ភ្នំពេញៈ ក្រសួង​យុតិ្តធម៌​កម្ពុជា​កំពុង​សិក្សា និង​ប្រមូល​ព័ត៌មាន​លម្អិត ដើម្បី​ជួយ​ដល់​ស្ត្រី​ខ្មែរ​ម្នាក់​ក្នុង​ការប្ដឹង​ជំទាស់​សេចក្ដី​សម្រេច​របស់​តុលាការ​ដំបូង​ខេត្ត​តៃនិញ​ប្រទេស​វៀតណាម ​ដែល​កាត់ទោស​ប្រហារជីវិត​នាង​ពី​បទ​​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បញ្ជាក់​ពី​ម្សិលមិញ​។

លោក​ ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​នៃ​ប្រទេស​កម្ពុជា​ ថ្លែង​ថា សំណុំរឿង​របស់​ស្ត្រី​ខ្មែរ​ខាងលើ​មិន​ទាន់​បញ្ចប់​នៅត្រឹម​នេះឡើយ​។ សំណុំ​រឿងនេះ​នឹង​ត្រូវ​បន្តទៅ​ដំណាក់កាល​ជម្រះក្ដី​នៅ​ថ្នាក់​ឧទ្ធរណ៍​ជា​បន្តទៀត​។

លោក​ ម៉ាលីន ថ្លែង​ថា​៖ «​នៅពេល​នេះ​ក្រសួង​កំពុង​តែ​សិក្សា​ប្រមូល​ព័ត៌មាន​លម្អិត​ជាមួយ​ក្រសួង​ការបរទេស​លើ​ករណី​ស្ត្រី​រូបនេះ ដើម្បី​កំណត់​វិធានការ​ផ្លូវច្បាប់​ណាមួយ​ដែល​យើង​អាច​ប្រើ​សម្រាប់​ជួយ​ដល់​គាត់​បាន​»​។

បើ​តាម​លោក​ ជិន ម៉ាលីន មួយផ្នែក​នៃ​សំណុំរឿង​របស់​ស្ត្រី​ខ្មែរ​រូបនេះ​អាច​ប្រើ​យន្តការ​ផ្នែក​ច្បាប់ ដែល​មាន​ស្រាប់​រវាង​កម្ពុជា និង​វៀតណាម​ គឺ​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​ និង​ផ្ទេរ​ទណ្ឌិត​។ ចំពោះ​ការធ្វើ​បត្យាប័ន​សំដៅ​ដល់​ការប្រព្រឹត្ត​បទល្មើស​នៅ​កម្ពុជា​ហើយ​រត់​ទៅ​វៀតណាម នោះ​កម្ពុជា​នឹង​ស្នើសុំ​យក​មក​ផ្ដន្ទាទោស និង​ដំណើរការ​ក្ដី​នៅ​កម្ពុជា​។

ការផ្ទេរ​ទណ្ឌិត​សំដៅ​ដល់​ការប្រព្រឹត្ត​បទល្មើស​នៅ​វៀតណាម ហើយ​ទទួល​បាន​ការកាត់ទោស​រួចរាល់​កម្ពុជា​អាច​ស្នើសុំ​ផ្ទេរ​ទណ្ឌិត​មក​អនុវត្ត​ទោស​នៅ​កម្ពុជា​។ ដូច្នេះ​សំណុំរឿង​ស្ត្រី​ខ្មែរ​រូបនេះ​អាច​ស្ថិត​ក្នុង​កិច្ចព្រមព្រៀង​ស្តីពី​ការផ្ទេរ​ទណ្ឌិត​។

លោក​ ម៉ាលីន ​បញ្ជាក់ថា​៖ «​ករណី​នេះ​វា​កំពុង​ស្ថិត​នៅក្នុង​ការសិក្សា និង​ប្រមូល​ព័ត៌មាន​លម្អិត​នៅឡើយ មិន​ទាន់​កំណត់ថា​នឹង​ត្រូវ​ប្រើ​ច្បាប់​ណាមួយ​នៅឡើយ​ទេ​»​។

តុលាការខេត្ត​តៃនិញ​វៀតណាម​កាលពី​ថ្ងៃទី​ ៣១ កក្កដា បាន​កាត់ទោស​ប្រហារជីវិត​ស្ត្រី​ខ្មែរ​ម្នាក់​ឈ្មោះ​ មៀច ​ស្រីនាង ​អាយុ​ ២៧ ​ឆ្នាំ​ មាន​លំនៅ​ក្នុង​រាជធានី​ភ្នំពេញ​ពី​បទ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ប្រភេទ​មេតំហ្វេតាមីន​ចំនួន​ ៥ ​កញ្ចប់​ទម្ងន់​ជិត​ ៥ ​គីឡូក្រាម​ពី​កម្ពុជា ចូល​វៀតណាម​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ុកបៃ​នៃ​ខេត្ត​តៃនិញ​កាលពី​ខែធ្នូ ឆ្នាំ​ ២០១៩​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម VNA​។

លោក​ កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម ប្រឹងប្រែង​ជួយ​តាមផ្លូវ​ច្បាប់​ស្វែងរក​យុត្តិធម៌​សម្រាប់​ស្ត្រី​ខ្មែរ​នោះ​តាំងពី​ថ្ងៃ​ដំបូង​ដែល​នាង​ត្រូវបាន​ចាប់ខ្លួន​និង​បានចូល​ស្ដាប់​ការជំនុំជម្រះ​សំណុំរឿង​របស់​នាង​ក្នុង​តុលាការខេត្ត​តៃនិញ កាលពី​ថ្ងៃទី​ ៣១ កក្កដា ផងដែរ​។

លោក​ថ្លែងថា​៖ «​តុលាការ​ដំបូង​ខេត្ត​តៃនិញ​របស់​វៀតណាម​បាន​ទុក​រយៈពេល​ ១៥ ​ថ្ងៃ​ឲ្យ​ស្ត្រី​ខ្មែរ​រូបនោះ​ប្ដឹង​ឧទ្ធរណ៍​។ ក្នុង​រយៈពេល​នេះ ក្រសួង​ការបរទេស​យើង​តាមរយៈ​អគ្គកុងស៊ុល​ប្រចាំ​ប្រទេស​វៀតណាម​កំពុង​រិះរក​មធ្យោបាយ​តាមផ្លូវ​ច្បាប់ ដើម្បី​ជួយ​ស្វែងរក​យុត្តិធម៌​ជូន​ស្ត្រី​រូបនោះ​ផងដែរ​»៕