
អ្នកជំនាញកម្ពុជា-ចិនបាញ់ថ្នាំកម្ចាត់មេរោគកូវីដ១៩ នៅខេត្តព្រះសីហនុ កាលពីខែឧសភា។ រូប រដ្ឋបាលខេត្តព្រះសហីនុ
ភ្នំពេញៈ កម្ពុជាត្រូវបានវាយតម្លៃលើសមត្ថភាពខ្ពស់ដែលអាចគ្រប់គ្រងស្ថានភាពនៃវិបត្តិជំងឺកូវីដ ១៩ និងផលប៉ះពាល់ពីជំងឺនេះក្នុងចំណាត់ថ្នាក់ល្អជាងគេនៅលើពិភពលោកក្នុងចំណោមប្រទេសចំនួន ១៦៦ និងជាប់លេខ ១ នៅអាស៊ី។ នេះបើតាមការិយាល័យចក្ខុវិស័យសេដ្ឋកិច្ចនៃប្រទេសសេណេហ្គាល់។
តាមរយៈការិយាល័យចក្ខុវិស័យ សេដ្ឋកិច្ចនៃប្រទេសសេណេហ្គាល់ (Le Bureau de Prospective Economique) លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងកាលពីថ្ងៃទី ២១ វិច្ឆិកា ថា ការិយាល័យចក្ខុវិស័យនេះបានធ្វើការសិក្សាផ្អែកលើទិន្នន័យ ដែលមានដាក់ការផ្សាយជាប្រចាំពីអង្គការសុខភាពពិភពលោកក៏ដូចជាទិន្នន័យពីបណ្តាប្រទេសទាំងអស់នៅលើពិភពលោក។
ការវាយតម្លៃនេះបានស្រង់យកទិន្នន័យ ដែលអាចយកមកប្រើប្រាស់បានពីបណ្តាប្រទេសចំនួន ១៦៦ លើពិភពលោក។ ក្នុងនោះកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងពិភពលោកក្នុងចំណោមប្រទេស ១៦៦ និងលេខ ១ នៅអាស៊ីជាប្រទេសមានស្ថានភាពគ្រប់គ្រងជំងឺកូវីដ ១៩ និងផលប៉ះពាល់ពីជំងឺបានល្អជាងគេ។
លោកស្រីថ្លែងថា៖ «ការវាយតម្លៃនេះគឺវាយតម្លៃដោយផ្អែកទៅលើស្ថានភាពនៃការចម្លងជំងឺនៅក្នុងប្រទេស។ និយាយឱ្យចំគឺចំនួនអ្នកជំងឺដែលឆ្លងកូវីដ ១៩ លទ្ធភាពនៃការព្យាបាលជាសះស្បើយ ហើយ និងការពិនិត្យទៅលើចំនួនអ្នកស្លាប់នៅតាមបណ្តាប្រទេសនីមួយៗ»។
អ្នកនាំពាក្យរូបនេះបន្តថា ទន្ទឹមនឹងនោះក៏មានការវាយតម្លៃទៅលើភាពធន់ទ្រាំបានក្នុងយុទ្ធនាការប្រតិបត្តិការដែលបានដាក់ចេញនៅតាមបណ្តាប្រទេសនីមួយៗ ហើយជាពិសេសក៏គេធ្វើការពិនិត្យទៅលើភាពជាអ្នកដឹកនាំនៅតាមបណ្តាប្រទេសផងដែរ។
បើតាមលោកស្រីគឺប្រទេសកម្ពុជាក៏មានការលើកឡើងក្នុងអត្ថបទរបស់គេផងដែរ នោះគឺពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា នេះ តែម្តងដោយរបាយការណ៍នេះលើកឡើងថា ប្រទេសកម្ពុជាមានការចាត់ចែង គ្រប់គ្រងបានល្អប្រសើរ។ ថ្នាក់ដឹកនាំពីប្រមុខរាជរដ្ឋាភិបាល លោកមានភាពវៃឆ្លាត និងភាពរឹងមាំ ដោយបានចាត់ចែងរៀបចំបានល្អប្រសើរ ហើយការឆ្លើយតបបានលឿនដែលធ្វើឱ្យប្រទេសកម្ពុជាអាចគ្រប់គ្រងទៅលើព្រឹត្តិការណ៍ ៣ វិច្ឆិកានេះបានល្អជាទីបំផុត។
លោកស្រី ឱ វណ្ណឌីន ថ្លែងទៀតថា៖ «នេះគឺជាមោទនភាពមួយរបស់ប្រទេសកម្ពុជាដែលមានប្រមុខដឹកនាំ គឺនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកមានទស្សនវិស័យ និងបេះដូងធំទូលាយពិតប្រាកដ ហើយក៏ជាបេះដូងមនុស្សធម៌។ លោកតែងតែគិតគូរដល់សុខភាពរបស់ប្រជាពលរដ្ឋ និងបានដាក់ចេញនូវវិធានការត្រឹមត្រូវ និងទាន់ពេលវេលាផងដែរ»។
