
និស្សិតកម្ពុជា សេង ស៊ុយហាក់ រៀនបើកយន្តហោះនៅសហរដ្ឋអាមេរិក។ រូប សហការី
ភ្នំពេញៈ កម្ពុជាគ្រោងបើកសាលាបណ្តុះបណ្តាលជំនាញបើកបរយន្តហោះនៅឆ្នាំក្រោយ ដើម្បីឆ្លើយតបទៅនឹងកង្វះខាតធនធានលើជំនាញនេះ ខណៈដែលវិស័យអាកាសចរណ៍កំពុងមានការរីកចម្រើន និងបើកចំហជើងមេឃរបស់កម្ពុជា។
លោក ខាន់ វណ្ណា អគ្គនាយកបច្ចេកទេសនៃរដ្ឋលេខាធិការអាកាសចរស៊ីវិល ប្រាប់ភ្នំពេញប៉ុស្តិ៍ ពីម្សិលមិញថា រដ្ឋលេខាធិការអាកាសចរស៊ីវិល បាននិងកំពុងខិតខំប្រឹងប្រែងពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីបង្កើតសាលាបណ្តុះបណ្តាល ជំនាញបើកបរយន្តហោះ ដោយធ្វើយ៉ាងណាជួយបង្កើតសាលានេះឱ្យបានឆាប់ ដើម្បីឱ្យកូនខ្មែរមានលទ្ធភាពចូលរៀនក្នុងតម្លៃសមរម្យ។
បើតាមលោក ខាន់ វណ្ណា បង្ហាញតាមស្ថិតិកម្ពុជាកំពុងខ្វះខាតធនធានមនុស្សប្រមាណ ៩០ ភាគរយ សម្រាប់បម្រើឱ្យវិស័យអាកាសចរណ៍ស៊ីវិលនៅក្នុងប្រទេស។ ស្ថានភាពពិភពលោកជាទីផ្សារសេរី និងរដ្ឋបានបញ្ឈប់ការផ្តល់អាហារូបករណ៍ និងការសិក្សានៅក្រៅប្រទេសលើជំនាញនេះ ដោយសារតម្លៃខ្ពស់ ជាពិសេសជំនាញបើកបរយន្តហោះមានតម្លៃ ១៤ ម៉ឺនដុល្លារអាមេរិក។
លោកថ្លែងថា៖ «បច្ចុប្បន្ននេះ ជាទីផ្សារសេរី យើងត្រូវតែផ្សព្វផ្សាយឱ្យប្រជាជនរបស់យើង ដែលមានធនធានច្រើន គួរតែបញ្ជូនកូនឱ្យទៅរៀន ដោយបង់លុយដោយខ្លួនឯង។ នៅពេលរៀនចប់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលជាអ្នកស្វែងរកការងារឱ្យធ្វើ ហើយកម្ពុជាកំពុងតែចរចាជាមួយខាងក្រុមហ៊ុនឱ្យមានការបញ្ចុះតម្លៃដល់យុវជនកម្ពុជាដែលមានបំណងបន្តការសិក្សាលើវិស័យអាកាសចរណ៍នេះ ឱ្យស្ថិតនៅក្នុងតម្លៃក្រោមទីផ្សារ»។
បើតាមមន្ត្រីរូបនេះអ្នកដែលបញ្ចប់ការសិក្សាជំនាញបើកបរយន្តហោះនឹងអាចទទួលបានប្រាក់បៀវត្សរ៍ស្របតាមស្តង់ដាអន្តរជាតិ ប្រមាណ ៣ ០០០ ដុល្លារអាមេរិកក្នុង ១ ខែ និង ៥ ០០០ ដុល្លារអាមេរិកក្នុង ១ ខែឡើងទៅ បន្ទាប់ពីបម្រើការងារបានចំនួន ២ ឆ្នាំ។
ដោយមើលឃើញពីបញ្ហាប្រឈមនេះ រដ្ឋលេខាធិការអាកាសចរស៊ីវិលនឹងសហការជាមួយក្រុមហ៊ុនឯកជនមួយបង្កើតឱ្យមានសាលាបណ្តុះបណ្តាលជំនាញបើកយន្តហោះនេះ។ យ៉ាងយូរបំផុត គឺក្នុងអំឡុងខែឧសភា ឆ្នាំ ២០២១ ខាងមុខនេះនឹងចេញជារូបរាង ហើយតម្លៃសិក្សាសមរម្យអាចនឹង ១ ម៉ឺនដុល្លារអាមេរិក ខណៈរៀននៅក្រៅប្រទេសតម្លៃចំនួន ១៤ ម៉ឺនដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោក ខាន់ វណ្ណា។
លោកថ្លែងថា៖ «យើងមានកូនខ្មែរយើងមួយចំនួនបានទៅរៀននៅសហរដ្ឋអាមេរិក ហើយត្រឡប់មកវិញបណ្តើរៗ។ អ្នកដែលត្រឡប់មកវិញ គឺមិនឱ្យមានការខកចិត្តនោះទេ គឺ យើងរកការងារឱ្យធ្វើ ហើយបច្ចុប្បន្ននេះ សរុបអ្នកបើកយន្តហោះទាំងអស់ដែលជាជនជាតិខ្មែរមានចំនួនប្រមាណជាង ៣០ នាក់»។
