
ពិធីជូនដំណើរកងកម្លាំងមួកខៀវកម្ពុជាទៅប្រទេសស៊ូដង់ខាងត្បូង កាលពីឆ្នាំ ២០១៨។ ហេង ជីវ័ន
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់ ពីម្សិលមិញថា រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខា បញ្ចេញថវិកាចំនួន ១៥ លានដុល្លារអាមេរិកដើម្បីទិញរថពាសដែកឲ្យកងទ័ពមួកខៀវ ដែលកំពុងបម្រើការងារ ការពារសន្តិភាព នៅប្រទេសម៉ាលី ក្រោមស្លាកអង្គការសហប្រជាជាតិ (UN)។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ (PPIU) ជាង ១ ពាន់នាក់នៅភ្នំពេញ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា តាមពិតកាតព្វកិច្ចនៃការបំពាក់អាវុធ សម្រាប់កងទ័ពកម្ពុជា នៅប្រទេស ម៉ាលី រាជរដ្ឋាភិបាលកម្ពុជាបានស្នើឲ្យអង្គការសហប្រជាជាតិ ជាអ្នកទទួលខុសត្រូវ ប៉ុន្តែដោយសារតែអង្គការសហប្រជាជាតិ កំពុងជួបវិបត្តិថវិកា ទើបកម្ពុជា សម្រេចបញ្ចេញថវិកា ១៥ លានដុល្លារអាមេរិក ដើម្បីទិញរថពាសដែក បំពាក់ដល់កងទ័ពកម្ពុជា ដែលកំពុងមានតម្រូវការនៅប្រទេស ម៉ាលី។
លោក ហ៊ុន សែន ថ្លែងថា៖ «ឥឡូវនេះ បានជាយើង មាននាយទាហានរបស់យើង នៅតាមទីកន្លែងខ្លះ ហើយបញ្ហានេះ យើងក៏ប្រហែលបានដឹងដែរ។ អាទិត្យមុននេះបានចុះហត្ថលេខាបញ្ចេញប្រាក់ ១៥ លានដុល្លារអាមេរិក ព្រោះអង្គការសហប្រជាជាតិ តម្រូវការឲ្យបំពាក់មធ្យោបាយដូចជារថពាសដែកទៅកាន់ប្រទេស ម៉ាលី»។
លោកបន្ដថា៖ «ពីមុនកម្ពុជាបានស្នើឲ្យអង្គការសហប្រជាជាតិ ជាអ្នកដោះស្រាយ ប៉ុន្ដែឥឡូវនេះ អង្គការសហប្រជាជាតិកំពុងមានវិបត្ដិថវិកា។ អ៊ីចឹងបន្ទុក នេះ យើងមិនដកកងទ័ពរបស់យើងចេញដោយខ្វះការទទួលខុសត្រូវទេ ហើយយើងក៏មិនទុកឲ្យកងទ័ពរបស់យើងដៃទទេដែរ ត្រូវមានរថពាសដែកការពារខ្លួន»។
លោកនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ការចុះហត្ថលេខា ដើម្បីបញ្ចេញថវិកា សម្រាប់ការទិញរថពាសដែកបញ្ចូនទៅប្រទេស ម៉ាលី មិនមែនគ្រាន់តែការដោះស្រាយក្នុងស្រុក រឿងអាវុធ យុទ្ធភណ្ឌការពារប្រទេសទេ ក៏ប៉ុន្ដែពេលនេះ អង្គការសហប្រជាជាតិមានតម្រូវការហើយ កម្ពុជាត្រូវចូលរួមផងដែរ ជាមួយប្រតិបត្ដិការបែបនេះ។
លោកបន្ថែមថា៖ «ឥឡូវ យើងកំពុងតែប្រជ្រៀតមន្រ្ដីយោធារបស់យើង ឲ្យទៅក្នុងក្របខ័ណ្ឌ មិនមែនគ្រាន់តែជាអ្នកប្រតិបត្ដិការទេ ប៉ុន្ដែយើងទៅនៅក្នុងទីបញ្ជាការក្នុងឋានៈជាសេនាធិការ ឬក៏ក្នុងឋានៈជាថ្នាក់ដឹកនាំនៅក្នុងកន្លែងនោះ»។
