ភ្នំពេញៈ ប្រទេស​កម្ពុជា​ប្រកាស​ជា​ផ្លូវការ​ក្លាយជា​សមាជិក​ទី​ ២៦ ​នៃ​ប្រទេស​ជា​ដៃគូ​សកល ដើម្បី​ចូលរួម​បញ្ចប់​អំពើហិង្សា​លើ​កុមារ និង​ជា​ប្រទេស​ឈានមុខ​ក្នុង​តំបន់​ដែល​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ក្នុង​ការបញ្ចប់​អំពើហិង្សា​គ្រប់​រូបភាព​លើ​កុមារ​កាលពី​ថ្ងៃទី​​​ ១២ ខែ​កញ្ញា​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។

ការប្រកាស​ចូល​ជា​សមាជិក​ដៃគូ​សកល​នេះ​បានធ្វើ​ឡើង​តាមរយៈ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ជា​តំណាង​ប្រទេស​កម្ពុជា ដោយ​បាន​សហការ​ជាមួយ​មូលនិធិ​សហប្រជាជាតិ ដើម្បី​កុមារ និង​ភាព​ជា​ដៃគូ​សកល​ដើម្បី​បញ្ចប់​អំពើហិង្សា​លើ​កុមារ (GPEVAC)​។

សេចក្ដី​ថ្លែងការណ៍​រួម​នៃ​ការចូល​ជា​សមាជិក​នេះ​បង្ហាញ​ថា ប្រទេស​កម្ពុជា​បាន​បញ្ជាក់​សាជាថ្មី​អំពី​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​ក្នុងការ​អនុវត្ត​ឱ្យបាន​ពេញលេញ​នូវ​ផែនការ​សកម្មភាព​ដើម្បី​បង្ការ និង​ឆ្លើយតប​ចំពោះ​អំពើហិង្សា​លើ​កុមារ ដើម្បី​បញ្ចប់​អំពើហិង្សា​លើ​កុមារ​។

សេចក្ដី​ថ្លែងការណ៍​ដដែល​បញ្ជាក់ថា ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ទី​ ៤ ​នៅក្នុង​តំបន់​ដែល​បាន​ក្លាយ​ជា​ប្រទេស​នាំមុខ​បន្ទាប់ពី​ប្រទេស​ឥណ្ឌូនេស៊ី ប្រទេស​​ហ្វីលីពីន និង​ប្រទេស​ម៉ុងហ្គោលី​។ ការប្តេជ្ញាចិត្ត​នេះ​ធ្វើ​ឡើង ខណៈ​ដែល​កម្ពុជា​កំពុង​ពន្លឿន​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការសម្រេច​ចក្ខុវិស័យ​ប្រែក្លាយ​ពី​ប្រទេស​ដែល​មាន​ចំណូល​ទាប​ទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​។

លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ថ្លែង​ថា​ក្នុង​ទិសដៅ​ឆ្លើយតប​នឹង​បញ្ហា​អំពើហិង្សា​លើ​កុមារ រាជរដ្ឋាភិបាល​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ការលើក​កម្ពស់​អនុវត្ត​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ និង​ច្បាប់​អន្តរជាតិ​ពាក់ព័ន្ធ​នានា​។

ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​កុមារ និង​កិច្ចការពារ​ជាពិសេស​សម្រាប់​កុមារ ដើម្បី​អាច​ឱ្យ​កុមារ​រស់នៅ​ក្នុង​សេរីភាព សន្តិភាព និង​ការអភិវឌ្ឍ​តាមរយៈ​ការដាក់​ចេញ​នូវ​វិធានការ​ជាច្រើន​រួមមាន ការរៀបចំ​ច្បាប់ គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ និង​លិខិត​បទដ្ឋាន​នានា​ជាច្រើន​ដើម្បី​ធានា​ដល់​កិច្ចការពារ​កុមារ​ឱ្យ​កាន់តែ​ប្រសើរឡើង​។

លោក​ថ្លែង​ថា​៖ «​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ឈានមុខ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ដែល​បាន​ធ្វើការ​អង្កេត​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​អំពើ​ហិង្សា​លើ​កុមារ​ដែល​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ក្នុង​ការកំណត់​ពី​ទំហំ​វិសាលភាព​។ ការផ្តល់​ភ័ស្តុតាង​ជាក់លាក់​នៃ​អំពើហិង្សា​លើ​កុមា​រទាំង​ផ្លូវភេទ ផ្លូវកាយ និង​ផ្លូវចិត្ត​ដែល​កុមារ​បាន​ជួបប្រទះ និង​កំពុង​ជួប​បញ្ហា​ប្រឈម​»​។

