ភ្នំពេញៈ កម្ពុជា​គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប (ASEM) លើក​ទី​ ១៣ ​នៅ​ខែ​ឧសភា ឬ​ខែមិថុនា នា​ពាក់កណ្ដាល​ឆ្នាំក្រោយ បន្ទាប់ពី​លើក​ពេល​កិច្ចប្រជុំ​ដែល​គ្រោង​ធ្វើ​នៅ​ពាក់កណ្តាល ខែ​វិច្ឆិកា ឆ្នាំ​ ២០២០ ​នេះ ដោយសារ​តែ​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩​។ នេះ​បើតាម​លោក​ កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ឧត្តមមន្ត្រី​អាស៊ី-អឺរ៉ុប ​តាម​ប្រព័ន្ធ​វីដេអូ​ដែល​បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​ ២ ​ថ្ងៃ​កាលពី​ថ្ងៃទី​ ២ ដល់​ថ្ងៃទី​ ៣ កក្កដា ឆ្នាំ​ ២០២០ បាន​បញ្ជាក់ថា ដោយសារ​តែ​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ កម្ពុជា​បាន​សម្រេច​លើក​ពេល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​ ១៣ ទៅ​ធ្វើ​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០២១ វិញ​។ ប៉ុន្ដែ​កាលពី​ដំបូង​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​ ១៣ នៅ​កម្ពុជា​គ្រោង​ធ្វើ​នៅ​ពាក់កណ្តាល ខែ​វិច្ឆិកា ឆ្នាំ​ ២០២០ ក្រោម​ប្រធានបទ​ «​ការពង្រឹង​ពហុភាគី​និយម ដើម្បី​កំណើន​រួមគ្នា​»​។

លោក​ កុយ គួង បាន​ថ្លែងថា​៖ «​ក្រសួង​កាបរទេស​កម្ពុជា​នឹង​មិន​មាន​ការជូនដំណឹង​ផ្លូវ​ការបន្ថែម​ក្រៅពី​សេចក្ដី​ប្រកាស​ព័ត៌មាន​ខាងលើនេះ​ទេ​។ ប៉ុន្ដែ​តាម​ការគ្រោងទុក​កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​ ១៣ ​នេះ​នៅក្នុង​ខែ​ឧសភា​ ឬ​ខែ​មិថុនា​នៅ​ពាក់កណ្ដាល​ឆ្នាំ​ ២០២១»​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​កិច្ចប្រជុំ​នេះ​កាលពី​ថ្ងៃទី​ ២ ដល់ ថ្ងៃទី ៣ កក្កដា ឆ្នាំ​ ២០២០ បាន​ឱ្យ​ដឹងថា ដោយសារ​តែ​ផលវិបាក​អាក្រក់​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ឧត្ដមមន្ដ្រី​ទទួលបន្ទុក​កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប ទាំងអស់​បាន​បង្ហាញ​ការឯកភាព​ប្រកប​ដោយ​ស្មារតី យោគយល់ និង​គាំទ្រ​ជា​ឯកច្ឆន្ទ​ចំពោះ​សំណើ​របស់​កម្ពុជា សុំ​លើក​ពេល​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ​ទៅ​ប្រព្រឹត្ត​នៅ​ពាក់កណ្ដាល​ឆ្នាំ​ ២០២០ វិញ​។

កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​ កាល​ឆ្នាំ ២០០៤ និង​ត្រូវ​បាន​ផ្តល់​សេចក្តី​ទុកចិត្ត​ឱ្យ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប លើក​ទី​ ១៣ ​នេះ​ដោយ​នឹងមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​នៅ​តំបន់​អឺរ៉ុប និង​អាស៊ី លេខាធិការដ្ឋាន​អាស៊ាន និង​សហភាព​អឺរ៉ុប​ចំនួន ៥៣ ​ប្រទេស និង​ដៃគូ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ភ្នំពេញប៉ុស្ដិ៍​នាពេល​កន្លង​មក​៕