ឧត្ដរមានជ័យៈ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម និង​មន្ត្រី​នៃ​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ឱ្យដឹង​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ថា ស្ថានភាព​កម្ពស់​ទឹក​នៅ​អាងទឹក​តាម៉ុក​ក្នុង​ខេត្ត​ឧត្តរមានជ័យ​បាន​ឡើង​ដល់​កម្រិត​ប្រកាស​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ហើយ​គឺ ៣,៩០ ​ម៉ែត្រ​ ដែល​កម្ពស់​ទឹក​ប្រកាសអាសន្ន​គឺ​ ៤,២០ ​ម៉ែត្រ​។

​បើ​យោងតាម​របាយការណ៍​របស់​ក្រសួង កម្ពស់​ទឹក​ក្នុង​អាងទឹក​តាម៉ុក​នៅ​ថ្ងៃទី​ ១០ ខែ​ សីហា ឆ្នាំ​ ២០២០ ​បាន​កើនឡើង​ ០,០៧ ​ម៉ែត្រ​បើ​ធៀប​នឹង​ថ្ងៃទី​ ៩​។

លោក ជា ពិសិដ្ឋ អ្នកនាំពាក្យ​នៃ​សាលាខេត្ត​ឧត្តរមានជ័យ និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ១០ ខែ​សីហា​ នេះ ​កម្ពស់​ទឹក​ក្នុង​អាងទឹក​តាម៉ុក​បាន​កើនឡើង​ខ្ពស់​ជិត​ដល់​កម្រិត​នៃ​ការប្រកាសអាសន្ន ប៉ុន្តែ​មិនមាន​អ្វី​គួរឱ្យ​បារម្ភ​ខ្លាំង​នោះទេ​ដោយសារ​តំបន់​នេះ​ជា​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​។

លោក ជា ពិសិដ្ឋ ​បាន​មាន​ប្រសាសន៍​ថា​៖ «​នៅសល់​តែ​ប្រមាណ​ជា​ ២ ​តឹក​ទៀត​ប៉ុណ្ណោះ​ទឹក​នឹង​ឡើងដល់​កម្រិត​នៃ​ការប្រកាសអាសន្ន ប៉ុន្តែ​មិនមាន​អ្វី​ជា​ការចាប់​អារម្មណ៍​នោះទេ​។ តំបន់​នេះ​ជា​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​ដែល​កាលណា​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​គ្នាច្រើន​ថ្ងៃ​ដូចនេះ​វា​ធ្វើឱ្យ​មាន​ទឹក​ហូរ​កាត់​អាងទឹក​នេះ​ចាក់​ទៅ​អាង​ធម្មជាតិ​ផ្នែក​ខាងក្រោម​។ ដូចនេះ​នៅពេល​ដែល​ភ្លៀង​ខ្លាំង ទឹក​វា​នឹង​បុក​មក​ខ្លាំង ហូរ​មិន​ទាន់​ក៏​ធ្វើឱ្យ​លិច​ផ្នែក​ខាង​លើ​នេះ ប៉ុន្តែ​ទឹកនឹង​ស្រក​វិញ​ប្រសិន​បើ​ភ្លៀង​រាំង​ ១ ​ឬ​ ២ ​ថ្ងៃ​យ៉ាងយូរ​»​។

មន្ត្រី​អ្នកនាំពាក្យ​ខេត្ត​ឧត្តរមានជ័យ​រូបនេះ​បាន​និយាយ​ទៀត​ថា ស្ថានភាពបច្ចុប្បន្ន​នេះ​មិនទាន់​មាន​ការប្រឈម​ខ្លាំង​នោះទេ លើកលែង​តែ​អាង​ធម្មជាតិ​ខាង​ក្រោម​ទឹក​ពេញ​នោះ​អាច​នឹង​ប្រឈម​ទឹកជំនន់​ដែល​ជា​​ធម្មតា​អាង​ធម្មជាតិ​ទាំងនោះ​នឹង​ពេញ​នៅ​ពាក់កណ្តាល​ ឬ​ចុងខែ​កញ្ញា ឬ​ ដើម​ខែ​តុលា។

លោក ជា ពិសិដ្ឋ បាន​បញ្ជាក់​បន្ថែមថា​៖ «​ការធ្វើ​ចរាចរណ៍​នៅលើ​ស្ពាន​តាម៉ុក​នឹង​បិទ​ការធ្វើ​ចរាចរណ៍​បណ្តោះអាសន្ន​ប្រសិនបើ​ទឹក​ឡើង​ដល់​កម្រិត​ប្រកាសអាសន្ន ដោយ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ផ្លូវ​វាង​នៅក្រៅ​ប្រជុំជន​មួយទៀត​ដើម្បី​បង្ការ​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​ណាមួយ ប៉ុន្តែ​មកដល់​ពេល​នេះ​គឺ​យើង​នៅ​អនុញ្ញាត​ឱ្យ​ពួកគាត់​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​នេះ​ជាធម្មតា​ដដែល​»​។

លោក​បាន​បន្តថា នៅ​ថ្ងៃត្រង់​ថ្ងៃទី​ ១១ ខែ​សីហា កម្ពស់​ទឹក​អាច​នឹង​ថមថយ​វិញ ប្រសិន​បើ​មិនមាន​ភ្លៀង​ធ្លាក់​បន្តទៀត​។

