ភ្នំពេញៈ ឱសថ​ខុសច្បាប់ និង​ផលិតផល​ក្លែងក្លាយ​ទូទៅ​សរុប​ ៥៤០,៧ ​តោន នឹង​ត្រូវ​ក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌​ដុត​បំផ្លាញ​ចោល​នៅ​ព្រឹក​ថ្ងៃទី​ ៥ វិច្ឆិកា បន្ទាប់ពី​សមត្ថកិច្ច​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បង្ក្រាប​បានជា​បន្តបន្ទាប់​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម​ (​គ.ប.ផ.ក) ​នៃ​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃទី​ ៣ វិច្ឆិកា ឱ្យ​ដឹងថា លោក​ កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នឹង​អញ្ជើញ​ដុត​កម្ទេច​ឱសថ​ខុសច្បាប់​ចំនួន​ ៧,៧ ​តោន និង​ផលិតផល​ក្លែងក្លាយ ៥៣៣ ​តោន​ សរុប​ចំនួន ៥៤០,៧ ​តោន​ ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃ​គណៈកម្មាធិការ​បាន​បង្ក្រាប និង​រឹបអូស​នាពេល​កន្លងមក​។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​កម្មវិធី​នេះ​នឹង​មាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គទូត​នានា អាជ្ញាធរ​ដែនដី និង​វិស័យ​ឯកជន​ជាច្រើនរូប​។ ការកម្ទេច​ចោល​ឱសថ​ខុសច្បាប់ និង​ផលិតផល​ក្លែងក្លាយ​នេះ​ត្រូវបាន​អនុវត្តតាម​ការបង្គាប់​របស់​តុលាការ ដែល​នឹង​ប្រារព្ធ​ពិធី​នៅ​ថ្ងៃទី​ ៥ ខែវិច្ឆិកា​ នៅ​ម៉ោង​ ៨:៣០ ​នាទី​ព្រឹក​នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

លោក​ តាន់ សុខវិជ្ជា ប្រធាន​លេខាធិការដ្ឋាន​នៃ គ.ប.ផ.ក. ថ្លែង​ថា ផលិតផល ទាំងនេះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃ​គណៈកម្មាធិការ បង្ក្រាប និង​រឹបអូស​នាពេល​កន្លងមក​។ លោក​ថ្លែងថា​៖​ «​យើង​បាន​ជូនដំណឹង​រួចរាល់​ហើយ អ៊ីចឹង​ព័ត៌មាន​លម្អិត​សូម​មើល​ក្នុង​សេចក្ដី​ជូនដំណឹង​នោះ​ទៅ​។ ផលិតផល​នេះ​គឺ​យើង​បាន​បង្ក្រាប​ជា​បន្តបន្ទាប់ ប៉ុន្ដែ​ខ្ញុំ​មិនអាច​បញ្ជាក់ប្រាប់​ពី​ពេលវេលា​ច្បាស់លាស់​ថា​តើ​បង្ក្រាប​ចាប់ពី​ពេលណា​មក​ទេ ពោល​គឺ​យើង​បង្ក្រាប​ជា​ហូរហែ​មក​»​។

ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា​លោក​ ឡី សុភាព និង​ជា​ប្រធាន​សមាគម​អ្នកលក់​ឱសថ​កម្ពុជា គាំទ្រ​ចំណាត់ការ​នេះ​ព្រោះ​ជា​ការបង្ហាញ​ពី​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​។

លោក​ថា បើ​អាជីវករ រកស៊ី​មិន​ស្មោះត្រង់ កេង​បន្លំ​គុណភាព បរិមាណ និង​តម្លៃ​ហួសហេតុ​អាច​នឹង​ធ្វើឱ្យ​អ្នកប្រើប្រាស់ ឬ​អ្នកទទួល​សេវា រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​។

លោក​ សុភាព ​ថា​៖ «​ខ្ញុំ​គិតថា អាជីវករ ឬ​អ្នក​ដែល​នាំចូល​ទំនិញ​នានា​នៅលើ​ទីផ្សារ គួរតែ​នាំគ្នា​រៀនសូត្រ​ពី​ច្បាប់ និង​ក្រម​សីលធម៌​ឱ្យ​បាន​ច្រើន ដើម្បី​ពួកគាត់​មាន​ចំណេះដឹង និង​យល់ដឹង​ពី​ផលប៉ះពាល់​នៃ​ការលក់ដូរ​ទំនិញ​មិន​ស្របច្បាប់​ទំនិញ​ខូច​គុណភាព​នានា​ទៅ​ឱ្យ​អ្នកប្រើប្រាស់​»៕