ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​បញ្ជូន​សិក្ខាកាម​ និង​កម្មករ​ជំនាញ​ដែល​បានទទួល​ការបណ្តុះបណ្តាល​រួច​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​បន្ថែម​ទៀត នៅពេល​ដែល​ភាគី​ទាំង​ ២ ​ឯកភាព​នូវ​មធ្យោបាយ និង​នីតិវិធី​ក្នុង​ការធានា​ឱ្យបាន​នូវ​ការទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ​១៩​។

គម្រោង​នេះ​ត្រូវបាន​លើកឡើង​ក្នុងជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក អ៊ិត សំហេង ជាមួយ​នឹង​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា​លោក មីកាមិ ម៉ាសាហ៊ីរ៉ូ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​នៅ​ទីស្តីការក្រសួង​។

លោក អ៊ិត សំហេង បាន​ថ្លែង​នៅក្នុង​ជំនួប​នោះ​ថា ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​វិស័យ​ការងារ កម្ពុជា-ជប៉ុន​ បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ចាប់តាំងពី​ឆ្នាំ​ ២០០៧ ដើម្បី​ទទួល​យក​​កម្មសិក្សាការី​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន និង​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នៅ​ឆ្នាំ​ ២០១៩ ដើម្បី​ទទួល​យក​ពលករ​ជំនាញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ខណៈ​បច្ចុប្បន្ននេះ កម្មសិក្សាការី និង​ពលករ​ជំនាញ​របស់​កម្ពុជា​ដែល​កំពុង​បម្រើការ​នៅ​ប្រទេស​ជប៉ុន​មាន​ចំនួន​ជាង​ ១០ ០០០ ​នាក់​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​អំណរគុណ​ចំពោះ​ភាគី​ជប៉ុន​ដែល​បាន​យកចិត្ត​ទុកដាក់​ដល់​សិក្ខាកាម និង​កម្មករ​ជំនាញ​របស់​កម្ពុជា ព្រមទាំង​អនុញ្ញាតឱ្យ​ពួកគាត់​ចេញ-ចូល​ប្រទេស​ជប៉ុន ​តាមរយៈ​វិធានការ​ធ្វើ​ចត្តាឡីស័ក​នៅផ្ទះ​។ តាម​គ្រោងទុក​កម្ពុជា​នឹង​បញ្ជូន​សិក្ខាកាម និង​កម្មករ​ជំនាញ​ដែល​បាន​បណ្តុះបណ្តាល​រួច​ទៅ​ប្រទេស​ជប៉ុន​បន្ថែមទៀត​ក្នុង​ពេល​ឆាប់ៗ នៅពេល​ដែល​ភាគី​ទាំង​ ២ ​ឯកភាព​នូវ​មធ្យោបាយ និង​នីតិវិធី​ក្នុង​ការធានា​ឱ្យបាន​នូវ​ការឆ្លង​ជំងឺ​កូវីដ​១៩»​។

ទន្ទឹមនឹង​នោះដែរ រដ្ឋមន្ត្រីក្រសួង​ការងារ​ក៏បាន​ស្នើឱ្យ​លោក មីកាមិ ម៉ាសាហ៊ីរ៉ូ បន្ត​ជួយ​គាំទ្រ​ថែមទៀត​លើ​ការអភិវឌ្ឍ​ធនធាន​មនុស្ស និង​ជំរុញ​លើក​ទឹកចិត្ត​ដល់​អ្នកវិនិយោគ​ជប៉ុន​ឱ្យ​បង្កើន​ការវិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត​។ នាឱកាស​នោះ​ដែរ ភាគី​ទាំង​ ២ ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏ល្អ​រវាង​កម្ពុជា-ជប៉ុន​ លើ​គ្រប់​វិស័យ ដោយឡែក​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏​ជា​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ ដែល​ភាគី​ទាំង​ ២ ​កំពុង​បន្ត​ជំរុញ​យកចិត្ត​ទុកដាក់ និង​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​ថ្មីៗ​ថែមទៀត​។

រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២ ​សុទ្ធតែ​បានដាក់​ចេញ​នូវ​វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ ​១៩​។ ជាមួយ​គ្នា​នេះដែរ ឯកអគ្គរាជទូត​ជប៉ុន លោក​ មីកាមិ ម៉ាសាហ៊ីរ៉ូ ​បាន​កោតសរសើរ​ចំពោះ​វិធានការ​ដ៏មាន​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​បញ្ហា​កូវីដ​ ១៩ និង​វិធានការ​ដោះស្រាយ​ផលប៉ះពាល់​ពី​ជំងឺ​រាតត្បាត​ជា​សកល​នេះ ដោយសារ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជួយ​ដោះស្រាយ​ទាំង​បញ្ហា​សង្គម និង​សេដ្ឋកិច្ច​ក្នុង​ប្រទេស​។ ដោយ​ពិភពលោក​​រួមទាំង​កម្ពុជា​ផង​នោះ កំពុង​ជួបប្រទះ​នូវ​វិបត្តិ​ជំងឺ​កូវីដ​ ១៩៕