ភ្នំពេញៈ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ច្រាន​ចោល​ការអះអាង​របស់​សហរដ្ឋ​អាមេរិក​ដែលថា រដ្ឋាភិបាល​កម្ពុជា​បាន​រំលោភសិទ្ធិ​មនុស្ស​នា​ឆ្នាំ​ ២០២០ ​ហើយ​បាន​ហៅ​របាយការណ៍​ដែល​ទើប​ចេញផ្សាយ​ថា​បាន​បង្កប់ន័យ​នយោបាយ ដែល​មិន​បង្ហាញ​ពី​ភាពជាក់ស្តែង​នៅ​កម្ពុជា​ ខណៈ​រដ្ឋាភិបាល​បាន​ខិតខំ​លុបបំបាត់​និទ្ទណ្ឌភាព និង​ស្តារ​សិទ្ធិមនុស្ស​។

ការឆ្លើយ​របស់​កម្ពុជា​នាពេល​នេះ បន្ទាប់ពី​ក្រសួង​ការបរទេស​អាមេរិក​បាន​ផ្សព្វផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ​លើក​ទី​៤៥ ​របស់​ខ្លួន​កាលពី​ថ្ងៃ​ ៣០ ​មីនា ស្តីពី​ការអនុវត្ត​សិទ្ធិមនុស្ស​នៅ​ទូទាំង​ពិភពលោក​សម្រាប់​ឆ្នាំ​ ២០២០ ​ក្នុង​នោះបាន​អះអាងថា ខ្លួន​បាន​រកឃើញ​អំពើ​និទ្ទណ្ឌភាព​បន្ត​កើតមាន និង​រីករាលដាល​ក្នុង​សង្គម​កម្ពុជា​។ ​ជាមួយ​នេះ​បាន​ចោទ​រដ្ឋាភិបាល​កម្ពុជា​ថា​បន្ត​រំលោភ​ និង​រឹតត្បិត​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​ និង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ផៃ ស៊ីផាន បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា របាយការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក​នេះ​គឺមាន​និន្នាការ​នយោបាយ​ដោយ​មិន​ឆ្លុះបញ្ចាំង​ការពិត​នៅ​កម្ពុជា​ឡើយ​។ ​

លោក​បាន​បញ្ជាក់ថា​៖ «​រដ្ឋាភិបាល​កម្ពុជា​ខំប្រឹង​ណាស់​ចំពោះ​ការលុបបំបាត់​និទ្ទណ្ឌភាព ប៉ុន្តែ​យើង​ឈរ​ទៅលើ​ការអនុវត្ត​តាម​នីតិរដ្ឋ ច្បាប់ ដូច្នេះ​ហើយ​ទើប​យើង​មាន​កំណែទម្រង់​ច្បាប់ ដើម្បី​ឆ្លើយតប​ទៅនឹង​ភាពថ្លៃថ្នូរ​នៃ​មនុស្សជាតិ សេរីភាព សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​»​។

ចំពោះ​ការអនុវត្ត​ច្បាប់​នា​ឆ្នាំ​ ២០២០ ​កន្លង​មក​នេះ ដែល​មិន​អនុញ្ញាត​ឱ្យ​មាន​ការប្រមូល​ផ្តុំ និង​ជួបជុំ លោក ផៃ ស៊ីផាន បាន​ពន្យល់ថា ទាំងនេះ​ដោយសារ​កម្ពុជា​បាន​គិតគូរ​ពី​សុខុមាលភាព សុខភាព​សាធារណៈ​ជា​ចម្បង ខណៈ​រដ្ឋាភិបាល​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូវីដ​ ១៩​។

