ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​គ្រោង​ចំណាយ​ទឹកប្រាក់​សរុប​ជិត ៥០០ ​លាន​ដុល្លារ​ សម្រាប់​ផែនការ​អភិវឌ្ឍន៍​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​រយៈពេល​ ៥ ​ឆ្នាំ (២០២១-២០២៥) ដោយ​ផ្ដោត​លើ​យុទ្ធសាស្ត្រ​ចំនួន​ ៤​។ នេះ​បើ​យោងតាម​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ ដែល​បាន​បង្ហោះ​សារ​នៅលើ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​ ៣០ ខែធ្នូ​។

លោក អ៊ិត សំហេង ថ្លែងថា ផែនការមេ​រយៈពេល​ ៥ ​ឆ្នាំ​នេះ​ផ្ដោតលើ​យុទ្ធសាស្ត្រ​ចំនួន​ ៤ រួមមាន ការកសាង និង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​របស់​គ្រឹះស្ថាន​ការបំពាក់​ឧបករណ៍​បរិក្ខារ និង​សម្ភារ​បណ្តុះបណ្តាល ការពង្រឹង​សមត្ថភាព​អ្នកដឹកនាំ​គ្រប់គ្រង​មន្ត្រីរាជការ និង​គ្រូ​បច្ចេកទេស និង​ការបង្កើន​បរិមាណ និង​គុណភាព​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​។

ផែនការ​រយៈពេល​ ៥ ​ឆ្នាំ​នេះ​នឹង​ចំណាយ​ថវិកា​សរុប​ចំនួន ៤៩៣,១០ ​លាន​ដុលា្លរ​ ដោយ​ចំណាយ ១០២,៣ ​លាន​ដុល្លារ​ លើ​ការសាងសង់​អគារសិក្សា​ចំនួន​ ៦២ ​អគារ​ មាន​បន្ទប់សិក្សា​ចំនួន​ ១ ១១៦ ​បន្ទប់ និង​​ចំណាយ​ថវិកា ៥៤,៦ ​លានដុល្លារ​ សម្រាប់​សាងសង់​អគារ​អន្តេវាសិកដ្ឋាន​ចំនួន​ ២៨ ​អគារ​។

ក្រៅពីនេះ ការចំណាយ​នឹងធ្វើ​លើ​ការសាងសង់​រោង​ជាង​ចំនួន ២៤៨ ​កន្លែង (៤៩,៦ ​លាន​ដុល្លារ​) ការបំពាក់​ឧបករណ៍ បរិក្ខារ និង​សម្ភារ​បណ្តុះបណ្តាល (១៨៦ ​លាន​ដុល្លារ​) ការពង្រឹង​សមត្ថភាព​អ្នក​ដឹកនាំ​គ្រប់គ្រង​មន្ត្រីរាជការ និង ​គ្រូ​បច្ចេកទេស (២,២៥ ​លានដុល្លារ​) ​និង​ការបណ្តុះបណ្តាល​សិស្សនិស្សិត​ចំនួន​ ៣៩២ ៥០០ ​នាក់​ (៩៣,១ ​លាន​ដុល្លារ​)​។

លោក អ៊ិត សំហេង បាន​ថ្លែង​ក្នុង​អារម្ភកថា​នៃ​ការធ្វើ​ផែនការ​មេ​ថា ការរៀបចំ​ផែនការ​មេនេះ​ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ខ្វះខាត​ដែល​ក្រសួង​កំពុង​ជួបប្រទះ​។ ​លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ផែនការ​មេនេះ​នឹង​ប្រែក្លាយ​មុខមាត់​នៃ​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​សាធារណៈ​ក្រោមឱវាទ​ក្រសួង​ឲ្យ​កាន់​តែមាន​ភាពទាក់ទាញ​ក្នុង​ចំណោម​យុវជន ក៏ដូចជា​សាធារណជន​ក្នុង​ការចាប់យក​ជំនាញ​ដើម្បី​ទទួល​បាន​ការងារ​សមរម្យ និង​ផលិតភាព​ខ្ពស់​ឆ្លើយតប​នឹង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​»​។

បច្ចុប្បន្ននេះ​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​មាន​ចំនួន​ ១០៨ ​កន្លែង​ដែល​ក្នុងនោះ​មាន ៣៨ ​ជា​គ្រឹះស្ថាន​សាធារណៈ​ ៤៥ ​ជា​គ្រឹះស្ថាន​ឯកជន និង​ ២៥ ជា​អង្គការ ឬ​សមាគម​។ ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ចាប់ពី​ឆ្នាំ​ ២០១៥ ដល់​ឆ្នាំ​ ២០១៩ គ្រឹះស្ថាន​ទាំងនេះ​បាន​បណ្ដុះបណ្ដាល​សិក្ខាកាម និង​និស្សិត​ចំនួន ២៣៨ ៣០៩ ​នាក់​។

