ភ្នំពេញៈ ស្ថានទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​បាន​អន្តរាគមន៍​ជួយ​ពលករ​ខ្មែរ​ម្នាក់​ ដើម្បី​ទទួលបាន​កិច្ចគាំពារ​ផ្នែក​សុខភាព និង​កំពុង​ស្រាវជ្រាវ​ករណី​បាត់​ខ្លួន​ស្ត្រី​ខ្មែរ​ម្នាក់ ដោយ​គ្មាន​មូលហេតុ បន្ទាប់ពី​បាន​រៀបការ​ទៅ​រស់នៅ​ប្រទេស​កូរ៉េ​បាន​ ២ ​ខែ​។ នេះ​បើតាម​លោក​ ឡុង ឌីម៉ង់ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ពី​ម្សិលមិញ​។

លោក​ ឡុង ឌីម៉ង់ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា កាលពី​ថ្ងៃទី​ ២២ ​កុម្ភៈ ​ក្រុមមន្ត្រី ស្ថានទូត ទទួលបន្ទុក​ផ្នែក​ការងារ​គ្រប់គ្រង​ពលករ​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ បាន​អន្តរាគមន៍​ជួយ​បុរស​ជា​ពលករ​ខ្មែរ​ម្នាក់​ដែល​បម្រើ​ការងារ​ក្នុង​រោងចក្រ​ផលិត​គ្រឿងបន្លាស់​ និង​ដំឡើង​ទូទឹកកក​ ១ ​កន្លែង​ស្ថិតក្នុង​តំបន់ Gimhae ភាគខាងត្បូង​ទីក្រុង Busan ដើម្បី​ឲ្យ​ពលករ​រូបនោះ​ទទួលបាន​កិច្ច​គាំពារ​ព្យាបាល​ជំងឺ​ដូច​ពលករ​ដទៃទៀត​។

លោក​បញ្ជាក់ថា​៖ «​តាម​សេចក្ដី​រាយការណ៍​ដែល​ក្រុមការងារ​យើង​ទទួលបាន ពលករ​ខ្មែរ​ដែល​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​នោះ​មាន​ចំនួន​ ៧ ​នាក់​ ក្នុងនោះ​មាន​ម្នាក់​មាន​ជំងឺ​បាត់បង់​ផ្នែក​សតិ​ស្មារតី​»​។

ទោះជា​យ៉ាងណា ពលករ​ខ្មែរ​មាន​ជំងឺ​នោះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បញ្ចេញ​នូវ​អត្តសញ្ញាណ​ឡើយ​។

លោក​បន្តថា​៖ «​ពលករ​រូបនោះ​បាន​ធ្វើឲ្យ​បាត់បង់​នូវ​ឯកសារ​សំខាន់ៗ​មួយចំនួន ដូចជា លិខិត​ឆ្លងដែន និង​បណ្ណ​សម្គាល់​ខ្លួន​នៅ​កន្លែង​ការងារ​របស់គាត់​ដែល​ធ្វើឲ្យ​គាត់​ពុំ​អាច​ចេញ​ទៅរក​សេវា​ព្យាបាល​សុខភាព​របស់គាត់​បាន​។ ប៉ុន្តែ នៅពេលនេះ​គាត់​អាច​ទៅ​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ​សុខភាព​ និង​បើក​ថ្នាំ​យកមក​លេប​នៅផ្ទះ​បាន​ហើយ​»​។