ស្រដៀង​គ្នា​នេះដែរ អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​លោក ជិន ម៉ាលីន បាន​លើកឡើង​ថា ការចេញ​របាយការណ៍​របស់​អាមេរិក​រិះគន់​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​រដ្ឋ​អធិបតេយ្យ​មួយ វា​ជា​រឿង​ធម្មតា និង​អាច​ទទួល​យក​បាន​បើ​ការរិះគន់​នោះ​ធ្វើ​ឡើង​ដោយ​ផ្អែកលើ​ទិដ្ឋភាព​បច្ចេកទេស​នៃ​សិទ្ធិមនុស្ស​។ ​បញ្ហា​សិទ្ធិមនុស្ស​គ្មាន​ប្រទេស​ណាមួយ​អនុវត្តបាន​ល្អឥតខ្ចោះ​នោះទេ ហើយក៏​គ្មាន​ប្រទេស​ណាមួយ​អាច​ធ្វើជា​គ្រូ និង​ជា​គំរូ​សម្រាប់​ប្រទេស​ដទៃទៀត​បានដែរ ដោយសារ​តែ​បរិបទ​ខុសគ្នា​។

លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖ «​សូម្បីតែ​​អាមេរិក​ខ្លួនឯង​ក៏មាន​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​មិនតិច​ដែរ ហើយ​ត្រូវបាន​ប្រទេស​ដទៃទៀត​រិះគន់​យ៉ាង​ចាស់ដៃ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​​អង្គការ​សហប្រជាជាតិ​កន្លងមក​។

លោក​បាន​បន្តថា​៖ «​បើ​ការចេញ​​របាយការណ៍​រិះគន់​នេះ​ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន​បច្ចេកទេស​នៃ​សិទ្ធិមនុស្ស និង​ដើម្បី​តែ​ធ្វើ​នយោបាយ​ភារូបនីយកម្ម​លើ​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​រដ្ឋ​អធិបតេយ្យ​មួយ ដើម្បី​សម្រេចបាន​នូវ​មហិច្ឆតា និង​ផលប្រយោជន៍​ភូមិសាស្ត្រ​​នយោបាយ​តំបន់​របស់ខ្លួន​នោះ រដ្ឋ​អធិបតេយ្យ​ដទៃទៀត​គេ​នឹង​មិនអាច​ទទួល​យក​បាន​នោះទេ​»​។

យ៉ាងណាក្ដី នាយករង​អង្គការ​លីកាដូ​​លោក អំ សំអាត បាន​មើលឃើញ​ថា ជារឿយៗ​រដ្ឋាភិបាល​កម្ពុជា​តែង​ច្រានចោល​របាយការណ៍​របស់​សហគមន៍​​អន្តរជាតិ​ដែល​បាន​រកឃើញ​បញ្ហា​រំលោភ​​សិទ្ធិមនុស្ស​នៅ​កម្ពុជា ខណៈ​ដែល​ករណីនេះ​គួរតែ​ទទួលយក​មតិ​រិះគន់​ដើម្បី​ស្ថាបនា និង​ធ្វើឱ្យ​ស្ថានភាព​សិទ្ធិមនុស្ស​កាន់តែ​ប្រសើរឡើង​។

លោក​បាន​កត់សម្គាល់​ថា បញ្ហា​សិទ្ធិ​​មនុស្ស​កម្ពុជា​មាន​ការធ្លាក់ចុះ​កាលពី​ប៉ុន្មាន​ឆ្នាំមុន ជាពិសេស​កាលពី​ឆ្នាំ​ ២០២០ ដែល​មាន​ការរឹតត្បិត​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ក្នុង​ការជួបជុំ និង​សម្តែង​មតិ​។

លោក​ថា​៖ «​ក្នុងពេល​អំឡុង​កូវីដ ​១៩​ ស្ថានភាព​សិទ្ធិមនុស្ស​មាន​ការធ្លាក់ចុះ​បន្ថែមទៀត ហើយ​អ្វីដែល​សហរដ្ឋ​អាមេរិក​បាន​លើកឡើង​ទាក់ទង​នឹង​ការផ្តល់​ភាពយុត្តិធម៌​ដល់​ជនរងគ្រោះ និង​ការស៊ើបអង្កេត​រក​ជន​ដៃដល់​មួយចំនួន​នៅ​មិន​ទាន់​បានបង្ហាញ​លទ្ធផល​នៅឡើយ​ទេ​»​។

