ភ្នំពេញៈ បុរស​ជនជាតិ​កូរ៉េខាងជើង​ចំនួន​ ១៦ ​នាក់​​ ត្រូវ​បានកំណត់​ឲ្យ​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅត្រឹម​ថ្ងៃទី​ ១០ ខែ​ មករា ឆ្នាំ​ ២០២០ ​បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​បាន​ផាកពិន័យ​ពួកគេ​ពី​បទ​ប្រើប្រាស់​ទិដ្ឋាការ​មិន​ចំ​គោលដៅ ក្រោយពី​រកឃើញថា ជនជាតិ​កូរ៉េ​ទាំងនេះ​កំពុង​ធ្វើការ​ជា​អ្នកបច្ចេកទេស ដែល​វិធានការ​នេះ​ក៏​ជា​ផ្នែក​មួយ​ដែល​កម្ពុជា​ត្រូវ​អនុវត្ត​ទៅតាម​បម្រាម​របស់​អង្គការ​សហប្រជាជាតិ​ដែល​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ផងដែរ​។

លោក​ឧត្តមសេនីយ៍ត្រី​ ជា គឹមសាន្ត ​ស្នងការរង​ខេត្ត​សៀមរាប​បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា នា​វេលា​ម៉ោង​ ១៥ និង​ ៣០ ​នាទី​ថ្ងៃទី​ ៣ ខែ​ មករា ឆ្នាំ ​២០២០ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយដង្គំ​សហការ​ជាមួយ​លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប​បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​សង្កាត់ ស្វាយដង្គំ ដោយ​បាន​រកឃើញ​បុរស​ជនជាតិ​កូរ៉េខាងជើង​ចំនួន​ ១៦ ​នាក់ ​កំពុង​ស្នាក់នៅ​បម្រើ​ការងារ ជា​អ្នកបច្ចេកទេស​ដំឡើង​កម្មវិធី​កុំព្យូទ័រ​តាម​អនឡាញ​។

លោក​បាន​បញ្ជាក់ថា​៖ «​មាន​គោលការណ៍​នាយ​ឧត្តមសេនីយ៍ អគ្គនាយក​អន្តោប្រវេសន៍​ធ្វើការ​ផាកពិន័យ​ទៅលើ​ពួកគាត់​ដោយសារ​ពួកគាត់​ប្រើប្រាស់​ទិដ្ឋាការ​ខុស​គោលដៅ ដោយ​ពួកគាត់​បាន​ប្រើប្រាស់​ទិដ្ឋាការ​ចូលមក​ជា​ទេសចរ​តែ​គាត់​ចូលមក​ធ្វើ​ការងារ និង​គ្មាន​បណ្ណ​ការងារ​ហើយ​យើង​បានធ្វើ​កិច្ចសន្យា​ឲ្យ​គាត់​ត្រឡប់​ទៅ​ប្រទេស​គាត់​វិញ​ក្នុង​រយៈពេល​មិន​លើសពី​ ៧ ​ថ្ងៃ​»​។

លោក​បន្ថែមថា ជនជាតិ​កូរ៉េខាងជើង​ទាំង​ ១៦ ​នាក់ ​បាន​មក​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​ចាប់តាំងពី​ខែកញ្ញា​ ឆ្នាំ​ ២០១៩ និង​ចាប់ផ្តើម​ធ្វើការ​ជា​អ្នកសរសេរ​កម្មវិធី​កុំព្យូទ័រ តាម​អនឡាញ​ហើយ​ករណីនេះ​គឺជា​លើក​ទី​ ២ ​ហើយ​ដោយ​កន្លងមក​អាជ្ញាធរ​បាន​បិទ​ភោជនីយដ្ឋាន​ ១ ​កន្លែង និង​សារមន្ទីរ​ប៉ាណូរ៉ាម៉ា​របស់​កូរ៉េខាងជើង​នៅ​ក្បែរ​ប្រាសាទអង្គរវត្ត​ដែល​បាន​បើក​កាលពី​ឆ្នាំ​ ២០១៥​។

លោក​បញ្ជាក់ថា​៖ «​កូរ៉េខាងជើង​គាត់​ត្រូវបាន​អង្គការ​សហប្រជាជាតិ​ដាក់ទណ្ឌកម្ម​ទី​ ១ ​គឺ​ហាម​ប្រជាពលរដ្ឋ​កូរ៉េខាងជើង មិន​ឲ្យ​ប្រកប​អាជីវកម្ម និង​ការងារ​ក្នុងប្រទេស​ដែល​ជា​សមាជិក​អង្គការ​សហប្រជាជាតិ ដូច្នេះហើយ​ប្រទេស​កម្ពុជា​គឺជា​សមាជិក​អង្គការសហប្រជាជាតិ​មួយ​ដែរ យើង​ត្រូវអនុវត្ត​ទៅតាម​អង្គការសហប្រជាជាតិ​»​។

លោក គៀតច័ន្ទថារិទ្ធ អគ្គនាយក​អន្តោប្រវេសន៍​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ករណីនេះ​ខណៈ​លោក ឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មិនអាច​ទាក់ទង​បាន​។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស​ក៏បាន​ថ្លែង​យ៉ាងខ្លី​កាលពី​ថ្ងៃ​ចន្ទ​ដែរ​ថា ប្រទេស​កម្ពុជា​គឺជា​សមាជិក​អង្គការសហប្រជាជាតិ​ដែល​ត្រូវគោរព​តាម​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ទាក់ទង​នឹង​រឿង​កូរ៉េខាងជើង​។ យ៉ាងណាក្តី​កាលពី​ពេល​កន្លងមក​លោក​ កុយ គួង ធ្លាប់​បាន​ថ្លែងប្រាប់​កាសែត​ក្នុងស្រុក​គឺ​នៅ​មុនពេល​បិទ​អាជីវកម្ម និង​សារមន្ទីរ​កូរ៉េខាងជើង​ថា មាន​ជនជាតិ​កូរ៉េខាងជើង​ប្រមាណ ៣០០ ​នាក់​កំពុង​ធ្វើការ​នៅ​កម្ពុជា​។

កន្លង​ទៅ​ថ្មីៗ​នេះ​ភោជនីយដ្ឋាន​ចំនួន ៤ ​របស់​កូរ៉េខាងជើង​នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​បិទ​ស្រប​តាម​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ សហប្រជាជាតិ​។

មាត្រា​ ៣៧២ ​នៃ​ច្បាប់​ការងារ​កម្ពុជា​ចែងថា ជន​ណា​ដែល​ទទួល​ឲ្យ​ធ្វើការ ឬ​រក្សាទុក​ឲ្យ​ធ្វើការ​នូវ​ជនបរទេស​ដែល​គ្មាន​សៀវភៅ​ការងារ អនុញ្ញាត​ឲ្យ​ប្រកបការងារ​មាន​ប្រាក់​ឈ្នួល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​ទទួលទោស​ពិន័យ​ពី​ហុកសិប​មួយ​ថ្ងៃ​ទៅ​កៅសិប​ថ្ងៃ​នៃ​ប្រាក់​ឈ្នួល​យោង​ប្រចាំថ្ងៃ ឬ​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ ៦ ​ថ្ងៃ​ទៅ ១ ​ខែ​។ ក្នុងករណី​មិន​រាងចាល​ត្រូវ​ដាក់​ពន្ធនាគារ​ពី​ ១ ​ខែ​ទៅ ៣ ​ខែ​៕