បើតាម​ឯកអគ្គរាជទូត​រូបនេះ ក្រុម​អនុព័ន្ធ​ទទួលបន្ទុក​ការងារ​ពលករ​បានស្នើ​ឲ្យ​ភាគី​ថៅកែ​រោងចក្រ​ព្រមទាំង​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​រោងចក្រ​នោះ​ជួយ​មើលថែទាំ និង​នាំ​ពលករ ដែល​មាន​ជំងឺ​នោះ​ទៅ​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ​ព្យាបាល និង​បើក​ថ្នាំ​យកមក​លេប​នៅផ្ទះ​ដែល​គាត់​កំពុងស្នាក់នៅ​ក្នុងប្រទេស​កូរ៉េ​ជា​បណ្ដោះអាសន្ន​។ ក្រុមការងារ​ក៏បាន​ផ្ដល់​ដំណឹង​ទៅ​ក្រុមការងារ​ពាក់ព័ន្ធ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ជួយ​ទាក់ទង​ និង​ផ្ដល់ដំណឹង​ទៅ​គ្រួសារ​របស់គាត់​ និង​ដើម្បី​ឲ្យ​គ្រួសារ​របស់គាត់​ទាក់ទង​ត្រឡប់មក​ក្រុមការងារ​ស្ថានទូត​តាមរយៈ​អ្នកធ្វើការ​ជាមួយ​ពលករ​នោះ​វិញ​។

លោក​ ឡុង ឌីម៉ង់ ​បន្ថែមថា​៖ «​នៅពេល​ស្ថានភាព​ជំងឺ​របស់គាត់​មាន​ភាពល្អប្រសើរ​ឡើងវិញ​នោះ ក្រុម​ការងារ​យើង​នឹង​ជួយ​សម្របសម្រួល​ធ្វើលិខិត​បើកផ្លូវ​ដើម្បី​ឲ្យ​គាត់​បាន​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​»​។

លោក​ ឌីម៉ង់ ឲ្យ​ដឹង​ទៀតថា​កាលពី​ថ្ងៃទី​ ២២ ​កុម្ភៈ​ក្រៅពី​ជួយ​សម្រួល​ឲ្យ​ពលករ​ខ្មែរ​រូបនោះ​ទទួល​បាន​កិច្ចគាំពារ​ផ្នែក​សុខភាព ក្រុមការងារ​ស្ថានទូត​ក៏បាន​ទាក់ទង​ភ្លាមៗ​ទៅ​គ្រប់ភាគី​ពាក់ព័ន្ធ ទាំង​នៅ​កូរ៉េ និង​នៅ​កម្ពុជា​ដើម្បី​ជួយ​ស្វែងរក​ស្ត្រី​ខ្មែរ ម្នាក់​ឈ្មោះ​ ឌុច រតនា អាយុ​ ២១ ​ឆ្នាំ​ដែល​បាន​បាត់​ខ្លួន​ពី​គេហដ្ឋាន​ខាង​ប្ដី​របស់​នាង​ក្នុង​ទីក្រុង​ Seoul​។

លោក​ថ្លែងថា​៖ «​តាម​សេចក្ដី​ជូនដំណឹង​របស់​អាជ្ញាធរ​ក្រុង Seoul ​ដែល​ក្រុមការងារ​យើង ទទួល​បាន​កាលពី​ព្រឹក​ថ្ងៃទី​ ២២ ​កុម្ភៈ ឆ្នាំ​ ២០២១ អ្នកស្រី​ ឌុច រតនា ទើបបាន​ទៅ​រស់នៅ​ប្រទេស​កូរ៉េ​ក្នុង​រយៈពេល​ ២ ​ខែ​ប៉ុណ្ណោះ ហើយ​គាត់​បាន​បាត់​ខ្លួន​ពី​ផ្ទះ​ដោយ​គ្មាន​មូលហេតុ​រយៈពេល​ ២៣ ​ថ្ងៃ​មកហើយ​»​។

លោក​បាន​អំពាវនាវ​ដល់​អ្នកស្រី​ ឌុច រតនា ឬ​ក្រុមគ្រួសារ​សាច់ញាតិ​អ្នកស្រី​នៅ កម្ពុជា​ជួយផ្ដល់​ព័ត៌មាន​មក​ស្ថានទូត ជាបន្ទាន់ ករណី​កំពុង​រស់នៅ​ដោយ​លាក់ខ្លួន​ ឬ​បាន​ត្រឡប់​ដល់​ប្រទេស​កម្ពុជា ​វិញ​ ដើម្បី​ឲ្យ​ក្រុមការងារ​ស្ថានទូត​បាន​ជួយ​អន្តរាគមន៍​តាមផ្លូវ​ច្បាប់​ទាន់​ពេលវេលា​៕