
រដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន ថ្លែងក្នុងពិធីបើកទិវា ASEM Day ម្សិលមិញនៅមុខវត្តបទុមវតី។ ហេង ជីវ័ន
ភ្នំពេញៈ ដោយកំពុងត្រៀមខ្លួន ដើម្បីធ្វើជាម្ចាស់ផ្ទះលើកដំបូងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី ១៣ នៅថ្ងៃទី ១៦-១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ និងចាត់ទុកកិច្ចប្រជុំកំពូលនាពេលខាងមុខជាប្រវត្តិការទូតមួយគឺកម្ពុជាក៏សម្រេចដាក់ចេញនូវមូលបទការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា សម្រាប់កិច្ចប្រជុំនោះ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិប្រកាសថា កម្ពុជាបានសម្រេចដាក់ចេញនូវមូលបទ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា» សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនាពេលខាងមុខ។
លោកបានថ្លែងថា៖ «យើងជ្រើសរើសមូលបទនេះ ដោយសារតែភាពពាក់ព័ន្ធរបស់វាត្រូវនឹងពេលបច្ចុប្បន្ននេះ។ ប្រព័ន្ធពហុភាគីនិយមកំពុងរងសម្ពាធយ៉ាងខ្លាំងដោយសារតែការកើនឡើងនូវឯកតោភាគីនិយម ការគាំពារនិយម និងនយោបាយប្រជាភិថុតិនិយមដែលបានបង្កឱ្យមានការគំរាមកំហែង និងមានភាពមិនប្រាកដប្រជាដល់សេដ្ឋកិច្ចសកល»។
រដ្ឋមន្ត្រីការបរទេសរូបនេះបន្ថែមទៀតថា៖ «យើងក៏បានមើលឃើញផងដែរពីការធ្លាក់ចុះនៃការប្ដេជ្ញាចិត្តរបស់ប្រទេសមួយចំនួនក្នុងការពង្រឹងពហុភាគីនិយម។ ប្រទេសខ្លះទៀតបានងាកចេញពីការស្វែងរកដំណោះស្រាយពហុភាគីនិយម»។
លោក ប្រាក់ សុខុន បានបន្តថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះនឹងជំរុញបំណងប្រាថ្នា និងអត្ថប្រយោជន៍រួមរបស់ដៃគូកិច្ចប្រជុំអាស៊ី-អឺរ៉ុប ឬហៅថា ASEM ទាំងអស់បន្ថែមទៀតឱ្យបន្តផ្ដោតលើការកសាងភាពជាដៃគូអាស៊ី-អឺរ៉ុបដ៏រឹងមាំរស់រវើក និងគ្រប់ជ្រុងជ្រោយ។
កាលពីថ្ងៃម្សិលមិញលោករដ្ឋមន្ត្រីការបរទេសបានចូលរួមប្រកាសបើកទិវា ASEM Day នៅខាងមុខវត្តបទុមវតី ដើម្បីផ្សព្វផ្សាយទៅដល់សាធារណជន អំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប។ វេទិកាដែលមានការប្រគំតន្ត្រី និងការតាំងពិព័រណ៍នេះគឺមានការចូលរួមពីយុវជន សិស្ស និស្សិត និងមន្ត្រីរាជរដ្ឋាភិបាលមកពីតាមបណ្ដាក្រសួង ស្ថាប័ន និងមកពីរដ្ឋសភាជាដើម។
លោក ប្រាក់ សុខុន បន្ថែមថាកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបមិនមែនមានសារៈសំខាន់សម្រាប់តែកម្ពុជានោះទេ ប៉ុន្តែគឺសំខាន់សម្រាប់ទ្វីបអាស៊ី-អឺរ៉ុប និងពិភពលោកទាំងមូល ខណៈបញ្ហានានា ដូចជា ការផ្ទុះឡើងវីរុស Covid-19 រួមទាំងការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ ការបំពុលបរិស្ថាន ទេសន្តរប្រវេសន៍ខុសច្បាប់ ការគំរាមកំហែងមិនមែនប្រពៃណី ភេរវកម្ម និងអំពើជ្រុលនិយមបែបហិង្សាមិនអាចដោះស្រាយបានដោយប្រទេសតូចតែមួយ ឬដោយប្រទេសធំដែលមានធនធានច្រើនក៏ដោយ។
កម្ពុជាបានក្លាយជាដៃគូកិច្ចប្រជុំអាស៊ី-អឺរ៉ុបកាលពីឆ្នាំ ២០០៤ ដែលការចូលរួមនេះ គឺមានសារៈសំខាន់សម្រាប់ផ្នែកនយោបាយ សេដ្ឋកិច្ច និងវប្បធម៌របស់កម្ពុជា។
លោក ប្រាក់ សុខុន ក៏បានបញ្ជាក់ថា បច្ចុប្បន្ន កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប គឺមានដៃគូចំនួន ៥៣ ប្រទេសដែលតំណាងឱ្យ ៦៥% នៃសេដ្ឋកិច្ចពិភពលោក ៦០% នៃប្រជាជនពិភពលោក ៥៥% នៃពាណិជ្ជកម្មពិភពលោក និង ៧៥% នៃទេសចរណ៍ពិភពលោក។
លោក ឈាង វុន សមាជិករដ្ឋសភាបានថ្លែងនៅក្នុងកម្មវិធីបើក ASEM Day ពីម្សិលមិញថា រដ្ឋសភានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី ១១ គឺពីថ្ងៃទី ២៦-២៧ ខែតុលានៅសណ្ឋាគារសុខារ៉េស៊ីដង់ រាជធានីភ្នំពេញក្រោមមូលបទ «ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្ដិភាព និងការអភិវឌ្ឍដោយចីរភាព»។
ក្រៅពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អមធំៗចំនួន ៨ រយៈពេលពេញ ១ ឆ្នាំដូចជាកិច្ចប្រជុំភាពជាដៃគូអាស៊ី-អឺរ៉ុបវេទិកាធុរកិច្ច និងសេដ្ឋកិច្ចអាស៊ី- អឺរ៉ុប។ កិច្ចប្រជុំកំពូលនៃអ្នកដឹកនាំវ័យក្មេងរបស់មូលនិធិអាស៊ី-អឺរ៉ុប។ កិច្ចពិភាក្សាតុមូលអ្នកសារព័ត៌មាននៃមូលនិធិអាស៊ី-អឺរ៉ុប វេទិកាការងារអាស៊ី-អឺរ៉ុប។ វេទិកាប្រជាជនអាស៊ី-អឺរ៉ុប មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប និងវេទិកាស្ដីពីស្ដ្រីក្នុងការរក្សា សន្ដិភាព និងសន្ដិសុខ។
ទោះយ៉ាងណាមកដល់ពេលនេះកិច្ចប្រជុំជាច្រើនត្រូវបានលុបចោល និងលើកពេល ដោយសារការផ្ទុះឡើងនៃវីរុស Covid-19 ដូចជាលើកពេលកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅឡាសវេហ្គាស និងកិច្ចប្រជុំចង្អៀតឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប ដែលត្រូវធ្វើឡើងនៅខេត្តសៀមរាបកាលពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧។
កាលពីចុងខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនាពេលខាងមុខនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំបំផុតក្នុងប្រវត្តិសាស្ដ្រការទូតរបស់ប្រទេសកម្ពុជា៕