ភ្នំពេញៈ ក្រសួង​ការបរទេស​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា​ក្នុង​ការគោរព​ «​គោលនយោបាយ​ចិន​តែមួយ​» ​ហើយ​ចាត់ទុក​ស្ថានការណ៍​កំពុង​វិវត្ត​នៅ​ទីក្រុង​ហុងកុង​ថា ជា​កិច្ចការ​ផ្ទៃក្នុង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​បាន​សរសេរ​​ថា​៖ «​ប្រទេស​កម្ពុជា​គាំទ្រ​នូវ​រាល់​ចំណាត់ការ​ចាំបាច់​នានា​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​តំបន់​រដ្ឋបាល​ពិសេស​ទីក្រុង​ហុងកុង​ដើម្បី​រក្សា​សន្តិភាព​សណ្ដាប់ធ្នាប់​សាធារណៈ សន្តិសុខ​ជាតិ​ និង​ការរួមរស់​នៅ​ជាមួយ​គ្នា​ប្រកប​ដោយ​ភាព​សុខដុមរមនា​ក្នុង​សង្គម​ដោយ​អនុលោម​ទៅតាម​ច្បាប់​ និង​បទប្បញ្ញត្តិ​ទាំងឡាយ​របស់​ប្រទេស​ និង​ការប្រតិបត្តិ​ជា​អន្តរជាតិ​»​។

ក្រសួង​ការបរទេស​បញ្ជាក់​ថា កម្ពុជា​ចង់ឃើញ​ការវិលត្រឡប់​មក​រក​ភាពប្រក្រតី​ឡើងវិញ​ឲ្យ​បាន​ឆាប់​នូវ​ជីវភាព​រស់នៅ​ប្រកប​ដោយ​សុខសន្តិភាព​របស់​ប្រជាជន​ហុងកុង​ទាំងមូល​។

លោក កេត សោផាន់ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បដិសេធ​អត្ថាធិប្បាយ​បន្ថែម​ដោយ​លោក​ថ្លែង​ថា សេចក្ដីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ច្បាស់​ហើយ​។

ពលរដ្ឋ​ទីក្រុង​ហុងកុង ជាពិសេស​និស្សិត​បាន​ធ្វើ​បាតុកម្ម​អស់​ជាច្រើន​ខែ​មក​ហើយ​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​ធ្វើ​បត្យាប័ន​ជនល្មើស​ពី​ទីក្រុង​ហុងកុង ទៅ​កាត់ទោស​នៅក្នុង​ប្រព័ន្ធ​តុលាការ​របស់​ចិន​។

ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ផងដែរ​កាលពី​ថ្ងៃទី​ ១៦ សីហា​ ដោយ​ប្រកាស​ប្រឆាំង​ដាច់ខាត ភាពចលាចល​នៅ​ទីក្រុង​ហុងកុង​។ តាមរយៈ​ការអត្ថាធិប្បាយ​ ៤ ទំព័រ​ ជា​ភាសា​ខ្មែរ​លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ថ្លែង​ថា​ សកម្មភាព​បាតុកម្ម​នៅ​ទីក្រុង​ហុងកុង​បាន​ដើរ​ហួស​ពី​ព្រំដែន​នៃ​ការធ្វើ​បាតុកម្ម​ធម្មតា ហើយ​បាន​ប្រែក្លាយ​ជា​សកម្មភាព​ហិង្សា​ជ្រុលនិយម​ដែល​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្ថិរភាព​សង្គម​សុវត្ថិភាព អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​ហុងកុង​។

លោក Wang ក៏បាន​អរគុណ​ដល់​កម្ពុជា​ដែល​ «​តាំងពី​ដើម​រៀង​មក​ប្រកាន់​ជំហរ​គាំទ្រ​ភាគី​ចិន​យ៉ាង​មុតមាំ​ចំពោះ​បញ្ហា​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​របស់​ប្រទេស​ ចិន យើង​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ចំណុច​នេះ​»​។

បើ​តាម​លោក Wang ប្រទេស​ ចិន​ បន្ត​អនុវត្ត​ឥត​ងាករេ​ចំពោះ​គោល​លំនាំ «​ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់គ្រង​ ២»​។ «​ការប្រឆាំង​តទល់​ដោយ​សន្តិភាព​» របស់​បាតុករ​តាមពិត​គឺជា​អំពើ​ហិង្សា​ដោយ​បាន​បង្ក​គ្រោះថ្នាក់​បំផ្លាញ​ទ្រព្យសម្បត្តិ​ផ្សេងៗ​។