បើតាម​ឯកសារ​ផែនការមេ​ដដែល​ក្នុង​ ១ ​ឆ្នាំៗ​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ចំនួន​ ៣១ ​ម៉ឺននាក់ ​ដែល​ក្នុង​ចំនួន​នេះ វិស័យ​សំណង់​មាន​តម្រូវការ​ ៨ ​ម៉ឺន​នាក់​កាត់ដេរ​ចំនួន​ ៦ ​ម៉ឺន​នាក់ កម្មន្តសាល​ចំនួន ៦ ​ម៉ឺន​នាក់ សណ្ឋាគារ​ភោជនីយដ្ឋាន​ ៤ ​ម៉ឺននាក់ ពាណិជ្ជកម្ម ៤ ​ម៉ឺន​នាក់ និង​ដឹកជញ្ជូន និង​ទំនាក់ទំនង​ចំនួន ៣ ​ម៉ឺន​នាក់​។

លោក​ ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ពី​ថ្ងៃទី​ ៣០ ធ្នូ ថា ថវិកា​ដែល​គ្រោង​ចំណាយ​ជិត ៥០០ លាន​នេះ​គឺជា​ថវិកា​របស់​រដ្ឋ និង​ដៃគូ​អភិវឌ្ឍន៍​។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា យល់ឃើញ​ថា ផែនការ​មេនេះ​ជា​ផែនការ​ល្អ​ជាពិសេស​ការបណ្ដុះបណ្ដាល​អ្នកជំនាញ ដោយសារ​តែ​ប្រទេស​មួយចំនួន អះអាង​ថា កម្ពុជា​មិនសូវមាន​អ្នកជំនាញ​។

លោក​ថា ជាក់ស្ដែង​កម្ពុជា ពិតជា​ខ្វះ​អ្នកជំនាញ​ស្ទើរតែ​គ្រប់​វិស័យ​។ លោក​ថ្លែងថា​៖ «​ជាទូទៅ​កម្ពុជា​ទទួល​បាន​ពី​វិស័យ​ទេសចរណ៍​ច្រើន​ជាងគេ​រហូតដល់​ ៦០ ​ម៉ឺន​នាក់​។ ជាទូទៅ​ក្នុង​ប្រទេស​សេវាកម្ម​ទេសចរណ៍​មិនសូវមាន​អ្នកជំនាញ​ច្រើន​ទេ ហើយ​បើ​យើង​ប្រៀបធៀប​នឹង​វិស័យ​ផ្សេងទៀត វា​ក៏​ខ្លាំង​ដែរ ដូច្នេះ​វា​គួរតែ​ជា​អាទិភាព​ដែរ​។ ទី​២ វិស័យ​កសិកម្ម​ក៏​មិនសូវមាន​អ្នកជំនាញ​ច្រើន​ដែរ​។ ភាគច្រើន​ពួកគេ​ធ្វើការ​ទាំង​លំបាក​ក្នុង​ការផលិត​វត្ថុធាតុដើម និង​ការកែច្នៃ​ផ្សេងៗ​។ តាមពិត​គ្រាន់តែ​ការកែច្នៃ​កសិផល​ក៏មាន​ប្រាក់ចំណូល​ និង​បង្កើត​កម្លាំង​ពលកម្ម​ច្រើន​ដែរ​»​។

លោក​បន្តថា​៖ «​អ្វីដែល​គួរ​ពង្រឹង​ផងដែរ គឺ​ស្ទើរតែ​គ្រប់​វិស័យ​ក្នុង​នោះ​វិស័យ​កាត់ដេរ ក៏​មិនទាន់​មាន​អ្នកជំនាញ​ជាន់​ខ្ពស់​ហើយ​ផ្នែក​សំណង់​ក៏​យើង​នៅ​រក​ជនជាតិ​វៀតណាម ជនជាតិ​ចិន​មក​ធ្វើការ​ច្រើន​»​។

លោក​ អាត់ ធន់ ស្នើថា ក្រសួង​ការងារ​គួរតែ​ជំរុញ​ឲ្យ​ម្ចាស់​អាជីវកម្ម​ចូលរួម​ក្នុង​ការបណ្ដុះបណ្ដាល​ចំណេះដឹង​ដល់​បុគ្គលិក​របស់ខ្លួន​ដូចដែល​មានចែង​ក្នុង​ច្បាប់​ការងារ​។ លោក​សង្កេត​ឃើញថា ក្រសួង​ហាក់ដូចជា​ឆកល្វែង​ចំណុច​នេះ​។ ​ប្រសិនបើ​​ក្រុមហ៊ុន​នានា​បំពេញ​ចន្លោះ​ប្រហោង​នេះ​បាន កម្លាំង​ការងារ​ជំនាញ​នឹងមាន​រាប់លាន​នាក់​។ ប៉ុន្តែ​បើ​ក្រុមហ៊ុន​មិនបាន​ធ្វើ​ចំណុច​នេះ ហើយ​ទុក​ឲ្យ​ក្រសួង​ធ្វើការ​តែម្នាក់ឯង ការបណ្ដុះបណ្ដាល​អ្នកជំនាញ​មិនអាច​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​បាន​ទេ​ហើយនឹង​នៅតែ​បន្ត​ខ្វះ​តទៅទៀត​៕