ភ្នំពេញ៖ កម្ពុជា​បាន​និង​កំពុង​ត្រៀម​ខ្លួន​ក្នុង​ការ​បន្ត​ចូលរួម​អនុវត្តវត្ត​យ៉ាង​សកម្ម​នៅ​ក្នុង​យន្តការ​កូឡុំបូ (Colombo Process) ដើម្បី​លើក​កម្ពស់​សិទ្ធិ និង​ការពារ​ផលប្រយោជន៍​របស់​ពលករ​ទេសន្តរ​ប្រវេសន៍​ក្នុង​អំឡុង និង​ក្រោយ​ពេល​នៃ​វិបត្តិ​កូវីដ ១៩។

នេះ គឺ​ជា​ការ​លើក​ឡើង​របស់​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ពិធី​ផ្ទេរ​តំណែង​ប្រធាន​យន្តការ​កូឡុំបូ (Colombo Process) ដែល​រៀបចំ​ដោយ​ប្រទេស​នេប៉ាល់ តាម​ប្រព័ន្ធ​វីដេអូ កាល​ពី​ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២១។

លោក អ៊ិត សំហេង បញ្ជាក់​ថា តាមរយៈ​យន្តការ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ណាស់​ដល់​ការ​គាំពារ ការ​ការពារ​សិទ្ធិ និង​អត្ថប្រយោជន៍​ពលករ​ទេសន្តរ​ប្រវេសន៍ តាមរយៈ​ការ​ដាក់​ចេញ​នូវ​ក្របខ័ណ្ឌ​គោល​នយោបាយ លិខិត​បទដ្ឋាន​គតិយុត្តិ ការ​អនុម័ត​លើ​អនុសញ្ញា​អន្តរជាតិ ការ​ចូលរួម​គ្រប់​យន្តការ វេទិកា​ទាំង​កម្រិត​ទ្វេភាគី ពហុភាគី ក្រប​ខ័ណ្ឌ​អាស៊ាន ថ្នាក់​តំបន់ និង​ពិភព​លោក ដើម្បី​ធានា​បាន​នូវ​កិច្ច​គាំពារ​ជូន​ដល់​ពលករ​ទេសន្តរ​ប្រវេសន៍។

បើ​តាម លោក អ៊ិត សំហេង ពលករ​ទេសន្តរ​ប្រវេសន៍​បាន​ចូលរួម​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​តាមរយៈ​ប្រាក់​បញ្ញើ​មក​ក្រុម​គ្រួសារ​ពួក​គេ ក្នុង​មួយ​ឆ្នាំៗ​មាន​ទឹក​ប្រាក់​ជាង ២ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​បាន​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ សហគមន៍ និង​សង្គមជាតិ។

ទន្ទឹម​នឹង​នោះ​ ពួក​គេ​ក៏​ទទួល​បាន​នូវ​ចំណេះដឹង​ថ្មីៗ បទពិសោធន៍​ការងារ ជំនាញ​បច្ចេកទេស និង​ជំនាញ​ទន់ ដែល​ជា​មូលដ្ឋានគ្រឹះ​សំខាន់​មួយ​សម្រាប់​ពួក​គាត់​ប្រើប្រាស់​នៅ​ថ្ងៃ​អនាគត។

លោក អ៊ិត សំហេង ថ្លែង​ថា៖ «យន្តការ​កូឡុំបូ​នេះ គឺ​ជា​ដំណើរការ​នៃ​កិច្ច​ពិគ្រោះយោបល់​ថ្នាក់​តំបន់ ស្តីពី​ការ​គ្រប់គ្រង​មុខរបរ/ការងារ និង​កម្លាំង​ពលកម្ម​ដែល​ធ្វើ​ការ​ដោយ​មាន​កិច្ចសន្យា​ការងារ​នៅ​បរទេស​សម្រាប់​ប្រទេស​បញ្ជូន​ពលករ​ក្នុង​តំបន់​អាស៊ី»។

យន្តការ​នេះ ត្រូវ​បាន​បង្កើត​នៅ​ទីក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា ក្នុង​ឆ្នាំ ២០០៣ និង​មាន​គោល​បំណង​ផ្តល់​ជា​វេទិកា​មួយ​សម្រាប់​ប្រទេស​បញ្ជូន​ពលករ​ក្នុង​តំបន់​អាស៊ី​ចូលរួម​ចែករំលែក​បទពិសោធន៍ ឧត្តមានុវត្តន៍​លើ​ការ​គ្រប់គ្រង​ការងារ​ក្រៅ​ប្រទេស ពិគ្រោះ​យោបល់​លើ​បញ្ហា​ដែល​ពលករ​ទេសន្តរ​ប្រវេសន៍ ប្រទេស​បញ្ជូន និង​ប្រទេស​គោលដៅ​ជួប​ប្រទះ ព្រម​ទាំង​លើក​ឡើង​នូវ​ដំណោះ​ស្រាយ​ជាក់​ស្តែង​សម្រាប់​ការពារ​សុខុមាលភាព​របស់​ពលករ​ទេសន្តរ​ប្រវេសន៍។

រហូត​ដល់​បច្ចុប្បន្ន​មាន​ប្រទេស​ជា​សមាជិក​សរុប​ចំនួន ១២ រួមមាន ប្រទេស​អាហ្វហ្គានីស្ថាន បង់ក្លាដែស កម្ពុជា ចិន ឥណ្ឌា ឥណ្ឌូនេស៊ី នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន ស្រីលង្កា ថៃ និង​វៀតណាម រួម​ទាំង​មាន​ប្រទេស អង្គការ ស្ថាប័ន​អន្តរជាតិ​ពាក់ព័ន្ធ​មួយ​ចំនួន​បាន​ចូលរួម​ជា​អ្នក​សង្កេតការណ៍៕