
សមត្ថកិច្ចចុះពិនិត្យកន្លែងបិតស្រា ដែលបណ្តាលឱ្យអ្នកភូមិផឹកពុល។ រូបថត រដ្ឋបាលខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំងៈ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្មបានបង្ហាញកាលពីម្សិលមិញថា ស្រាដែលអ្នកភូមិក្នុងស្រុកទឹកផុសខេត្តកំពង់ឆ្នាំងបានផឹកបណ្តាលឲ្យពុលរហូតដល់ ១៣១ នាក់ និងស្លាប់ ៨ នាក់នោះគឺមានសារធាតុមេតាណុលក្នុងកម្រិតខ្ពស់។
បន្ទាប់ពីមានការពុល និងបណ្តាលឲ្យស្លាប់ អាជ្ញាធរបានបិទតូបលក់ស្រាសចំនួន ៣៤៧ កន្លែង និងទីតាំងបិតស្រាសចំនួន ៣៦ នៅក្នុងស្រុកទឹកផុស។
យោងតាមរបាយការណ៍របស់ ក.ប.ប កាលពីម្សិលមិញបានឱ្យដឹងថា ក្រុមការងារបានរកឃើញវត្តមានសារធាតុមេតាណុលក្នុងស្រាដែលបង្កឱ្យមានករណីពុលនៅខេត្តកំពង់ឆ្នាំងដែលសង្ស័យថាបណ្តាលមកពីការទទួលទានស្រា។ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប បានសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យ ស្រាវជ្រាវ និងស៊ើបអង្កេតនៅទីតាំងកើតហេតុស្ថិតក្នុងភូមិជីប៉្រង ឃុំជៀប ស្រុកទឹកផុស និងសិប្បកម្មផលិតស្រាចំនួន ៨ កន្លែង (៣ កន្លែង ស្ថិតក្នុងស្រុកទឹកផុស និង ៥ កន្លែងទៀតក្នុងស្រុកកំពង់ត្រឡាច) កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ១ថ្ងៃបន្ទាប់ពីមានករណីពុលនេះ។
របាយការណ៍បន្តថា៖ «ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះធ្វើការសាកសួរព័ត៌មាន សាវតារពាក់ព័ន្ធនៃការពុល ដោយបានប្រមូល និងដកយកគំរូសំណាកស្រាសរុបចំនួន ៧៣ គំរូដែលក្នុងនោះ ១៨ គំរូទទួលពីស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និង ៥៥ គំរូទទួលបានពីទីតាំងសិប្បកម្ម ៨ កន្លែង ដើម្បីធ្វើការវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប»។
អគ្គនាយកដ្ឋាន ក.ប.ប បានបង្ហាញនូវលទ្ធផលនៃការធ្វើតេស្តគំរូសំណាកស្រានេះដោយក្នុងនោះមាន ៥ គំរូនៃស្រាចំនួន ១៨ គំរូដែលទទួលបានពីស្នងការដ្ឋាននគរបាលខេត្តមានមេតាណុលក្នុងកម្រិតខ្ពស់ចាប់ពី ១០,៥% រហូតដល់ ១៧,២៥ % ដែលវាលើសពីកម្រិតអនុញ្ញាត។ របាយការណ៍ដដែលបានបន្តថា ចំពោះ ៥៥ គំរូដែលបានដកហូតពីសិប្បកម្មចំនួន ៨ កន្លែងផ្សេងគ្នា កំពុងធ្វើការវិភាគបន្ត។