ជាមួយគ្នានេះផងដែរលោកវេជ្ជបណ្ឌិត តាក់កឺស៊ី កាសៃ (Dr. Takeshi Kasai) អគ្គនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិក និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Dr. Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបានផ្ញើសារតាមរយៈបណ្តាញទំនាក់ទំនង Twitter របស់ខ្លួនចូលរួមអបអរសាទរ និងកោតសរសើរកម្ពុជាដែលបានឆ្លើយតបបានយ៉ាងល្អប្រសើរចំពោះ «ព្រឹត្តិការណ៍ ៣ វិច្ឆិកា» កន្លងទៅនេះ។
លោកវេជ្ជបណ្ឌិត តាក់កឺស៊ី កាសៃ បានសរសេរថា សុខភាពសមូហភាពគឺផ្អែកលើការដឹកនាំរឹងមាំ និងសកម្មភាពរបស់បុគ្គលផ្ទាល់នីមួយៗ។
លោកសរសេរថា៖ «ខ្ញុំសូមកោតសរសើរប្រទេសកម្ពុជាចំពោះសកម្មភាពសម្រេចចិត្តរបស់ខ្លួនក្នុងការគ្រប់គ្រងក្រុមចង្កោមដែលពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចការទូត ៣ វិច្ឆិកា និងមេដឹកនាំរដ្ឋាភិបាលសម្រាប់ជាគំរូល្អក្នុងការអនុវត្តសុខភាពសាធារណៈ»។
ចំណែកលោកស្រីវេជ្ជបណ្ឌិត លី អាយលែន ក៏បានអបអរសាទរចំពោះប្រទេសកម្ពុជាដែលបានគ្រប់គ្រងស្ថានការណ៍នៃព្រឹត្តិការណ៍ ៣ វិច្ឆិកាបានយ៉ាងល្អដើម្បីរក្សាសុវត្ថិភាពដល់ប្រទេសកម្ពុជា។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានផ្ញើលិខិតថ្លែងអំណរគុណដល់លោកវេជ្ជបណ្ឌិត តាក់កឺស៊ី សម្រាប់ការអបអរសាទរនេះ។ លោកសង្ឃឹមថា អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចនឹងផ្តល់ការគាំទ្របន្ថែមទៀតដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាសុខភាពដែលជាគុណប្រយោជន៍ដល់ប្រជាជនកម្ពុជា។
បើយោងតាមក្រសួងសុខាភិបាលពីម្សិលមិញ កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូរ៉ូណាលើបុរសជនជាតិខ្មែរម្នាក់អាយុ ២៧ ឆ្នាំដែលមានអាសយដ្ឋានក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ បុរសរូបនេះបានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងមកដល់ប្រទេសកម្ពុជាថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២០។
ក្រសួងក៏បានបញ្ជាក់ថា លទ្ធផលធ្វើតេស្តវត្ថុសំណាកលើបុរសរូបនេះជាការធ្វើតេស្តលើកទី ៤ នៅថ្ងៃទី ១៣ នៃការធ្វើចត្តាឡីស័ករបស់គាត់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយបច្ចុប្បន្នអ្នកជំងឺរូបនេះត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
របាយការណ៍របស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃម្សិលមិញ ប្រទេសកម្ពុជា មានអ្នកមានវីរុសកូរ៉ូណាចំនួន ៣០៦ នាក់ (ស្រី ៦០ នាក់) ដែលក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ២៩៥ នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ១១ នាក់៕
វីដេអូ៖