អាជ្ញាធរ​ភូមិ​ស្រុក​នៅ​បន្ត​ប្រចាំ​ឃ្លាំមើល​ស្ថានភាព​ទឹក​នៅ​អាងទឹក​តាម៉ុក​នេះ​ជាប់​ជាប្រចាំ​ដើម្បី​ការពារ​សុវត្ថិភាព​ និង​ប្រកាស​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​ទាន់​ពេលវេលា​នៅពេល​ដែល​ទឹក​ឡើង​ខ្លាំង​។

លោក ជា ពិសិដ្ឋ ​បាន​ប្រាប់ឱ្យដឹង​ដែរ​ថា មិនទាន់​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ ឬ​ទ្រព្យសម្បត្តិ​មាន​ការប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​ទឹក​ឡើង​នេះ​នៅឡើយ​ទេ​។

លោក ឃុន សុខា អ្នកនាំពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ថ្លែងប្រាប់​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា សម្រាប់​ស្ថានភាព​នៃ​ទឹកជំនន់​មកដល់​ពេល​នេះ​មិនមាន​អ្វី​ចោទ​ជា​បញ្ហា​នោះទេ ពិសេស​ទឹកជំនន់​ទន្លេមេគង្គ​គឺ​កម្រិត​ទឹក​នៅ​បាតទន្លេ​នៅឡើយ ខណៈ​ដែល​មាន​ជំនន់​ទឹកភ្លៀង​នៅតាម​តំបន់​ខ្លះ​តែ​ប៉ុណ្ណោះ ដោយសារ​ប្រទេស​កម្ពុជា​ជួបប្រទះ​នូវ​ព្យុះភ្លៀង​មួយរយៈ​នេះ ប៉ុន្តែ​មិន​បាន​បណ្តាល​ឱ្យ​មាន​ផលប៉ះពាល់​ដល់​​ប្រជាពលរដ្ឋ​នៅឡើយ​ទេ​។

លោក សុខា បាន​មានប្រសាសន៍​ថា​៖ «​ខេត្ត​ដែល​ទទួលរង​នូវ​ជំនន់​ទឹកភ្លៀង គឺ​មាន​នៅ​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​បន្ទាយមានជ័យ ប៉ុន្តែ​មិនបាន​ប៉ះពាល់​ខ្លាំង​នោះទេ​ដោយសារ​តែ​ទឹកបាន​ស្រក​អស់​នៅពេល​ដែល​ភ្លៀង​រាំង​»​។

ទោះ​ជា​យ៉ាងណា​ក៏ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​សហការ​ជាមួយ​នឹង​ក្រសួង​ជំនាញ​ និង​តាមដាន​ជាប្រចាំ​នៅតាម​បណ្តា​ខេត្ត​ទូទាំង​ប្រទេស​ពី​ករណី​ព្យុះភ្លៀង ដើម្បី​បង្ការ​ការពារ​នូវ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ដោយ​មិន​អាច​ធ្វេសប្រហែស​បាន​ជា​ដាច់ខាត​។

លោក ឃុន សុខា បាន​បញ្ជាក់ថា​៖ «​ពី​ខែ​នេះ​ទៅ​ជា​រដូវ​ដែល​អាច​ប្រឈម​នឹង​ទឹកជំនន់​ និង​គ្រោះរាំងស្ងួត ដែល​យើង​កំពុងតែបន្ត​តាមដាន​ជាប់​ជា​រហូត​ដោយ​យើង​មិនអាច​ធ្វេសប្រហែស​បាន​នោះទេ និង​ធ្វើការ​ទាក់ទង​ជាមួយ​ខេត្ត​ដែល​មាន​ផលប៉ះពាល់​ដើម្បី​ចាត់វិធានការ និង​បាន​ធ្វើការ​ណែនាំ​នៅ​គ្រប់​ខេត្ត ថ្នាក់​ក្រោម​ជាតិ​ឱ្យ​ត្រៀម​ប្រុងប្រយ័ត្ន និង​រៀបចំ​ផែនការ​សម្រាប់​ត្រៀម​បម្រុង​ឆ្លើយតប​ប្រសិនបើ​មាន​ករណី​យថាហេតុ​ណាមួយ​កើតមានឡើង​»​។

តាម​ការសង្កេត​មើល​របស់​លោក​ស្ថានភាព​ទឹកជំនន់​នៅ​ឆ្នាំនេះ​ហាក់​មាន​សភាព​ឡើង​យឺត​ជាង​ឆ្នាំមុន ប៉ុន្តែ​លោក​មិនទាន់​អាច​ព្យាករ​បាន​នៅឡើយ​ថា វា​មាន​ទឹកតូច ឬ​ទឹកធំ​នៅ​ឡើយ​ទេ ដោយសារ​ការប្រែប្រួល​អាកាសធាតុ ការធ្លាក់​ភ្លៀង​ក្នុង​អាង​ទន្លេមេគង្គ​មាន​ការប្រែប្រួល​ផងដែរ​។

យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ឲ្យ​ដឹងផង​ដែរ​ថា នៅក្នុង​រយៈពេល​ ៧ ​ខែ​ ដើម​ឆ្នាំ​ ២០២០ ​នេះ ស្ថានភាព​ខ្យល់​កន្ត្រាក់​ដែល​បាន​កើតមានឡើង​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន ៤ ៨៨៦ ​ខ្នង​ មាន​មនុស្ស​ស្លាប់​ចំនួន​ ៤ ​នាក់ និង​របួស​ចំនួន​ ៥១ ​នាក់​។ ចំណែក​ករណី​រន្ទះបាញ់​បាន​ធ្វើឱ្យ​មនុស្ស​ស្លាប់​ចំនួន​ ៤៧ ​នាក់ និង​របួស​ ៣៤ ​នាក់​ផងដែរ​៕

វីដេអូ៖