ភ្នំពេញៈ កម្ពុជាកំពុងសាងសង់អគារប៉ុស្តិ៍ការពារព្រំដែនគោកចំនួន ១៦ ប៉ុស្តិ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ-ឡាវស្ថិតនៅទិសភូមិភាគទី ៤ និងទី ៥ ក្នុងខេត្តព្រះវិហារ ពោធិ៍សាត់ ឧត្តរមានជ័យ ដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងការពារសន្ដិសុខសណ្ដាប់ធ្នាប់នៅតាមច្រកចេញចូលព្រំដែន។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ កាលពីថ្ងៃទី ១៣ ខែកក្កដាថា ការចំណាយសម្រាប់ការសាងសង់ប៉ុស្ដិ៍នេះគឺជាថវិការបស់រដ្ឋ។ ការសាងសង់នេះគឺធ្វើឱ្យមានផលប្រយោជន៍ច្រើនគឺពហុប្រយោជន៍នៅតាមបន្ទាត់ព្រំដែន និងដើម្បីការពារច្រកចេញចូល បម្រើការងារដោះដូរទំនិញផ្សេងៗនៅច្រកព្រំដែនផងដែរ។
លោកថ្លែងថា៖ «ការសាងសង់ ប៉ុស្តិ៍ការពារព្រំដែនគោកនេះក៏ដោយសារប៉ុស្ដិ៍ចាស់ៗបានខូចខាតអស់ទៅហើយ ដូច្នេះរដ្ឋាភិបាលបានផ្ដល់ថវិកាដើម្បីសាងសង់ប៉ុស្តិ៍ការពារព្រំដែនគោកនេះជាបណ្ដើរៗជារៀងរាល់ឆ្នាំនៅតាមខេត្ដជាប់ព្រំដែន»។
លោកបានឱ្យដឹងថា ការសាងសង់ ប៉ុស្តិ៍ការពារព្រំដែនគោកនេះគឺធ្វើជាលក្ខណៈប៉ុស្ដិ៍គំរូដូចជាការសាងសង់សាលាឃុំនៅតាមបណ្ដាខេត្ដនានាដូចគ្នាដែរ។
លោក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែននៃក្រសួងមហាផ្ទៃថ្លែងកាលពីថ្ងៃទី ១៣ ខែកក្កដាដែរថា ប៉ុស្តិ៍ការពារព្រំដែនគោក ចំនួន ១៦ ប៉ុស្តិ៍ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ-ឡាវស្ថិតនៅទិសភូមិភាគទី ៤ និងទី ៥ នៅក្នុងខេត្តព្រះវិហារ ពោធិ៍សាត់ ឧត្តរមានជ័យ។
លោក ហាក់ បញ្ជាក់ថា៖ «កាលពីថ្ងៃទី ១០ ខែកក្កដាខ្ញុំបានចុះពិនិត្យក្រុមការងារក្នុងការសាងសង់ប៉ុស្ដិ៍តាមព្រំដែននេះតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ដើម្បីឱ្យក្រុមជាងខិតខំយកចិត្តទុកដាក់ក្នុងការសាងសង់ឱ្យបានរួចរាល់មុនរដូវភ្លៀងមកដល់ ដើម្បីធានាគុណភាពសំណង់ប្រើប្រាស់បានយូរអង្វែង»។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានលើកឡើងកាលពីម្សិលមិញថា គម្រោងសាងសង់អគារប៉ុស្តិ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ-ឡាវនេះ គឺជាការល្អសម្រាប់ប្រទេស និងប្រជាពលរដ្ឋកម្ពុជា។
លោកថ្លែងថា៖ «ខ្ញុំសាទរចំពោះការធ្វើប៉ុស្តិ៍ និងគម្រោងអភិវឌ្ឍន៍នៅតាមបន្ទាត់ព្រំដែនបែបនេះ។ ការធ្វើនេះអាចរឹតបន្តឹងទាំងសុខសុវត្ថិភាព និងចូលរួមអភិវឌ្ឍតំបន់នៅតាមបន្ទាត់ព្រំដែនខ្មែរយើងផងដែរ។ បើមានអាជ្ញាធរជួយការពារសុវត្ថិភាពនៅតាមព្រំដែនប្រជាជនអាចប្រកបអាជីវកម្ម និងអាចរស់នៅតាមបណ្ដោយព្រំដែនជាមួយប្រទេសជិតខាង។ វាជាមធ្យោបាយមួយដើម្បីឱ្យប្រជាពលរដ្ឋចូលរួមក្នុងការការពារថែរក្សាព្រំដែនកម្ពុជា និងអភិវឌ្ឍនៅតំបន់ព្រំដែនឱ្យមានសកម្មភាពសេដ្ឋកិច្ច និងសង្គមរឹតតែផុសផុលផងដែរ»។
បើតាមលោក វូ ហាក់ អគារប៉ុស្ដិ៍ដែលគ្រោងសាងសង់ រួមមាន ប៉ុស្ដិ៍នៅតាមព្រំដែនក្នុងខេត្តពោធិ៍សាត់របស់វរសេនាតូចការពារព្រំដែនគោកលេខ ៨២៥ ចំនួន ២ ប៉ុស្តិ៍។ ខេត្តព្រះវិហារចំនួន ១០ ប៉ុស្តិ៍ វរសេនាតូចលេខ ៧៩៥ ចំនួន ១ ប៉ុស្តិ៍វរសេនាតូចលេខ ៧៩៣ ចំនួន ២ ប៉ុស្តិ៍ វរសេនាតូចលេខ ១០៥ ចំនួន ៧ ប៉ុស្តិ៍។ ខេត្តឧត្តរមានជ័យចំនួន ៤ ប៉ុស្តិ៍ វរសេនាតូចលេខ ៩០៥ ចំនួន ២ ប៉ុស្តិ៍ វរសេនាតូចលេខ ៧០២ ចំនួន ២ ប៉ុស្តិ៍៕