ដោយឡែក​ករណី​ចាប់ខ្លួន និង​ឃុំខ្លួន​សកម្មជន​បរិស្ថាន និង​សកម្មជន​អតីត​គណបក្សប្រឆាំង​កន្លង​មក​លោក អំ សំអាត បាន​ថ្លែងថា ករណីនេះ​ហាក់ដូចជា​មិន​សម​ហេតុផល​ និង​ធ្វើឱ្យ​ប៉ះពាល់​សិទ្ធិសេរីភាព​មូលដ្ឋាន​ពលរដ្ឋ​។

លោក​ថា​៖ «​ចំណុច​នេះ​អាជ្ញាធរ​កម្ពុជា​​តែង​បញ្ជាក់ថា ការចាប់​ឃុំខ្លួន​នេះ​គឺ​អនុវត្ត​ទៅតាម​ច្បាប់​កម្ពុជា ប៉ុន្តែ​បើ​មើល​ទៅលើ​អ្នកជំនាញ​សិទ្ធិមនុស្ស និង​បណ្តា​ប្រទេស​សេរី​មួយចំនួន​គេ​មើល​​ទៅ​ថា ជាការ​រំលោភបំពាន​ទៅលើ​សេរីភាព​ជា​មូលដ្ឋាន​ពលរដ្ឋ​ដែលមាន​ចែង​​ក្នុង​បទដ្ឋាន​អន្តរជាតិ​ស្តីពី​សិទ្ធិមនុស្ស​​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​»​។

សូមជម្រាបថា កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២១ គណៈកម្មាធិការ​សិទ្ធិមនុស្ស​​កម្ពុជា​ក៏បាន​ចេញ​សេចក្តី​ប្រកាស​​ព័ត៌មាន​អំពី​ស្ថានភាព​សិទ្ធិមនុស្ស និង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០ ​ផងដែរ ដើម្បី​ឆ្លើយតប​ទៅនឹង​ការរិះគន់​ និង​របាយការណ៍​ដែល​បាន​ចោទប្រកាន់​មកលើ​រដ្ឋាភិបាល​កម្ពុជា​។

សេចក្តីប្រកាស​ព័ត៌មាន​នេះ​បាន​លើកឡើង​ថា របាយការណ៍​លម្អៀង និង​គ្មាន​មូលដ្ឋាន​របស់​ក្រុម និង​អង្គការ​ស្ថាប័ន​​មួយចំនួន​ដែលមាន​និន្នាការ​ប្រឆាំងនឹង​រដ្ឋាភិបាល​មិន​បាន​ឆ្លុះបញ្ចាំង​ពី​​ការពិត​នៅ​កម្ពុជា​នោះទេ​។ ​របាយការណ៍​ទាំងនេះ​គ្រាន់តែ​ប្រមូល​បូកសរុប​​នូវ​ព្រឹត្តិការណ៍ និង​ធ្វើការ​សន្និដ្ឋាន​តែ​លើ​រូបភាព​ខាងក្រៅ​តែប៉ុណ្ណោះ​​ពោលគឺ​មិនបាន​សិក្សា​លើ​មូលហេតុ​លម្អិត​ដែលនាំឱ្យ​កើតមាន​ព្រឹត្តិការណ៍​នីមួយៗ​លើ​ទិដ្ឋភាព និង​នីតិវិធី​ច្បាប់​ និង​អង្គហេតុ​នោះទេ​។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​គូសបញ្ជាក់​ថា ទោះបីជា​ដឹង​យ៉ាងច្បាស់​ថា វិធានការ​របស់​ប្រទេស និង​ស្ថាប័ន​អន្តរជាតិ​មួយចំនួន​មកលើ​កម្ពុជា​មាន​ភាពលម្អៀង អយុត្តិធម៌​មាន​ស្តង់ដា​ ២ មកលើ​កម្ពុជា​យ៉ាងណា​ក៏ដោយ ក៏​កម្ពុជា​នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រប់​យន្តការ​អន្តជាតិ​ ​និង​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ការបរទេស​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​ដទៃ​៕

វីដេអូ៖