លោក​បន្ដ​ថា​ផ្អែកលើ​លទ្ធផល​នៃ​ការអង្កេត​ខាងលើ​នេះ​ផែនការ​សកម្មភាព​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​អំពើហិង្សា​លើ​កុមារ ២០១៧-២០២១ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​ទិសដៅ​ធានា​ដល់​ការដោះស្រាយ និង​មាន​វិធានការ​ទាន់ពេលវេលា​លើ​បញ្ហា​អំពើហិង្សា​លើ​កុមារ​គ្រប់​រូបភាព​ក៏​ដូចជា ដើម្បី​លើកកម្ពស់​ការការពារ និង​ការអភិវឌ្ឍ​សិទ្ធិ​កុមារ​ប្រកប​ដោយ​ចីរភាព​។

តាម​ការសិក្សា​អង្កេត​ថ្នាក់ជាតិ​ស្តីពី​អំពើហិង្សា​លើ​កុមារ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៣ បង្ហាញ​ថា​ក្នុង​ចំណោម​កុមារ​ចំនួន​ ២ ​នាក់​មាន​ម្នាក់​ទទួលរង​យ៉ាង​ហោចណាស់​មួយ​ទម្រង់​នៃ​អំពើហិង្សា​មុនពេល​ពួកគេ​ឈាន​ដល់​វ័យ​ ១៨ ​ឆ្នាំ​។

ការសិក្សា​បង្ហាញ​ថា អំពើហិង្សា​លើ​កុមារ​គឺជា​បញ្ហា​សកល​ដែល​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ស្ទើរ​ពេញ​មួយជីវិត​ដល់​សង្គមជាតិ​។ អំពើហិង្សា​លើ​កុមារ​បាន​ធ្វើឱ្យ​កុមារ និង​គ្រួសារ​ទទួលរង​នូវ​ការឈឺចាប់ និង​អាច​បង្ក​ផលវិបាក​រយៈពេល​វែង ដូចជា​ការអភិវឌ្ឍ​រូបរាងកាយ​យឺត បញ្ហា​ឥរិយាបថ បញ្ហា​សុខភាព​ផ្លូវកាយ និង​បញ្ហា​សុខភាព​ផ្លូវចិត្ត​ជាដើម​។

លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា ថ្លែង​ថា​រាជរដ្ឋាភិបាល​អាណត្តិ​ទី​ ៦ បានដាក់​បញ្ចូល​បញ្ហា​កុមារ​ជា​បញ្ហា​អាទិភាព​ទៅក្នុង​កម្មវិធី​នយោបាយ​។ ជាពិសេស​យុទ្ធសាស្ត្រ​ចតុកោណ​ទាំង​ ៤ ​ដំណាក់កាល​ក្នុង​យុទ្ធសាស្ត្រ​នៃ​ការអភិវឌ្ឍ​ធនធាន​មនុស្ស គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​កម្ពុជា ២០១៦-២០៣០ ដែល​សុទ្ធតែ​ជា​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​សម្រាប់​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៩-២០២៣ ដែលមាន​លទ្ធផល និង​ពេលវេលា​ជាក់លាក់​សម្រាប់​អនុវត្ត​។

លោកស្រី​ថ្លែងថា​៖ «​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ គឺ​តម្រូវ​ឱ្យ​មាន​ការទទួល​ខុសត្រូវ​រួមគ្នា និង​ការ​កៀរគរ​អ្នកពាក់ព័ន្ធ​ទាំងអស់ និង​សង្គម​ទាំងមូល​គឺ​ចាំបាច់​បំផុត​ស្រប​ទៅ​តាម​បទដ្ឋាន​ជាតិ​ដែល​មាន និង​កំពុង​ដាក់ឱ្យ​អនុវត្ត​ជា​ធរមាន​រួមទាំង​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​សិទ្ធិ​កុមារ​ឱ្យ​មាន​ប្រសិទ្ធភាព​កាន់តែ​ប្រសើរ​នោះ​ទាមទារ​ឱ្យ​មាន​ការចូលរួម​ពី​គ្រប់​ក្រសួង ស្ថាប័ន អង្គការ​ជាតិ អន្តរជាតិ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​»​។