លោក ហ៊ុន សែន លើកឡើងថា បន្ទាប់ពីសោកនាដកម្ម ដែលបានកើតឡើងលើទាហានរបស់កម្ពុជា នៅអាហ្រ្វិកណ្ដាល លោកបានស្នើឲ្យពង្រឹងសមត្ថភាពទៅលើបញ្ហាទាក់ទិនជាមួយនឹងសមត្ថភាពសេនាធិការ និងបញ្ជាការរបស់អង្គការសហប្រជាជាតិនៅតាមកន្លែងនានា ព្រោះការរៀបចំកម្លាំងនៅតាមកន្លែងខ្លះ មើលទៅឃើញថា មានការចាញ់ប្រៀបគេតែម្ដង បញ្ហានេះមិនមែនមកពីទាហានទេ គឺមកពីសមត្ថភាពរបស់សេនាធិការរបស់អង្គការសហប្រជាជាតិ។
លោកសង្កត់ធ្ងន់ថា៖ «គ្រាន់តែចំណុចមួយនេះអាចបង្ហាញបានថា កម្ពុជាបានចូលរួមនៅក្នុងការរក្សាសន្ដិភាពពិភពលោក ហើយដែលសមត្ថភាពរបស់ទាហានកម្ពុជា មិនអន់នោះទេ។ កម្ពុជាមិនមែនគ្រាន់តែដោះស្រាយបញ្ហាផ្ទាល់ខ្លួនទេ យើងត្រូវមានការរួមចំណែក ហើយយើងក៏ត្រូវការធ្វើការប្រកួតប្រជែងទៅលើបញ្ហាសមត្ថភាព»។
ក្រសួងការពារជាតិកាលពីថ្ងៃម្សិលមិញបានចេញសេចក្ដីប្រកាសព័ត៌មានមួយបញ្ជាក់ថា តបតាមការអញ្ជើញរបស់ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Antonio Guterres ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ លោកទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ចេញទៅនៅថ្ងៃអង្គារនេះ ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីការពារជាតិស្ដីពីកិច្ចការរក្សាសន្ដិភាពអង្គការសហប្រជាជាតិឆ្នាំ ២០១៩ (2019 United Nations Peacekeeping Ministerial on Uniformed Capabilities, Performance and Protection) ដែលនឹងប្រព្រឹត្ដទៅនាថ្ងៃទី ២៩ ខែមីនា នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
សេចក្ដីប្រកាសព័ត៌មាន ថា កិច្ចប្រជុំនេះនឹងផ្ដល់វេទិកា និងបង្កើតសមត្ថភាពជំនាញចាំចាច់សម្រាប់ប្រតិបត្ដិការរក្សាសន្ដិភាពនាពេលបច្ចុប្បន្ន ក៏ដូចជាឆ្លុះបញ្ចាំងពីកិច្ចប្រឹងប្រែងពង្រឹងការងារនេះតាមរយៈគំនិតផ្គួចផ្ដើម សកម្មភាព សម្រាប់រក្សាសន្ដិភាព (Action for Peacekeeping “A4P”) របស់លោកអគ្គលេខាធិការ ដោយផ្ដោតលើសមត្ថភាពជំនាញ ការអនុវត្ដ និងការការពារជនស៊ីវិល។
សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «កិច្ចប្រជុំនឹងផ្ដោតលើលទ្ធផលនៃការពិភាក្សាក្នុងកិច្ចប្រជុំត្រៀមទាំង ៣ កន្លងមក ក្នុងទីក្រុង ម៉ងតេវីដេអូ (Montevideo) ទីក្រុងឡាអេ (The Hague) និងទីក្រុង អាឌីស អាបាបា (Addis Ababa)»។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ មិនអាចសុំការអធិប្បាយបន្ថែមបានទេ ពីម្សិលមិញ។
គួររំឭកថា ចាប់ពីឆ្នាំ ២០០៦ ដល់ខែមករា ឆ្នាំ ២០១៩ កម្ពុជាបានបញ្ជូនកម្លាំងសរុបប្រមាណជាង ៥ ៧៨៣ នាក់ ក្នុងនោះមានស្ត្រី ២៧៧ នាក់ ទៅចូលរួមបេសកកម្មរបស់ UN ដោយបច្ចុប្បន្នកម្ពុជា មានកម្លាំងប្រមាណ ១ ០០០ នាក់ កំពុងបំពេញបេសកកម្មនៅប្រទេសចំនួន ៤ រួមមាន ស៊ូដង់ខាងត្បូង អាហ្រ្វិកកណ្តាល លីបង់ និងម៉ាលី៕