ភ្នំពេញៈ កម្ពុជា​បាន​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស​កាលពី​ម្សិលមិញ​ទៅ​តាម​គម្រោង​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​ចាក់​ឱ្យបាន​ ១ ​លានដូស​ក្នុង​រយៈពេល​ ១ ​ខែ ខណៈ​រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយ​ថវិកា​បន្ទាន់​ជិត​​ ១ ​លាន​ដុល្លារ ដើម្បី​កែលម្អ​ការគ្រប់គ្រង​ប្រព័ន្ធ​ត្រជាក់​សម្រាប់​ទុកដាក់​វ៉ាក់សាំង​។

លោក​ គឹម សួរភិរុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម​ថ្លែង​ពីថ្ងៃ​ម្សិលមិញ​ថា សម្រាប់​ខេត្តកំពង់ចាម​បាន​ទទួល​វ៉ាក់សាំង​ចំនួន ៣៩ ០០០ ​ដូស សម្រាប់​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ១៨ ០០០ ​នាក់​។

លោក​ថ្លែង​​ថា​៖ «​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម​បានរៀបចំ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​ឱ្យទាន់​ពេលវេលា ដែល​មាន​ទីតាំង​ចំនួន​ ២៩ ​កន្លែង​ក្នុង​ខេត្ត និង​បាន​បណ្តុះបណ្តាល​គ្រូពេទ្យ​ចំនួន​ ៣៦០ ​នាក់​សម្រាប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅក្នុង​ខេត្ត​នេះ​»​។

ចំណែក​ក្រសួង​អប់រំ យុវជន និង​កីឡា​ក៏​បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ទៅដល់​គ្រូបង្រៀន​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ម្សិលមិញ​នេះដែរ​។ បើតាម​អ្នកនាំពាក្យ​ក្រសួង​អប់រំ​លោក រស់ សុវាចា ជាទូទៅ​ដំណើរ​ការចាក់​វ៉ាក់សាំង​ជូន​បុគ្គលិក​អប់រំ​សាធារណ: និង​ឯកជន​តាម​គោលការណ៍​ស្ម័គ្រចិត្ត​ពីថ្ងៃ​ម្សិលមិញ​បាន​ប្រព្រឹត្ត​ទៅ​បាន​រលូន មិន​ទាន់​មាន​ហេតុការ​គួរឱ្យ​កត់សម្គាល់​កើតឡើង​នៅឡើយ​ទេ​។

លោក​ រស់ សុវាចា ​ថា​៖ «​បុគ្គលិក​អប់រំ​សាធារណ: និង​ឯកជន ដែល​បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​មាន​ចំនួន​សរុប​ ១៦៨ ០០០ ​នាក់​នៅ​ទូទាំង​ ២៥ ​ខេត្ត-រាជធានី​។ ការចាក់​វាក់សាំង​ជូន​បុគ្គលិក​អប់រំ​នេះ​ស្ថិតក្រោម​គោលការណ៍​ស្ម័គ្រចិត្ត​»​។

លោកស្រី​ ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួងសុខាភិបាល​មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​ពី​ដំណើរការ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ​ទេ​ពី​ម្សិលមិញ​។ ប៉ុន្តែ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ៣១ ខែមីនា លោកស្រី​បាន​បញ្ជាក់ថា ក្រសួង​សុខាភិបាល​បានកំណត់​ក្រុម​គោលដៅ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​សរុប​ចំនួន ៧៤៥ ០០០ នាក់​ សម្រាប់​ចំនួន​ដូស​ទី​ ១ នៃ​ការចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់ (Sinovac) ទៅដល់​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ ដើម្បី​ការពារ​ខ្លួនឯង​ផ្ទាល់ ការពារ​ក្រុមគ្រួសារ​ខ្លួនឯង និង​ការពារ​សហគមន៍​ទាំងមូល​។