លោកស្រី​បញ្ជាក់​ថា​ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ «​បញ្ហា​អំពើហិង្សា​លើ​កុមារ​» នៅ​ជា​តែ​ការ​ប្រឈម​សម្រាប់​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅឡើយ​។ លោកស្រី​ថា​កម្ពុជា​បាន​អង្កេត​ស្រាវជ្រាវ​ពី​ស្ថានភាព​អំពើហិង្សា​លើ​កុមារ​នៅ​កម្ពុជា​ឆ្នាំ​ ២០១៣ ជា​លទ្ធផល​បង្ហាញ​ថា កុមារ​ជាង​ ៥០ ​ភាគរយ​ បាន​ទទួលរង​អំពើហិង្សា​ផ្លូវកាយ​។ កុមារ​ម្នាក់​ក្នុងចំណោម​ ៤ ​នាក់​បាន​ទទួលរង​អំពើហិង្សា​ផ្នែក​ផ្លូវ​ចិត្ដ និង​កុមារី-កុមារា​ ១ ​នាក់​ក្នុងចំណោម​ ២០ ​នាក់​ បាន​ទទួលរង​ការរំលោភបំពាន​ផ្លូវភេទ​។

លោកស្រី គ្រីមៀន ម៉ុនឌ័រតេ នាយិកាយូនីសេហ្វ​ប្រចាំ​កម្ពុជា​បាន​លើកឡើង​ថា ព្រឹត្តិការណ៍​នៅថ្ងៃនេះ​គឺជា​ជំហាន​ដ៏មាន​សារៈសំខាន់ ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​សិទ្ធិ​របស់​កុមារ​កម្ពុជា​គ្រប់រូប ដើម្បី​ឱ្យ​ពួកគេ​អាច​ធំ​ដឹងក្តី​ប្រកប​ដោយ​សុវត្ថិភាព និង​ទទួលបាន​ការការពារ​។

លោកស្រី​ថ្លែង​ថា​៖ «​គ្មាន​ហេតុផល​ណាមួយ​នាំឱ្យ​ពួកគេ​ត្រូវ​ប្រព្រឹត្ត​អំពើហិង្សា​លើ​កុមារ​ឡើយ ហើយ​អំពើហិង្សា​លើ​កុមារ​គឺជា​ទង្វើ​ដែល​មិនត្រូវ​អត់ឱន​ឲ្យ​ជាដាច់ខាត​។ ការបញ្ចប់​អំពើហិង្សា​លើ​កុមារ​គឺជា​សកម្មភាព​ដែល​អាចធ្វើ​ទៅបាន ហើយ​ការបញ្ចប់​អំពើហិង្សា​លើ​កុមារ​គឺជា​ការទទួល​ខុសត្រូវ​រួម​របស់​យើង​»​។

លោក​ ហូវើដ ថាយល័រ នាយក​ប្រតិបត្តិ​នៃ​ភាព​ដៃគូ​សកល​ដើម្បី​បញ្ចប់​អំពើហិង្សា​លើ​កុមារ​ថ្លែង​ថា​នៅ​ថ្ងៃ​នេះ​ជាការ​ចាប់ផ្ដើម​ភាពជា​ដៃគូ​ថ្មី​ជាមួយ​រាជរដ្ឋាភិបាល សង្គម​ស៊ីវិល វិស័យ​ឯកជន រួមទាំង​ក្រុមការងារ និង​បុគ្គល​សំខាន់ៗ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ថ្លែងថា​៖ «​យើង​រួមគ្នា​ក្នុង​គោលដៅ​តែមួយ គឺ​យើង​ចង់​បាន​សង្គម​មួយ​ដែល​កុមារ​គ្រប់រូប​ចម្រើន​ពេញវ័យ​ប្រកបដោយ​សុវត្ថិភាព និង​សន្តិសុខ​។ កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​គឺជា​ការវិនិយោគ​ដ៏ឆ្លាតវៃ​ទៅលើ​កុមារ​គ្រប់រូប​នៅថ្ងៃ​នេះ ហើយ​វា​នឹង​ផ្តល់​ត្រឡប់​វិញ​នូវ​លទ្ធផល​វិជ្ជមាន​ជាច្រើន​ជំនាន់​ទៅខាង​មុខ​»៕