លោក​ថា​៖ «​ច្បាស់​ណាស់​សកម្មភាព​ជនបង្ក​ហិង្សា​មួយ​ចំនួន​នៅ​ហុងកុង​មិនមែន​ដើម្បី​ទាមទារ​ប្រឆាំង​នឹង​ច្បាប់​បត្យាប័ន​ជនសង្ស័យ​នោះ​ទេ គោលដៅ​របស់​ពួកគេ​គឺ​បង្ក​ឲ្យ​ហុងកុង​កើត​ចលាចល និង​ធ្លាក់​លិចលង់​រួច​កម្ទេច​ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់គ្រង​ ២»​។

លោក Wang ថា​រដ្ឋាភិបាល​មជ្ឈិម​ចិន​ប្ដេជ្ញា​ដាច់ខាត​គាំទ្រ​លោកស្រី Carrie Lam ដែល​ជា​ប្រធាន​ប្រតិបត្តិ​ក្រុង​ហុងកុង​។ លោក​ថា​ចលាចល​នៅ​ហុងកុង​គឺ​ដោយសារ​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​ដោយ​បាន​លើកឡើង​ចំៗ​ថា​ស្ថាប័ន​របស់​អាមេរិក​នៅ​ហុងកុង​បាន​ជួប​ជាមួយ​អ្នក​ដឹកនាំ​បាតុកម្ម ដើម្បី​ធ្វើ​ជា​ខ្នងបង្អែក​ដល់​ការធ្វើ​បាតុកម្ម​ខុស​ច្បាប់​។

លោក​ សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែង​ថា​ការប្រកាស​របស់​កម្ពុជា​គាំទ្រ​ដល់​វិធានការ​ច្បាប់​របស់​ចិន​ និង​រដ្ឋបាល​ក្រុង​ហុងកុង​គឺ​ដោយសារ​តែ​កម្ពុជា​ធ្លាប់​ឆ្លងកាត់​ការប្រឆាំង​ធ្វើ​បាតុកម្ម​ជាច្រើន​ដង​មក​ហើយ​តាំងពី​មុន​ឆ្នាំ​ ១៩៧០ ​ប៉ុន្តែ​ជា​លទ្ធផល​មិន​មាន​អ្វី​ល្អ​ទេ​គឺ​ពលរដ្ឋ​ជា​អ្នករងគ្រោះ​មិនមែន​អ្នក​នៅ​ពីក្រោយ​នោះទេ​។ លោក​ថា​ហុងកុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ចិន ដូច្នេះ​ត្រូវគោរព​តាម​គោលនយោបាយ​របស់​ចិន​។

ចំណែកឯ​លោក មាស នី អ្នកវិភាគ​បញ្ហា​សង្គម​យល់​ថា​ការប្រកាស​គាំទ្រ​របស់​កម្ពុជា​លើ​វិធានការ​របស់​រដ្ឋាភិបាល​ចិន​គឺជា​សារ​នយោបាយ​របស់​ប្រទេស​មួយ​ដែលមាន​និន្នាការ​ទៅរក​ចិន ដើម្បី​ឲ្យ​មហាអំណាច​ចិន​មាន​ការពេញចិត្ត​ជាមួយ​នឹង​ទំនាក់ទំនង​បច្ចុប្បន្ន​។ ​«​នៅក្នុង​រឿងនេះ​ខ្ញុំ​គិត​ថា​គ្រាន់តែ​ជា​ផ្នែក​មួយ​ដែល​រដ្ឋាភិបាល​កម្ពុជា​ធ្វើឲ្យ​ចិន​សប្បាយចិត្ត​ហើយ​ក្លាយ​ទៅ​ជា​អ្នក​ដែល​គិតគូរ​មួយ​ល្អ ជា​មិត្តភក្តិ​ល្អ​មួយ​ដែល​ស្មោះត្រង់​ដែល​ការពារ​ប្រយោជន៍​ចិន​ទាំងអស់​ទាំង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​ទាំង​ព្រឹត្តិការណ៍​នៅ​ហុងកុង​»​។

លោក​បន្តថា ​តាម​គំនិត​របស់​លោក​កម្ពុជា​គួរតែ​នៅ​ស្ងៀម​ចំពោះ​ព្រឹត្តិការណ៍​នៅ​ហុងកុង ពីព្រោះ​ពិភពលោក​កំពុង​តាម​មើល​ព្រឹត្តិការណ៍​នេះ​៕