ភ្នំពេញៈ ក្រសួង​យុត្តិធម៌ និង​ក្រសួងមហាផ្ទៃ​ឆ្លើយតប​ចំពោះ​ករណី​ចាប់ខ្លួន លោក រ៉ុង ឈុន ទៅ​នឹង​ក្ដីបារម្ភ​របស់​អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ដែល​ទទួល​ព័ត៌មាន​ថា ការចាប់​ខ្លួន​ធ្វើឡើង​តាម​ទំនើងចិត្ត​។ ក្រសួង​ទាំង​ ២ ​បញ្ជាក់ថា ការចាប់ខ្លួន​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​កម្ពុជា ដោយ​ហេតុថា​បុគ្គល​រូបនេះ​ព្យាយាម​ធ្វើឱ្យ​មាន​ការយល់ច្រឡំ​ដល់​មតិ​ជាតិ និង​អន្តរជាតិ និង​បង្ក​ភាពចលាចល​ក្នុងសង្គម​។

ការឆ្លើយតប​នេះ​ធ្វើ​ឡើង​តាមរយៈ​លិខិត​របស់​ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្ស៊ឺណែវ​ចុះ​ថ្ងៃទី​ ៣០ តុលា ដែល​ត្រូវបាន​ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា (OHCHR) ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​ ៤ វិច្ឆិកា​។

នៅក្នុង​លិខិត​ឆ្លើយតប​នេះ​ក៏​ធ្វើឡើង​បន្ទាប់ពី​អ្នករាយការណ៍​ពិសេស​ចំនួន​ ៤ ​រូប​រួមទាំង​លោកស្រី រ៉ូណា ស្ម៊ីត និង​ក្រុមការងារ​ប្រឆាំង​ការចាប់ខ្លួន​តាម​ទំនើងចិត្ត​បាន​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពន្យល់​អំពី​អង្គហេតុ និង​អង្គច្បាប់​ករណី​លោក​ រ៉ុង ឈុន​។

កាលពី​ថ្ងៃទី​ ១៧ ខែ​តុលា OHCHR បាន​ផ្សព្វផ្សាយ​លិខិត​របស់​ក្រុម​អ្នករាយការណ៍​ពិសេស​ខាងលើ​ដែល​ក្នុង​លិខិត​នោះ ក្រុម​អ្នករាយការណ៍​ពិសេស​បញ្ជាក់​ថា ពួកគេ​បាន​ទទួល​ព័ត៌មាន​ថា លោក រ៉ុង ឈុន ត្រូវ​បាន​ចាប់ខ្លួន​នៅ​យប់​ថ្ងៃទី​ ៣១ ខែ​កក្កដា ដោយ​មនុស្ស​ប្រមាណ​ ៣០ ​នាក់​ដោយ​គ្មាន​ដីកា​។ ការចាប់ខ្លួន​ធ្វើឡើង​បន្ទាប់ពី​លោក​ រ៉ុង ឈុន បាន​បង្ហាញ​ក្ដីបារម្ភ​ពី​ការរាយការណ៍​ថា មាន​ការរំលោភ​ដីធ្លី​នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម​។

ក្រុម​អ្នករាយការណ៍​ពិសេស​មាន​ក្ដីបារម្ភ​ថា ការចាត់ទុក​សម្ដី​របស់​លោក រ៉ុង ឈុន ជា​បទល្មើស​នោះ​ហាក់ដូចជា​មិន​ស្រប​ទៅ​តាម​ស្មារតី​នៃ​មាត្រា​ ១៩ ​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទិ្ធ​ពលរដ្ឋ និង​សិទិ្ធ​នយោបាយ ហើយ​ការចាប់ខ្លួន​នេះ​ប្រហែល​មិន​ធ្វើឡើង​តាម​ស្តង់ដា​ដែល​ចែង​អំពី​បទល្មើស​ជាក់ស្ដែង​ទេ ហើយ​ប្រហែល​ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ​។

