ភ្នំពេញៈ កម្ពុជាកំពុងខិតជិតទៅសម្រេចបាននូវគោលដៅលុបបំបាត់នូវចំនួនមនុស្សស្លាប់ដោយសារជំងឺគ្រុនចាញ់ នៅត្រឹម ឆ្នាំ២០១៥ ខណៈដែលករណីស្លាប់បាត់បង់ជីវិតបានធ្លាក់ចុះពី ៩៣ នាក់នៅក្នុង ឆ្នាំ២០១១ មកត្រឹម ១២ នាក់ កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យថ្មីពីរបាយការណ៍អង្គការសុខភាពពិភពលោក បានឲ្យដឹង។
ករណីថ្មីៗ កាលពីឆ្នាំមុន ក៏បានធ្លាក់ចុះមកត្រឹម ២១៣០៩ ផងដែរ។ អង្គការសុខភាពពិភពលោក ក៏បានកំណត់ថា មួយផ្នែកធំនៃជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ដែលជាជំងឺកំពុងបន្តមានអត្រាឆ្លងខ្ពស់ដល់ប្រជាជនចំនួន ៤៤ ភាគរយនោះ គឺដោយសារតែការចែកចាយប្រកបដោយប្រសិទ្ធភាពនូវមុងជ្រលក់ថ្នាំ។
របាយការណ៍ជំងឺគ្រុនចាញ់ពិភពលោក ឆ្នាំ២០១៤ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បានឲ្យដឹងថា ឥឡូវនេះ មូលនិធិជំងឺគ្រុនចាញ់ភាគច្រើននៅកម្ពុជា គឺសម្រាប់ការចែកមុង ដែលបានផ្គត់ផ្គង់ដល់ប្រជាជនចំនួន ៩០ ភាគរយ។ យោងតាមរបាយការណ៍បានឲ្យដឹងបន្ថែមទៀតថា ប៉ុន្តែ លទ្ធផលនៅមិនទាន់រឹងមាំទេ។
មូលនិធិជំងឺគ្រុនចាញ់កម្ពុជាបានឡើងដល់ប្រហែល ៤០ លានដុល្លារ នៅ ឆ្នាំ២០១១ ប៉ុន្តែ យុទ្ធសាស្ត្របែងចែកមូលនិធិថ្មីដែលបង្កើតឡើងដោយអង្គការមូលនិធិពិភពលោក បានធ្វើឲ្យចំនួនសរុបនេះធ្លាក់ចុះមកត្រឹម ១៥ លានដុល្លារ។
លោកស្រី Sonny Krishnan មន្ត្រីទំនាក់ទំនងនៅអង្គការសុខភាពពិភពលោកកម្ពុជា បានថ្លែងថា៖ «របៀបវារៈជំងឺគ្រុនចាញ់ទាំងមូល កំពុងផ្លាស់ប្តូរ ដោយមានគោលដៅលុបបំបាត់ទាំងស្រុងនៅមហាអនុតំបន់ទន្លេមេគង្គ។ ប្រសិនបើមិនបន្តផ្តល់មូលនិធិទេ អ្វីដែលអាចកើតឡើងគឺជំងឺគ្រុនចាញ់អាចវិលត្រឡប់មកវិញ ហើយកាន់តែរីកធំ និងពិបាកដោះស្រាយបញ្ហា»៕