កាលពី​ម្សិលមិញ​នេះដែរ អង្គការ​យូនីសេហ្វ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា ប្រទេស​ជប៉ុន​បាន​ផ្តល់​ថវិកា​ជិត​ ១ ​លាន​ដុល្លារ ដើម្បី​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ចាក់​វ៉ាក់សាំង​កូវីដ​១៩ ជាពិសេស​ដើម្បី​បង្កើន​សមត្ថភាព​នៃ​ប្រព័ន្ធ​ត្រជាក់​តាមរយៈ​ការរៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារ មធ្យោបាយ​ដឹកជញ្ជូន និង​ផ្តល់​ការបណ្ដុះបណ្ដាល​ដល់​បុគ្គលិក​សុខាភិបាល​។ សមត្ថភាព​នៃ​ប្រព័ន្ធ​ត្រជាក់​មាន​សារៈសំខាន់​យ៉ាងខ្លាំង​សម្រាប់​ការដឹកជញ្ជូន​វ៉ាក់សាំង​ដែល​ត្រូវ​រក្សាទុក​ក្នុង​សីតុណ្ហភាព​ត្រជាក់​ដើម្បី​រក្សា​ប្រសិទ្ធភាព រាប់​បញ្ចូល​ទាំង​វ៉ាក់សាំង​កូវីដ​១៩​ផងដែរ​។

សេចក្តី​ប្រកាស​នេះ​បញ្ជាក់ថា កាលពី​ខែធ្នូ ឆ្នាំ​ ២០២០ ជា​ផ្នែក​មួយ​នៃ​ការរៀបចំ​សម្រាប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង រាជរដ្ឋាភិបាល​កម្ពុជា យូនីសេហ្វ និង​ដៃគូ​ដទៃទៀត​បាន​ធ្វើការ​វាយតម្លៃ​សមត្ថភាព​នៃ​ប្រព័ន្ធ​ត្រជាក់​សម្រាប់​ទុកដាក់​វ៉ាក់សាំង​របស់​ប្រទេស​នេះ​។ ការវាយតម្លៃ​បាន​រកឃើញ​នូវ​ចំណុច​មួយចំនួន​ដែល​ត្រូវ​ពង្រឹង​បន្ថែម​ដោយ​ប្រើប្រាស់​ថវិកា​គាំទ្រ​ថ្មី​នេះ​។

ប្រភព​ដដែល​បាន​លើកឡើងថា៖ «​ថវិកា​ជំនួយ​នេះ​នឹង​បង្កើន​សមត្ថភាព​នៃ​ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស​កម្ពុជា ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ចាប់ផ្ដើម​អនុវត្ត​កម្មវិធី​ចាក់​វ៉ាក់សាំង​រហ័ស និង​ក្នុង​ទ្រង់ទ្រាយ​ធំ​បំផុត​ដែល​មិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​»​។

យូនីសេហ្វ​ថា ជាការ​សំខាន់​ណាស់​ដែល​ត្រូវ​ធានាថា​ការបែងចែក​វ៉ាក់សាំង​កូវីដ​ ១៩ នឹង​មិន​ដាក់​បន្ទុក​ធ្ងន់ធ្ងរ​ពេក​មកលើ​សមត្ថភាព​បច្ចុប្បន្ន​ដែល​អាច​បង្កឱ្យមាន​ការ​រំខាន​ដល់​សេវា​ផ្ដល់​ថ្នាំ​បង្ការ​សម្រាប់​កុមារ ហើយ​ក្នុងពេល​ជាមួយគ្នា​ត្រូវ​ពង្រឹង​សមត្ថភាព​នៃ​ប្រព័ន្ធ​សុខាភិបាល​ដែលមាន​ស្រាប់ ដើម្បីឱ្យ​ប្រទេស​កម្ពុជា​ នៅតែ​ទទួលបាន​ប្រយោជន៍ ក្រោយ​ពេល​ចប់​ជំងឺ​រាតត្បាត​ជា​សកល​នេះ​។

ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​លោក មីកាមិ ម៉ាសាហ៊ីរ៉ូ ថ្លែងថា​៖ «​ការចែកចាយ​ផ្ដល់​វ៉ាក់សាំង​គឺមាន​សារៈសំខាន់​ដូចគ្នា​ទៅនឹង​វ៉ាក់សាំង​ដែរ​។ រាជរដ្ឋាភិបាល​ជប៉ុន​ប្ដេជ្ញា​ជួយ​កែលម្អ​កម្មវិធី​ផ្ដល់​វ៉ាក់សាំង​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​»​។

លោក​បន្តថា បទពិសោធ​ច្រើន​ឆ្នាំ​របស់​យូនីសេហ្វ​ក្នុង​កិច្ចសហការ​ជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ការអនុវត្ត​កម្មវិធី​ផ្ដល់​ថ្នាំ​បង្ការ គឺជា​ហេតុផល​ដែល​ធ្វើឱ្យ​យើង​មាន​ទំនុកចិត្ត​ទាំងស្រុង​ថា ថវិកា​ជំនួយ​នេះ​ពិតជា​នឹង​នាំឱ្យ​សម្រេចបាន​នូវ​លទ្ធផល​វិជ្ជមាន​យ៉ាង​ធំធេង​មកលើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩​។ «​យើង​នឹង​បន្ត​សហការ​ជាមួយ​យូនីសេហ្វ និង​រាជរដ្ឋាភិបាល​កម្ពុជា រហូត​ដល់​ពេលដែល​យើង​អាចនិយាយបាន​យ៉ាងពិត​ប្រាកដថា យើង​ពិតជា​ទប់ស្កាត់​បាន​ទាំងស្រុង និង​អាច​ស្តារ​ទ្បើង​វិញ​ពី​ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ​ ១៩»​។

លោកស្រី ហ្វ័រូហ្គ ហ្វូយូហ្សិថ នាយិកា​យូនីសេហ្វ​ប្រចាំ​កម្ពុជា​បាន​សម្ដែង​ការដឹងគុណ​ចំពោះ​រាជរដ្ឋាភិបាល​ជប៉ុន​ដែល​បាន​គាំទ្រ​ដល់​កម្ពុជា​ក្នុងពេល​ដ៏ចាំបាច់​នេះ ជាពិសេស​ក្នុងពេលដែល​ចំនួន​ករណី​កូវីដ​១៩​កំពុង​កើនឡើង​។

លោកស្រី​បញ្ជាក់ថា៖ «​ជំងឺ​រាតត្បាត​ជា​សកល​ពុំ​ស្គាល់​ព្រំដែន​នោះឡើយ ហើយ​វ៉ាក់សាំង​ត្រូវតែ​បានផ្តល់​ទៅដល់​មនុស្ស​ដែល​ងាយ​ឆ្លង​មេរោគ​នេះ​ជាងគេ​ និង​មុនគេ​។ មូលនិធិ​ដែល​ផ្ដល់​ដោយ​រាជរដ្ឋាភិបាល​ជប៉ុន​មាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន ដើម្បី​ជួយ​ឱ្យ​យើង​ទាំងអស់​គ្នា​អាច​បន្ត​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការអនុវត្ត​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩»​។

លោកស្រី​ ហ្វ័រូហ្គ ហ្វូយូហ្សិថ ថា​នេះ​គឺជា​ជំហាន​មួយ​ដ៏សំខាន់​ក្នុង​ការត្រួសត្រាយ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការស្ដារ​ឡើងវិញ​ពី​វិបត្តិ​នេះ​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ១ ខែ មេសា ​ឆ្នាំ​ ២០២១ នេះ កម្ពុជា​មាន​អ្នក​ឆ្លង​សរុប​ចំនួន ២ ៤៧៧ នាក់​អ្នកជា​សះស្បើយ​ចំនួន ១ ២៤០ ​នាក់ ​អ្នក​កំពុង​ព្យាបាល​ចំនួន ១ ២១៩ ​នាក់ និង​អ្នកស្លាប់​ចំនួន​ ១៦ ​នាក់​៕