ក្រុម​អ្នករាយការណ៍​ពិសេស​បាន​សរសេរ​ថា​៖ «​សូម​ផ្ដល់​ព័ត៌មាន​អំពី​អង្គហេតុ​និង​អង្គច្បាប់​សម្រាប់​ការចាប់ និង​ឃុំខ្លួន​លោក រ៉ុង ឈុន និង​ថា តើ​អង្គហេតុ​និង​អង្គច្បាប់​នេះ​ស្រប​ទៅ​នឹង​គោលការណ៍ និង​ស្ដង់ដា​អន្តរជាតិ​លើ​បញ្ហា​សិទ្ធិមនុស្ស​យ៉ាង​ដូចម្ដេច​អំពី​សេរីភាព​នៃ​ការបញ្ចេញមតិ និង​សេរីភាព​នៃ​ការចូលរួម​ក្នុង​កិច្ចការ​សាធារណៈ​»​។

ក្រុម​អ្នករាយការណ៍​ពិសេស​បន្តថា​៖ «​សូម​ផ្ដល់ព័ត៌មាន​បន្ថែម​អំពី​ភាពសមាមាត្រ​នៃ​ការចាប់ខ្លួន​នេះ​ទៅ​នឹង​សិទ្ធិសេរីភាព និង​សន្តិសុខ​បុគ្គល រួមមាន​ទាំង​ការបញ្ជាក់​ពី​ការចាប់ខ្លួន និង​ហេតុផល​នៃ​ការចាប់ខ្លួន​»​។

ឆ្លើយតប​នឹង​ក្ដីបារម្ភ​នេះ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា​លោក រ៉ុង ឈុន ត្រូវបាន​ចាប់ខ្លួន​ដោយ​មាន​ការសម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​បន្ទាប់មក​ក៏​ត្រូវបាន​ឃុំខ្លួន​ដោយ​មាន​ការសម្រេច​ពី​ចៅក្រម​ស៊ើបសួរ​។

ក្រសួង​បន្តថា លោក​ រ៉ុង ឈុន បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ភ្ជាប់​ជាមួយ​នឹង​វីដេអូឃ្លីប​ដែល​រៀបរាប់​ពី​សកម្មភាព​របស់​លោក​នៅ​តាម​ព្រំដែន ដោយ​មាន​បំណង​ញុះញង់​ឱ្យ​បាត់​សណ្ដាប់ធ្នាប់​សង្គម ចលាចល ដែល​បង្ក​ឱ្យ​មាន​ភាពវឹកវរ​ក្នុង​សង្គម​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​សណ្ដាប់ធ្នាប់​សាធារណៈ​។

ក្រសួង​មហាផ្ទៃ​បញ្ជាក់ថា​៖ «​នគរបាល​មាន​កាតព្វកិច្ច​ចូលរួម​ក្នុង​ការរក្សាសន្តិសុខ​សង្គម និង​សណ្ដាប់ធ្នាប់​សាធារណៈ ដើម្បី​ជា​ប្រយោជន៍​ជាតិ​ និង​ដើម្បី​សន្តិភាព​សម្រាប់​ប្រជាពលរដ្ឋ​»​។

ចំណែក​ក្រសួង​យុត្តិធម៌​បាន​បកស្រាយ​ថា ការចាប់ខ្លួន​លោក រ៉ុង ឈុន ធ្វើឡើង​ស្របតាម​មាត្រា​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​របស់​កម្ពុជា​គ្រប់​ដំណាក់កាល​។ លោក ​រ៉ុង ឈុន បាន​បំភ្លៃ​ព័ត៌មាន​អំពី​ការបោះបង្គោល​ខណ្ឌ​សីមា​ព្រំដែន​កម្ពុជា-វៀតណាម ដោយ​មាន​បំណង​ធ្វើឱ្យ​មតិ​សាធារណជន​យល់​ខុស និង​ញុះញង់​ឱ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ និង​ភាពវឹកវរ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។

ក្រសួង​យុត្តិធម៌​បាន​បញ្ជាក់ថា​៖ «​ខ្លឹមសារ​នៃ​ឯកសារ​ដែល​លោក រ៉ុង ឈុន បានចែកចាយ​ព្យាយាម​ធ្វើឱ្យ​មតិ​ជាតិ និង​អន្តរជាតិ​មាន​ការយល់ច្រឡំ ក៏ដូចជា​បង្ក​ចលាចល​សង្គម​»៕

វីដេអូ៖