ភ្នំពេញៈ អាជ្ញាធរកម្ពុជាកំពុងស្រាវជ្រាវរកអត្តសញ្ញាណស្ត្រីខ្មែរអ៊ិស្លាមម្នាក់ ដែលកំពុងរស់នៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត បន្ទាប់ពីនាងបានអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍យកនាងត្រឡប់មកកម្ពុជាវិញ ក្រោយពីនាងចាញ់បោកមេខ្យល់តាំងពីឆ្នាំ ២០១៧។
ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ លោក ជីវ ផល្លី ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ពីថ្ងៃទី ២៨ ធ្នូ ថា លោកបានទទួលដំណឹងនេះហើយ ដោយមន្ត្រីជំនាញបាននិងកំពុងទាក់ទងម្ចាស់គណនីហ្វេសប៊ុកដែលបង្ហោះវីដេអូសុំអន្តរាគមន៍នេះ។ រីឯមន្ត្រីមួយក្រុមផ្សេងទៀត កំពុងស្រាវជ្រាវរកសាច់ញាតិ និងក្រុមគ្រួសារនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ មន្ត្រីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក៏កំពុងស្រាវជ្រាវរកអត្តសញ្ញាណនារីរងគ្រោះផងដែរ។
លោកបញ្ជាក់ថា៖ «យើងកំពុងទាក់ទងទៅភាគីពាក់ព័ន្ធទាំងអស់ហើយគឺទាក់ទងរកសាច់ញាតិ នៅស្រុកខ្មែរ ទាក់ទងទៅម្ចាស់គណនីហ្វេសប៊ុកហ្នឹង ហើយមន្ត្រីស្ថានទូតយើងនៅទីនោះកំពុងសហការជាមួយមន្ត្រីអារ៉ាប៊ីសាអ៊ូឌីត ដើម្បីស្វែងរកដែរ។ ប៉ុន្ដែយើងនៅមិនទាន់មានការឆ្លើយតបណាមួយនៅឡើយទេ គឺយើងនឹងនៅតែព្យាយាមជួយសង្គ្រោះគាត់ឱ្យបានត្រឡប់មកកម្ពុជាវិញ»។
តាមគណនីហ្វេសប៊ុកឈ្មោះ Rohimah Binti Mohamad Aly ឱ្យដឹងនៅថ្ងៃទី ២៨ ខែធ្នូថា នារីរងគ្រោះឈ្មោះ លីរ៉ ហីម៉ាស់ អាយុ ២៦ ឆ្នាំរស់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បង្ហោះវីដេអូបង្ហាញថារូបនាងកំពុងរងគ្រោះដោយការចាញ់បោកមេខ្យល់បាននាំមកលក់នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតចាប់តាំងពីឆ្នាំ ២០១៧ មករហូតដល់ពេលបច្ចុប្បន្ន។
ស្ត្រីរងគ្រោះឈ្មោះ លីរ៉ ហីម៉ាស់ បច្ចុប្បន្ននាងកំពុងរស់នៅ និងបម្រើការងារតាមផ្ទះនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតពីម្សិលមិញ មិនទាន់អាចទាក់ទងសុំការបញ្ជាក់ជុំវិញការស្នើសុំឱ្យអន្តរាគមន៍ត្រឡប់មកកម្ពុជាវិញនោះទេ។
ប៉ុន្ដែនាងបាននិយាយក្នុងវីដេអូខ្លីមួយកាលពីថ្ងៃទី ២៨ ធ្នូថា៖ «នាងខ្ញុំកំពុងរស់នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតដោយការចាញ់បោកមេខ្យល់នាំយកខ្ញុំមកលក់នៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត ចាប់តាំងពីឆ្នាំ ២០១៧ រហូតដល់បច្ចុប្បន្ន ដោយសព្វថ្ងៃនេះមិនមានអាជ្ញាធរ និងអង្គការណាអន្តរាគមន៍ជួយខ្ញុំចេញពីប្រទេសនេះទេ»។
ស្ត្រីរូបនេះបន្តថា៖ «ដូច្នេះខ្ញុំមានតែលើកដៃសំពះសុំអង្វរគោរពជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងអង្គការការពារសិទ្ធិមនុស្សនានាមេត្ដាជួយនាងខ្ញុំដែលកំពុងរងគ្រោះផង»។
នាងរៀបរាប់ថា៖ «ក្នុងជីវភាពរស់នៅសព្វថ្ងៃនៅទីនេះម្ចាស់ផ្ទះបានវាយធ្វើបាបនាងខ្ញុំស្ទើររៀងរាល់ថ្ងៃដោយមិនមានការជួយសង្គ្រោះពីអ្នកដទៃទេ។ ម្ចាស់ផ្ទះបានដកហូតឯកសារផ្សេងៗពីខ្លួននាងខ្ញុំទាំងអស់ ហើយក៏គ្មានគិតប្រាក់ខែ ឬឱ្យលុយសម្រាប់ចំណាយផ្ទាល់ខ្លួនដែរ។ លើសពីនេះពួកគេហាមខ្ញុំមិនឱ្យចេញទៅជួបនរណាម្នាក់នៅខាងក្រៅទេ»។
ស្ត្រីរងគ្រោះបន្តថា៖ «នាងខ្ញុំជាកូនកំព្រាឪពុកម្ដាយ ដោយរស់នៅជាមួយជីដូនចាស់ និងប្អូនៗ ២ នាក់ទៀត។ ខ្ញុំបានចាកចេញពីផ្ទះតាំងពីក្មេង ដើម្បីរកលុយចិញ្ចឹមគ្រួសារ ដោយមិននឹកស្មានថា គេយកខ្ញុំមកលក់បែបនេះសោះ»។
លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័នភាពការងារ និងសិទ្ធិមនុស្សថ្លែងថា ប្រទេសមួយចំនួនដែលពលករខ្មែរទៅបម្រើការងារនៅទីនោះមិនសូវគោរពសិទ្ធិ និងឱ្យតម្លៃលើនារីទេ។
លោកថ្លែងថា៖ «ខ្ញុំនៅតែមិនទាន់យល់ថាមានប្រទេសខ្លះយើងអត់មាន MoU បញ្ជូន ឬទទួលពលករទៅធ្វើការនៅទីនោះទេ ប៉ុន្ដែហេតុអ្វីបានជាគេអាចនាំពលករខ្មែរទៅធ្វើការងារនៅទីនោះមានទាំងស្របច្បាប់ និងមិនស្របច្បាប់។ និយាយរួមគឺមិនមានគោលការណ៍ច្បាស់លាស់ទេ ហើយរឿងនេះនៅតែកើតមានឡើង»។
លោក តុលា ជំរុញឱ្យរដ្ឋាភិបាលតាមរយៈក្រសួងការបរទេស និងអាជ្ញាធរពាក់ព័ន្ធត្រូវប្រញាប់ជួយនារីរងគ្រោះឱ្យបានត្រឡប់មកកម្ពុជាវិញ ដើម្បីចៀសវាងមានហិង្សា។
ពីម្សិលមិញអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក កុយ គួង ប្រាប់ថាលោកមិនបានដឹងរឿងនេះទេ ហើយក៏មិនធ្វើអត្ថាធិប្បាយបន្ថែមដែរ។ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថ្លែងពីម្សិលមិញថា ក្រសួងការបរទេស និងស្ថានទូត បាននិងកំពុងស្វែងរកព័ត៌មានពាក់ព័ន្ធទីតាំង និងវិធីអន្តរាគមន៍ជួយគាត់ឱ្យត្រឡប់មកកម្ពុជាវិញ៕