បើទោះបីរដ្ឋមិនមានលុយគ្រប់គ្រាន់ក្នុងការផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជាឱ្យបន្តការសិក្សាលើជំនាញវិស័យអាកាសចរណ៍ស៊ីវិលនេះ ក៏ដោយ ក៏រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តែងតែត្រួសត្រាយ និងផ្សព្វផ្សាយដល់ពលរដ្ឋណាដែលមានធនធានគ្រប់គ្រាន់ឱ្យបញ្ជូនកូនរបស់ពួកគេ ទៅបន្តការសិក្សាលើជំនាញផ្នែកនេះ។ នៅពេលបញ្ចប់ការសិក្សា កម្ពុជានឹងជជែកជាមួយក្រុមហ៊ុនទាំងអស់ ដើម្បីឱ្យចូលធ្វើការនឹងឆាប់ទទួលបានប្រាក់កម្រៃមកវិញ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជាបានសម្តែងការស្វាគមន៍នូវគំនិតផ្តួចផ្តើមឱ្យមានសាលាបណ្តុះបណ្តាលជំនាញបើកបរយន្តហោះ និងជំនាញផ្សេងៗទៀត ផ្នែកអាកាសចរណ៍នៅកម្ពុជា ស្របពេលដែលកំពុងមានការពង្រីកសមត្ថភាពអាកាសយានដ្ឋាននៅក្នុងប្រទេស និងរីកចម្រើនលើផ្នែកអាកាសចរណ៍ស៊ីវិល។
លោកស្រីមើលឃើញថា កម្ពុជាកន្លងមកមានការខ្វះខាតធនធានលើជំនាញទាំងនេះច្រើន ហើយនៅពេលមានសាលាបណ្តុះបណ្តាលនេះ យុវជនកម្ពុជា ដែលមានបំណងក្នុងការសិក្សាជំនាញនេះនឹងកាត់បន្ថយការចំណាយច្រើន។ ជាងនេះទៀតនឹងធ្វើឱ្យធនធានមនុស្សក្នុងផ្នែកអាកាសចរណ៍សម្បូរបែបដែលធ្វើឱ្យវិស័យនេះកាន់តែរីកចម្រើនបន្ថែមទៀត។
លោកស្រីថ្លែងថា៖ «បើយើងចង់ពង្រីកបន្ថែមទៀត យើងមានធនធាននៅក្នុងដៃ ហើយម្យ៉ាងទៀត វិស័យអាកាសចរណ៍នេះ ផ្សារភ្ជាប់ជាមួយនឹងទេសចរណ៍ផងដែរ។ នៅពេលដែលយើងមានអ្នកជំនាញ និងធនធានមនុស្សច្រើននៅក្នុងវិស័យនេះនឹងផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅក្នុងស្រុកយើង»។
យុវជន សេង ស៊ុយហាក់ សិក្ខាកាមដែលត្រៀមបញ្ចប់ការសិក្សាជំនាញបើកបរយន្តហោះមកពីសហរដ្ឋអាមេរិកទទួលស្គាល់ថា បច្ចុប្បន្នកម្ពុជាកំពុងមានការខ្វះខាតលើជំនាញបើកបរយន្តហោះ និងជំនាញផ្សេងទៀតនៅក្នុងវិស័យអាកាសចរណ៍ស៊ីវិល ដោយសារអ្នកបើកបរយន្តហោះរបស់កម្ពុជាមួយចំនួនបានចូលនិវត្តន៍ និងមិនសូវមានអ្នកថ្មីមកជំនួស។ លោកសាទរចំពោះគំនិតផ្តួចផ្តើមឱ្យមានសាលាបើកបរយន្តហោះនៅក្នុងប្រទេសកម្ពុជា ដែលបង្កភាពងាយស្រួលដល់យុវជនកម្ពុជាដែលមានបំណងចូលរៀនជំនាញនេះ តាមរយៈការចំណាយថវិកាក្នុងចំនួនតិច និងសុវត្ថិភាព។
លោកថ្លែងថា៖ «នៅពេលដែលខ្ញុំរៀននៅសហរដ្ឋអាមេរិកដែលនៅសល់តែ ១ ខែទៀត ខ្ញុំនឹងត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដើម្បីបម្រើការងារជាអ្នកបើកបរយន្តហោះឱ្យក្រុមហ៊ុនណាមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា»។
បើតាមយុវជនរូបនេះ សាលាបណ្តុះបណ្តាលជំនាញបើកបរយន្តហោះនេះអាចនឹងត្រូវបង្កើតឡើងនៅក្នុងខេត្តកោះកុងរបស់ប្រទេសកម្ពុជា៕