ទារក​] ​របស់​ពួកគាត់​មាន​សភាព​ឈឺ ស្លេកស្លាំង​ និង​មាន​ជំងឺ​ខ្វះ​ជាតិដែក ទើប​ស្នើ​ទៅ​រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល និង​អគ្គនាយកដ្ឋាន ក.ប.ប នៃ​ក្រសួងពាណិជ្ជកម្ម​កាលពី​ខែកក្កដា និង​ខែសីហា ដើម្បី​ស្វែងរក​ដំណោះស្រាយ​។

ក្រោយពី​ទទួល​បណ្ដឹង​នៅ​ថ្ងៃទី​ ២៦ ខែ​សីហា អគ្គនាយកដ្ឋាន ក.ប.ប បានបង្ហាញ​លទ្ធផល​វិភាគ​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt លើ​លេខ Batch ចំនួន ៦ ប្រភេទ​ខាងលើ បន្ទាប់ពី​បាន​ធ្វើការ​វិភាគ​ដោយ​មន្ទីរពិសោធន៍​ឯករាជ្យ​ និង​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ (Independent and Internationally Accredited Laboratory) ឈ្មោះ Eurofins Food Testing Singapore PTE LTD. នៅ​ប្រទេស​សិង្ហបុរី​។ ការវិភាគ​បង្ហាញថា ជាតិដែក (Iron) ដែលមាន​នៅក្នុង​ម្សៅ​ទឹកដោះគោ​ទាំងនេះ​មាន​កម្រិត​ទាប​ជាង​ការប្រកាស​របស់​ក្រុមហ៊ុន និង​ស្តង់ដា​កូដិច​អន្តរជាតិ (Codex International Standard)​។

អ្នកស្រី លីវ សំណាង មាតា​ទារក​រងគ្រោះ​ម្នាក់​ដែល​បាន​ប្រើ​ផលិតផល​ម្សៅ​ទឹកដោះគោ​នេះ​ប្រាប់​កាលពី​ថ្ងៃទី​ ៦ តុលា​ថា ក្រោយ​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ៥ ខែតុលា អគ្គនាយកដ្ឋាន ក.ប.ប បាន​ទុក​រយៈពេល​ ១ ​ខែ​ដល់​ភាគី​ក្រុមហ៊ុន សម្រាប់​ការដោះស្រាយ​សំណង​ដល់​មាតាបិតា​ទារក​រងគ្រោះ​ទៅ​តាម​ទំហំ​នៃ​សំណង​ផ្សេងៗ ដែល​ភាគី​ទាំង​ ២ បាន​ចរចា​គ្នា​។

អ្នកស្រី​បន្តថា​៖ «​ដូច្នេះ​ចាប់ពី​ថ្ងៃទី​ ៥ ខែតុលា​នេះ​រហូត​ដល់​ថ្ងៃទី​ ៥ ខែ​វិច្ឆិកា អគ្គនាយកដ្ឋាន ក.ប.ប ទុក​ពេល​ឱ្យ​ភាគី​ទាំង​ ២ ​ចរចា​ជាមួយ​គ្នា​»​។

អ្នកស្រី លីវ សំណាង បាន​ឱ្យ​ដឹងថា​ក្រុម​មាតាបិតា​ទារក​រងគ្រោះ​បាន​ទាមទារ​សំណង​ទៅតាម​រូបមន្ត​ និង​ការវិភាគ​ច្បាស់លាស់​ក្នុងនោះ​មាន​សំណង​ទៅលើ​ការចំណាយ​ផ្សេងៗ ដែល​បង្កឡើង​ពី​ការប្រើប្រាស់​ម្សៅទឹកដោះគោ​នេះ និង​សំណង​ទៅលើ​ថ្លៃ​ព្យាបាល​ទារក​រងគ្រោះ​ទៅ​ថ្ងៃ​អនាគត​ផងដែរ​។

អ្នកស្រី​បញ្ជាក់ថា​៖ «​ជំងឺ​ខ្វះ​ជាតិដែក និង​ខ្វះ​ជាតិ​ស័ង្កសី ដែល​បណ្ដាល​មកពី​ការប្រើប្រាស់​ម្សៅ​ទឹកដោះគោ​នេះ វា​មិនមែន​កើតឡើង​តែ​បច្ចុប្បន្ននេះ​ទេ គឺ​វា​នឹង​ជះឥទ្ធិពល​រហូត​ទៅដល់​ទារក​ពេញវ័យ ១៥-១៨ ឆ្នាំ ដូច្នេះ​យើង​បានទាមទារ​សំណង​ទៅលើ​ថ្លៃ​ព្យាបាល​នេះ​។ យើង​ក៏​ទាមទារ​ទៅលើ​ការអប់រំ​ដល់​កូន​របស់​ពួកយើង​ផងដែរ​ព្រោះ​ប្រព័ន្ធ​ខួរក្បាល​ពួកគាត់​បាន​រងផលប៉ះពាល់​»​។

ក្រុមហ៊ុន NUTRIATT MAS-TER LM.CO.LTD កាលពី​ថ្ងៃទី​ ១៦ ខែ​កញ្ញា ឆ្នាំ​ ២០២០ បានចេញ​លិខិត​សុំ​អភ័យទោស​ជា​សាធារណៈ​ដល់​រដ្ឋមន្ដ្រី និង​ថ្នាក់ដឹកនាំ​ក្រសួង​ពាណិជ្ជកម្ម អគ្គនាយកដ្ឋាន ក.ប.ប. និង​មាតាបិតា​របស់​ទារក និង​កុមារ​រង​ផលប៉ះពាល់​ពី​ការប្រើប្រាស់​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt របស់ខ្លួន​។

ក្រុមហ៊ុន​បាន​អះអាង​ថា ខ្លួន​ក៏​ជា​ជនរងគ្រោះ​ដោយសារ​កង្វះខាត​លក្ខណៈ​បច្ចេកទេស​ក្នុង​ការផលិត និង​ត្រួតពិនិត្យ​គុណភាព ផលិតផល​ម្សៅ​ទឹកដោះគោ​នេះដែរ ទើប​ធ្វើឱ្យ​ក្រុមហ៊ុន​ទទួល​ការខាតបង់​យ៉ាងធ្ងន់ធ្ងរ​៕

វីដេអូ៖