អគ្គនាយកដ្ឋាន ក.ប.ប.បានពន្យល់ថា៖ «កម្រិតមេតាណុលលើសពី ១០ ក្រាមក្នុង ១០០ មិលី្លលីត្រស្រា ដែលមានន័យថា ក្មេងជំទង់អាចពុលស្លាប់បាន ប្រសិនបើទទួលទានស្រានោះចាប់ពី ១០០ មិលី្លលីត្រឡើងទៅ និងមនុស្សពេញវ័យអាចពុលស្លាប់បាន ប្រសិនបើទទួលទានលើសពី ៣០០ មិលី្លលីត្រ»។
លោក សៀង ប៊ុនសាន អធិការរងស្រុកកំពង់លែង ដែលបានដឹកនាំកម្លាំងចុះបិទការលក់ និងផលិតស្រាស បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា តូបលក់ស្រាសមានចំនួន ៣៤៧ កន្លែង និងទីតាំងបិតស្រាសចំនួន ៣៦ កន្លែងត្រូវបានសមត្ថកិច្ចបិទមិនឱ្យមានការលក់ និងផលិតទៀតទេ។
លោកថ្លែងថា៖ «ពាក់ព័ន្ធនឹងករណីដែលយើងឱ្យអ្នកប្រកបរបរបិតស្រាស និងអ្នកលក់ស្រាសផ្អាកសកម្មភាពផលិត និងលក់គឺដោយសារមានអ្នកភូមិពុលស្រាសនេះកាលពីថ្ងៃទី ២៨ ខែវិច្ឆិកាកន្លងមកនៅស្រុកទឹកផុស»។
លោក សៀង ប៊ុនសាន បានធ្វើការផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋក៏ដូចជាអ្នកប្រកបរបរផលិតស្រាស និងអ្នកលក់ស្រាសទាំងអស់សូមផ្អាកសកម្មភាពផលិត លក់ចែកចាយ និងផឹកបន្តទៀត ដើម្បីចៀសវាងនូវការកើតមានដូចករណីនៅស្រុកទឹកផុស។ ការចុះបិទការផលិត និងលក់ស្រាសនេះ សមត្ថកិច្ចមិនបានឃាត់ខ្លួនពលរដ្ឋណាឡើយ។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោក ប្រាក់ វ៉ុន បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញដែរថា ករណីស្លាប់ដោយសារការពុលស្រាសនេះបានកើនឡើងចំនួន ១ នាក់ទៀតដែលធ្វើឱ្យចំនួនស្លាប់សរុបទាំងអស់ឡើងដល់ ៨ នាក់។ លោកថា ម្នាក់ចុងក្រោយនេះបានស្លាប់នៅមណ្ឌលសុខភាពក្រាំងធ្លា ដែលគាត់បានហូបនៅចម្ការរបស់គាត់។
លោក វ៉ុន ប្រាប់ថា៖ «ចំនួនអ្នកពុល និងបញ្ជូនមកមន្ទីរពេទ្យគឺមានតែ ១៣១ នាក់ដដែល ហើយក្នុងនោះអ្នកដែលបានជាសះស្បើយ និងចេញពីមន្ទីរពេទ្យអស់ចំនួន ១១៧ នាក់ហើយ។ អ្នកនៅសម្រាកក្នុងមន្ទីរខេត្តមាន ៤ នាក់ ឯអ្នកមានអាការធ្ងន់ធ្ងរ ៣ នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត»។
លោកបញ្ជាក់ថា ករណីពុលស្រានេះមិនមែនកើតឡើងដោយសារតែពុលក្នុងពិធីបុណ្យសពកាលពីថ្ងៃ ២៨ វិច្ឆិកានោះទេ តែមានករណីពុលជាច្រើនកន្លែងក្នុងភូមិផ្សេងៗគ្នាចំនួន ៦ ភូមិក្នុងស្រុកទឹកផុស និងស្រុកកំពង់លែង។
មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការទទួលទានស្រាដែលមិនមានស្លាកសញ្ញាត្រឹមត្រូវ មិនមានប្រភពច្បាស់លាស់ និងមានតម្លៃទាបហួសហេតុ ដែលអាចជាហានិភ័យបង្កគ្រោះថ្នាក់ដល់អាយុជីវិត៕
វីដេអូ៖